មេរៀន​​ជោគជ័យ​​ពី​ ឌែល (DELL)

/ អ្នកទស្សនា៖ 90

អ្នកប្រើប្រាស់កុំព្យូទ័រភាគច្រើន ពិតជាបានស្គាល់ម៉ាកកុំព្យូទ័រ DELL។ តែមានមួយចំនួនពិតជា មិនបានដឹងទេថា នរណាជាស្ថាបនិក នៃក្រុមហ៊ុនមួយនេះ។ លោក មៃឃឹល ឌែល (Michael Dell) កើតនៅឆ្នាំ ១៩៦៥ នៅរដ្ឋតិចសាស សហរដ្ឋអាមេរិក បានផ្តើមបង្កើតក្រុមហ៊ុនឌែល ក្នុងឆ្នាំ ១៩៨៤ ដោយមានមហិច្ឆតាធំធេង គឺប្រកួតប្រជែងជាមួយ ក្រុមហ៊ុនយក្ស IBM។

កាលពីនៅវ័យកុមារ ឌែលជាមនុស្សចូលចិត្តកុំព្យូទ័របំផុត។ ឌែលតែងតែលួចគេចសាលា ដើម្បីចូលរួមស្តាប់សន្និសីទកុំព្យូទ័រថ្នាក់ជាតិ។ ឌែលបានសុំឲ្យឪពុកខ្លួន ទិញកុំព្យូទ័រឲ្យខ្លួន ជាអំណោយថ្ងៃខួបកំណើត ១៥ ឆ្នាំ។ ឌែលបានសំលឹងមើលឃើញ ប្រាក់ចំណេញដ៏ច្រើនពីការលក់កុំព្យូទ័រ។ ឌែលតែងតែពិចារណាថា អ្នកលក់កុំព្យទ័រអាចរក ប្រាក់ចំណេញបានយ៉ាងច្រើន ពីការលក់កុំព្យូទ័រ ទោះបីពួកគេដឹងតិចតួច អំពីបច្ចេកវិទ្យាកុំព្យូទ័រក៏ដោយ។ ចំណែកឯតម្រូវការប្រើប្រាស់កុំព្យូទ័រវិញ មានទំហំធំក្រៃលែង ហើយអ្នកប្រើប្រាស់កុំព្យូទ័រភាគច្រើន ទិញកុំព្យូទ័រ ដោយមិនតថ្លៃស្មុគ្រស្មាញច្រើន។

ជានិស្សិតឆ្នាំទីមួយ នៃសាកលវិទ្យាល័យតិចសាស សហរដ្ឋអាមេរិក ឌែលតែងចំណាយពេលក្រៅម៉ោងសិក្សា ទៅផ្តល់សេវាកម្មលើកកំពស់ បច្ចេកវិទ្យាកុំព្យូទ័រឲ្យអ្នករកស៊ី។ ដោយសារបញ្ហានេះ ធ្វើឲ្យការសិក្សារបស់ឌែល មិនសូវទទួលលទ្ធផលល្អ។ ឪពុករបស់ឌែលខឹងនឹងឌែលជាខ្លាំង ទើបចង់រឹបអូសយកកុំព្យូទ័ររបស់ឌែល ទុកទាំងអស់ ដើម្បីឲ្យឌែលផ្ចង់អារម្មណ៍ តែលើការសិក្សា។ ឪពុកឌែលសួរទៅឌែលថា “ចូរកំណត់អាទិភាពក្នុងជីវិត តើកូនចង់បានអ្វីឲ្យពិតប្រាកដ?” ឌែលឆ្លើយទៅកាន់ឪពុកវិញថា “ខ្ញុំចង់ប្រកួតប្រជែងជាមួយ IBM” ។

ចាប់តាំងពីផ្តើមអាជីវកម្មកុំព្យូទ័រមក ឌែលបង្ហាញឲ្យឃើញពីយុទ្ធសាស្ត្រប្លែកគេ។ យុទ្ធសាស្ត្រដ៏ល្បីល្បាញមួយរបស់ឌែល គឺ Direct from Dell ទិញដោយផ្ទាល់ពីឌែល។ ឌែលជឿថា គេអាចលក់ដូរកុំព្យូទ័រដោយផ្ទាល់ ពីអ្នកផលិតទៅកាន់អ្នកប្រើប្រាស់ ដោយមិនចាំបាច់មានអន្តរការី (ឈ្មួញកណ្តាល) ។ ដើម្បីអនុវត្តន៍នូវយុទ្ធសាស្ត្រនេះ ឲ្យបានជោគជ័យ ឌែលបានផ្តល់នូវសេវាកម្មអតិថិជន ក្រោយពេលលក់កុំព្យូទ័ររួច។ ទោះបីមានបញ្ហាបច្ចេកទេសអ្វីក៏ដោយ  បុគ្គលិករបស់ឌែល នឹងទៅដល់ផ្ទះអតិថិជនភ្លាម។ តាមរយៈការកាត់ មិនឲ្យមានឈ្មួញកណ្តាល ឌែលអាចសន្សំសំចៃថ្លៃដើម បានយ៉ាងច្រើនលើសលប់។ ក្នុងឆ្នាំ ១៩៨៦ ពោលគឺបីឆ្នាំក្រោយ ពីបង្កើតក្រុមហ៊ុន ចំណូលពីការលក់របស់ឌែល កើនដល់ ៦០លានដុល្លារ។

មេរៀនជោគជ័យពីឌែល

គិតខុសគេ ៖ មនុស្សទូទៅប្រាប់ឌែលថា ការលក់ដោយផ្ទាល់ពីអ្នកផលិតទៅអ្នកប្រើប្រាស់ មិនអាចធ្វើទៅកើតទេក្នុងទ្រង់ទ្រាយធំ។ តែឌែលនិយាយថា “ជារឿងសប្បាយចិត្ត ដែលធ្វើកិច្ចការ ដែលអ្នកដទៃគិតថា ទៅមិនរួច ឬមិនទំនង”។

កំណត់គោលដៅខ្ពស់ ដែលអាចនឹងសម្រេចទៅបាន ៖ នៅចុងឆ្នាំ ១៩៨៦ ក្រុមហ៊ុនបានកំណត់គោលដៅ លក់ឲ្យបាន ១ពាន់លានដុល្លារ ត្រឹមឆ្នាំ១៩៩២ និងពង្រីកខ្លួនជាអន្តរជាតិ។ ដល់ឆ្នាំ១៩៩២ ក្រុមហ៊ុនអាចសម្រេចការលក់ច្រើនទ្វេដង លើសពីគោលដៅកំណត់។ ការកំណត់គោលដៅខ្ពស់ ធ្វើឲ្យអ្នករិះរកវិធីសម្រេចឲ្យបាន។ផ្តោតទៅលើលទ្ធភាពដែលអាចនឹងជោគជ័យ ជាជាងផ្តោតទៅលើគូប្រកួតប្រជែង ៖ កុំធ្វើដោយខ្លាច កុំវាស់វែងខ្លួនឯង ដោយធៀបនឹងអ្នកដទៃ ចូរវាស់វែងខ្លួនឯង ដោយប្រើស្តង់ដារនៃភាពល្អឥតខ្ចោះ៕

ប្រភព៖ khmertalking

loading...

មតិយោបល់