លោក​ Duterte: ​ចៅហ្វាយ​ក្រុង​ជាច្រើន​នាក់មាន​ឈ្មោះ​ក្នុង​បញ្ជី​ស្បែក​ឆ្កែ​របស់ខ្ញុំ


/ អ្នកទស្សនា៖ 213

ប្រធានាធិបតី​ ហ្វីលីពីន ​លោក​ រ៉ូទ្រីកូ ឌូតឺតេ ​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​មនុស្ស​ប្រមាណ ​៥​ ពាន់​ ទៅ​មួយ​ម៉ឺន​នាក់​ ដែល​​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ថ្នាំញៀន ក្នុង​នោះ​មាន​ មន្ត្រី​សាធារណ​ ប៉ូលិស​ រហូត​ដល់​អភិបាល​រដ្ឋ ​និង​អភិបាល​ក្រុង​ជាច្រើន​រូប​ ដែល​ជា​បញ្ជី​ឈ្មោះ​​ដែល​​សម្រេច​ចុងក្រោយ ។​

លោក​ ឌូតឺតេ ​បញ្ជាក់​ថា​ លោក​នឹង​កោះហៅ​អភិបាល​ក្រុង​ទាំងឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​ ហើយ​និយាយ​គ្នា​ជា​លក្ខណ​ឯកជន ​ប៉ុន្តែ​អភិបាល​ក្រុង​ទាំង​អស់​ត្រូវ​ពិនិត្យ​ទៅ​លើ​បញ្ជី​នោះ​ តើ​មាន​ឈ្មោះ​ខ្លួន​ឯង​ដែរ​ឬ​ទេ ​ហើយ​ប្រសិន​បើ​មាន​ឈ្មោះ​ អ្នក​ទាំង​នោះ​នឹង​មាន​បញ្ហា ។​ ប្រធានាធិបតី​ ហ្វីលីពីន​ បញ្ជាក់​ថា​ លោក​នឹង​ប្រគល់​បញ្ជី​ឈ្មោះ​មនុស្ស​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​ទៅ​តុលាការ​កំពូល​ ព្រឹទ្ធសភា​ និង​សភា​តំណាង​រាស្ត្រ​ ដើម្បី​ឲ្យ​ស្ថាប័ន​ទាំង​នោះ​គាំទ្រ​ដល់​​ប្រតិបត្តិការ​ប្រឆាំង​ថ្នាំញៀន ។​

ក្នុងចំណោម​មនុស្ស​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ មាន​អតីត​អភិបាល​ក្រុង​ អ៊ីលីកាន់​ (Iligan) ​អតីត​អ្នក​ដំណាង​ទីក្រុង ​អ៊ីលីកាន់​ និង​អតីត​អភិបាល​ក្រុង​ លូកេត​ (Lugait) ​ជា​អ្នក​ដែល​ត្រូវ​បាន​គេ​ហៅ​ទៅ​សាកសួរ​ ប៉ុន្តែ​អ្នក​ទាំង​នោះ​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់ ​និង​ស្នើ​ជួប​ផ្ទាល់​ជាមួយ​លោក​ប្រធានាធិបតី ។​

ទោះ​យ៉ាងណា​ លោក​ ឌូតឺតេ ​បាន​សុំ​អភ័យទោស​ចំពោះ​មន្ត្រី​ ៣​ រូប ​ដោយសារ​ការ​យល់​ច្រឡំ​ ដោយ​​ត្រូវ​បាន​គេ​​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​មនុស្ស​ជាប់​ពាក់​ព័ន្ធ​ថ្នាំញៀន ។ ប៉ូលិស​ ហ្វីលីពីន​ ធ្លាប់​បាន​សម្លាប់​អភិបាលក្រុង​ អាល់ប៊ូរ៉ា​ (Albuera) ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​នាក់ ​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​សង្គ្រាម​ប្រឆាំង​ថ្នាំញៀន​របស់​លោក ​ឌូតឺតេ ។​

2

ប្រភព kqube

loading...

មតិយោបល់