លោក ថៃ នរៈសត្យា ថាមិនអន្តរាគមន៍លើ ករណីកូនប្រុសត្រូវគេចាប់ខ្លួនទេ

/ អ្នកទស្សនា៖ 417

ភ្នំពេញ ៖ ការិយាល័យប្រឆាំងគ្រឿង ញៀនសហការជាមួយក្រុមអន្តរាគមន៍ បង្ការ និងបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចាប់ខ្លួនជនសង្ស័យ៦ នាក់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនដែលក្នុងនោះក៏មានតារាសម្តែង ថៃ នរៈពិទូ រួមទាំងប្រពន្ធឈ្មោះ អោក រតនៈ ប៉ុណ្ណិកា ផងដែរ ។

លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលជា ឪពុករបស់អតីតតារាសម្តែង ថៃ នរៈពិទូ បានថ្លែងថា លោកមិនការពារកូនប្រុស តាមរូបភាពអន្តរាគមន៍ណាមួយនោះទេដោយលោកនឹងទុកឲ្យតុលាការជាអ្នក សម្រេចតាមនីតិវិធីចុះ ។ការបញ្ជាក់បែបនេះត្រូវបានធ្វើឡើងក្រោយពីករណីចាប់ខ្លួនអតីត Freshie Boy លេខ១ឆ្នាំ២០០៧ លោក ថៃ នរៈពិទូ រួម ទាំងប្រពន្ធ និងបក្ខពួកកាលពីល្ងាចថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៧ នៅទីតាំងខារ៉ាអូខេ មួយកន្លែងលើទឹកដីខេត្តបាត់ដំបងដែល ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ។

លោក ថៃ នរៈសត្យា បានថ្លែងថា កូនៗ គឺម្តាយឪពុកបង្កើតបានតែរូបរាងកាយ និងព្យាយាមអប់រំណែនាំឲ្យដើរក្នុងផ្លូវល្អ ប៉ុន្តែចិត្តគំនិតលោកមិនអាចគ្រប់គ្រងនិងបង្កើតបាននោះទេ។ លោកថា ទឹកចិត្តឪពុកបាន ត្រឹមតែអាណិត តែបើឲ្យលោកទៅធ្វើអី្វ ខុសនឹងច្បាប់លោកមិនធ្វើទេ ហើយលោកទុកសិទ្ធិឲ្យតុលាការដោះស្រាយតាមនីតិ វិធីទៅចុះ ។

លោកបញ្ជាក់ថា កន្លងមកលោកមិន បានដឹងអំពីកូនប្រុសដែលលង់ខ្លួនជួញដូរគ្រឿងញៀននេះទេព្រោះតែ ថៃ នរៈពិទូ មិនបានស្ថិតក្រោមបន្ទុករបស់លោក ពោល គឺក្រោយពីកូនប្រុសរៀបការជាមួយភរិយាគេរួចមកក៏បានចាកចេញពីលោកទៅ។ លោកក៏មិនមានគម្រោងជួយធ្វើអន្តរា គមន៍ណាមួយជួយដល់កូនប្រុសពីការ ចោទប្រកាន់នោះដែរ។ លោកបន្តថា រឿងនេះគ្មានឪពុកម្ដាយណាចង់ឲ្យកូនធ្វើនិង ចង់ឃើញកូនទទួលរងភាពអាម៉ាស់ដូច្នេះទេ។ លោកសុំមិនធ្វើអត្ថាធិប្បាយច្រើនទេជុំវិញបញ្ហានេះព្រោះតែខ្លាចខុសទៅនឹង នីតិវិធីរបស់មន្ត្រីមានសមត្ថកិច្ច និងមន្ត្រី តុលាការ ហើយលោកក៏មិនមានគម្រោងចុះទៅជួបកូនប្រុសផ្ទាល់នៅខេត្តបាត់ដំបង នោះដែរព្រោះតែលោកមានភារកិច្ចត្រូវ បំពេញច្រើន ។

គួរបញ្ជាក់ថា ការិយាល័យប្រឆាំងគ្រឿង ញៀនសហការជាមួយក្រុមអន្តរាគមន៍ បង្ការ និងបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចាប់ខ្លួនជនសង្ស័យពាក់ ព័ន្ធនឹងការជួញដូរគ្រឿងញៀន៦នាក់ក្នុង នោះមានទាំងអតីតតារាសម្តែង ថៃ នរៈពិទូ និងប្រពន្ធឈ្មោះ អោក រតនៈប៉ុណ្ណិកា ផង ដែរ។ វត្ថុតាងមានថ្នាំញៀនប្រភេទកេតាមីន ( Ketamine) ចំនួន៣កូនថង់ទម្ងន់០,៨៨ ក្រាមឧបករណ៍(ពុម្ព) សម្រាប់កែច្នៃថ្នាំ ញៀនអុីចស្តាស៊ីចំនួន២ថ្នាំអំពូលDiaze-pam ចំនួន២អំពូល ថ្នាំគ្រាប់Zepamចំនួន ១៦បន្ទះដែកកេះចំនួន៣ គម្របដបកែច្នៃសម្រាប់ជក់ថ្នាំញៀន១ បំពង់ទុយយោបឺត ១ដុំ ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ក្រដាសអាលុយមីញ៉ូម១ដុំនិងសំបកថ្នាំ មួយចំនួនទៀត ៕

ប្រភព៖ nokorwatnews

loading...

មតិយោបល់