លោក​គ្រូ​លី​បង្ហាញ​ការ​​ពិបាក​ចិត្ត​ និង​ព្រួយ​បារម្ភ​កូន​ក្រុម​ខ្លាំង​ថា​ជា​ស្ថាន​ភាព​ដ៏​អាក្រក់​បំផុត

/ អ្នកទស្សនា៖ 447

ក្រោយ​ការ​ប្រកួត​មិត្តភាព​ ដែល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ បាន​យក​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន​២​ទល់​០​កាល​ពី​ល្ងាច​ម្សិលមិញ​ លោក​គ្រូ​លី តែហ៊ុន ​បាន​បង្ហាញ​អារម្មណ៍​ពិបាក​ចិត្ត​ និង​បញ្ជាក់​ពី​ស្ថាន​ភាព​ដ៏​លំបាក​បំផុត​ ពេល​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ទៅ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ខ្លាំង​អារ៉ាប៊ីសាអ៊ូឌីត​។

ទោះ​បី​ក្រុម​កម្ពុជា​ បាន​ឈ្នះ​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ​នេះ​ពិត​មែន ​តែ​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង ​បាន​និយាយ​ថា​ ការ​រៀប​ចំ​ក្រុម​លើក​នេះ​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​បំផុត​ សម្រាប់​គាត់​ហើយ​លើក​នេះ ​គឺ​ជា​ការ​រៀប​ចំ​ឡើង​វិញ​ទាំង​ស្រុង។ ការ​ប្រមូល​ផ្ដុំ​ហ្វឹក​ហាត់​មិន​បាន​ជុំ​គ្នា​អស់​ កីឡាករ​មាន​បញ្ហា​ច្រើន​ ទោះ​យ៉ាង​ណា​គាត់​ខិតខំ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ស្រោចស្រង់​ក្រុម​ដែល​នៅ​សល់​។

“ ការ​រៀប​ចំ​ក្រុម​លើក​នេះ​គឺ​ពិត​ជា​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដ៏​អាក្រក់​បំផុត​ហើយ​ ​តែ​ការ​ប្រកួត​នេះ​ពួក​យើង​លេង​បាន​ល្អ។ ពួក​យើង​បាន​ជួប​ជុំ​គ្នា​តែ​ម្ដង​គត់​ តែ​ហ្វឹក​ហាត់​មិន​ជុំ​គ្នា​ទេ​ ។ លើក​នេះ​យើង​មាន​កីឡាករ​ក្មេង​ៗ​ច្រើន​ហើយ​ខ្ញុំ​នឹង​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ។”

ពេល​សួរ​ថា​តើ​រំពឹង​ដូច​ម្ដេច​ពេល​ជួប​អារ៉ាប៊ីសាអ៊ូឌីត ​ព្រោះ​ពួក​គេ​ជា​ក្រុម​ខ្លាំង​លំដាប់​អាស៊ី ​និង​ធ្លាប់​ជា​ម្ចាស់​ជើង​ឯក​ទ្វីប​អាស៊ី​ ? ហើយ​លោក​គ្រូ​លី​បាន​តប​ថា​៖” ពិត​ណាស់! ពួក​គេ​ជា​ក្រុម​ខ្លាំង​មាន​សមត្ថភាព​ប្រហែល​ជប៉ុន កូរ៉េខាងត្បូង​ អ៊ីរ៉ង់។ ខ្ញុំ​ពិត​ជា​ពិបាក ​​ខ្ញុំ​មាន​អារម្មណ៍​ថា​អាក្រក់ណាស់​ ខ្ញុំ​មិន​ដឹង​ថា​មាន​អ្វី​​កើត​ឡើង​ទេ មាន​តែ​ការ​ខំប្រឹង​រក្សា​តុល្យភាព​ក្រុម​ប៉ុណ្ណោះ។”

សូម​បញ្ជាក់​ថា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អារ៉ាប់​រួម​កាល​ពី​ព្រឹក​មិញ​ហើយ ​ដើម្បី​ទៅ​ប្រកួត​នៅ​ថ្ងៃ​ទី​១៤​ មករា​ខាង​មុខ៕

ប្រភព៖ kqube

loading...

មតិយោបល់