ថៃ នរៈសត្យា មិន​​ការពារ ​​ថៃ នរៈ​​វិទូ រឿង​​​​ពាក់ព័ន្ធ​គ្រឿង​ញៀន

/ អ្នកទស្សនា៖ 1,822

ក្រោយ​ការ​ចាប់ខ្លួន​លោក ​ថៃ នរៈវិទូ ជាអតីតតារា​សម្ដែង ​​និងជាអតីត​ហ្វ្រេស៊ី ​លោក​ថៃ នរៈសត្យាជា​​​ឪពុក ដែលមាននាទី​ជា​​​រដ្ឋលេខាធិកា​របស់​ក្រសួង​​វប្បធម៌ និង​វិចិត្រ​​សិល្បៈ ​បានអះអាងថា​​​លោកមិន​​លូកដៃ​​​ក្នុងរឿង​កូនប្រុស​ត្រូវ​តុលាការ​ខេត្ត​ បាត់ដំបង​​​ចោទប្រកាន់​ពីបទ​​​​ពាក់ព័ន្ធ​​​​រឿង​គ្រឿង​ញៀន​នៅ​នោះ​​ឡើយ។ យ៉ាងណាមិញ លោកថា​ទឹកចិត្ត​ជា​ឪពុក គឺអាណិត ហើយ​​ឈឺចាប់​​​​​​ តែ​មិនអាច​ល្មើស​ច្បាប់​​​​​បណ្ដាលឲ្យមានការ​រិះគន់នោះឡើយ។

​​​លោក​បាន​ផ្ដល់សម្ភាសន៍​ថា ​លោកមិនបានដឹង​រឿង​​​ពាក់ព័ន្ធ​នឹង​រឿង​កូនប្រុស​ ភ្លើត​ភ្លើន​រហូត​​​​​​​​​​​បាន​ក្លាយជា​បក្សពួក​របស់​​ក្រុម​​អ្នកជួញដូរ​ គ្រឿង​ញៀន​នៅខេត្ត​បាត់ដំបង​នោះទេ ដោយសារតែ​ពេលកន្លងមក​​​​លោក និ​​​ង​​លោក ថៃ ​នរៈវិទូ ​ជា​កូនប្រុស ​​​​​​ស្ថិត​នៅ​ក្រៅ​បន្ទុកពីគ្នា​​​ចាប់តាំង​ពី​​​​​​លោករៀប​​​ការ​​​ ឲ្យកូនប្រុស​មានគ្រួសាររៀង​ខ្លួន។ លោកថា​​ការងារ​រវល់ គឺជាមូលហេតុដែល​មិនអាច​ឲ្យ​លោក​បានដឹង​ស៊ីជម្រៅ​ពាក់ព័ន្ធ​នឹង​​​​រឿង​ កូនប្រុស ប៉ុន្តែ​លោក​ក៏មិនបាន​ប្រកែក​​ថា​​​លោក ថៃ នរៈវិទូ ​រង​ការ​ប្រកាន់ ហើយ​​​មិនបានពាក់ព័ន្ធ​នឹងរឿងជួញ​ដូរ​គ្រឿង​ញៀន​នោះឡើយ។ លោកថា ​មិនមានគម្រោង​​​ជួយ​ដោះ​កូនប្រុស​ពីការ​ចោទប្រកាន់​នោះទេ បើទោះជា​លោក​មាន​​​​​​​​​​​​​​នាទី​ជាមន្ត្រី​​ដែលមាន​ឥទ្ធិពលម្នាក់​នៅ​​​ ក្នុង​ក្រសួង​មួយ។ ​ លោកនិយាយថា៖«​​​ទឹកចិត្ត​​ឪពុក​បានត្រឹមតែ​អាណិត ​តែ​​បើឲ្យខ្ញុំទៅធ្វើអី​​ខុស​នឹង​ច្បាប់​​​ខ្ញុំមិនធ្វើទេ ខ្ញុំ​​ទុកសិទ្ធិអោយ​​​តុលាការ​គាត់ដោះស្រាយ​​ ​ធ្វើ​មិច​បើ​កូន​​យើង​​ចឹង​​!»។

​លោក​បដិសេធ​ឡើង​ទៅ​ខេត្ត​បាត់ដំបង ​ទៅ​​មើលកូនប្រុស​ដែលត្រូវ​​​​​​​​អាជ្ញាធរ​ចាប់ខ្លួន​​​ ​​ដោយថា​វត្តមានរបស់​លោកនឹងអាច​ធ្វើឲ្យចំណាត់​ការ​ផ្លូវ​ច្បាប់​មានភាព​ ស្ទាក់ស្ទើរ ឬទើស​ទាល់​សម្រាប់​ក្រុម​សមត្ថកិច្ច​។ ​​​លោកថា ​ខ្លួន​បាន​ត្រឹមតែ​មាន​តំណាង​គ្រួសារ​ឡើង​ទៅមើល​​​​​​​ដើម្បី​ ជួយលើកទឹកចិត្ត​ដល់​កូនប្រុស​កុំឲ្យឯកោ​ប៉ុណ្ណោះ តែ​​សម្រាប់​​​​​​​​​​​​​​វិធានការ​​​​​ការពារ​កូនប្រុស​អោយ​នៅ​ក្រៅឃុំ​គឺ​ លោកមិនធ្វើ​នោះទេ ដើម្បី​បញ្ចៀស​នូវ​ការ​រិះគន់​​​។

លោកនិយាយថា៖ «​លូវ​ហ្នឹង​​ខ្ញុំមានការ​ទៅ​ប្រជុំនៅ​ខេត្ត​ ផ្សេង ​​រឿង​ហ្នឹង​ប្រហែលគ្រួសារ​ខ្ញុំ(ប្រពន្ធ កូន) ​ទៅ​​​​​​មើល តែ​​មិនមែនទៅដោះស្រាយ​ទេ គឺ​​យើង​ទុកអោយច្បាប់​​​​​គាត់ចាត់ចែង ​​​​សម្រាប់ខ្ញុំជា​ឪពុក​​​ ខ្ញុំ​អត់ចង់ឃើញ​កូន​​ត្រូវ​​​ជាប់ឃុំចឹងទេ​ ហើយក៏រឹត​មិនចង់​​​អោយ​កូនប្រុស​​​​​ស្អុយ​ឈ្មោះ​ចឹងទៀត តែ​ធ្វើមិច​​បើ​​​​​​ច្បាប់​​​​រកឃើញ​ចឹង​ ចឹង​​យើង​រង់ចាំ​​​​​​​​​ស្ដាប់​ការ​ដោះស្រាយ​​របស់​​​ច្បាប់​វិញ ​​​​​យើងអត់​​​​ទៅធ្វើអ្វី​លើស​ពី​និតិវិធីច្បាប់​បាន​ទេ​!»។ ​​

លោកមិនហ៊ានរំពឹងថា​លោក ថៃ នរៈវិទូ ​​រួច​ផុត​ពីការ​ចោទ​ប្រកាន់នោះទេ ​បន្ទាប់ពីខាង​សមត្ថកិច្ច​រកឃើញ​​​​​​ជន​​ពាក់ព័ន្ធ​​​គ្រឿង​ញៀន​មួយ​ក្រុម​ ធំនៅ​ខេត្ត​​​បាត់ដំបង​​​​មានគ្នា​​​៦​នាក់ ហើយ​​ក្រោយសារភាព​​​​​​គឺ​​​លោកថៃ នរៈវិទូ ​​ក៏ជា​​​​​​​​​បក្ស​ពួក​​ក្នុង​​​​​រឿង​​ប្រើប្រាស់ និងចែកកចាយ​គ្រឿង​ញៀនម្នាក់ដែរ។ ​លោកនិយាយថា៖ ​​«​​​​ខ្ញុំអត់ដឹងថា​​​​គេ​(ថៃ​ នរៈវិទូ) ធ្វើ​អីខ្លះ​ទេរាល់ថ្ងៃ ​តែខ្ញុំ​អត់ថា​​​​​​​​​កូនខ្ញុំ​ត្រូវទេ ចាំ​​មើលនិតិវិធីច្បាប់សិន!»។

យោងតាមព័ត៌មានចុះផ្សាយ គឺ​​​លោក ថៃ​​ នរៈវិទូ និង​បក្ស ពួក​ត្រូវ​បាន​​​​​​​​មន្ត្រី​ប៉ូលីស​​​​​ខេត្ត​បាត់ដំបង​​​ចាប់បាន​​​កាលពី ​​​រសៀលថ្ងៃទី​​​១០ខែមករា ​​​នៅ​ក្នុង​​ហាងមួយ​​​​ ក្រោមការ​ដឹកនាំដោយ​ លោក ប៉ង់ ចាន់សុយុទ្ធារា ​មន្ត្រីជាន់ខ្ពស់​​​បង្រ្កាប​គ្រឿង​ញៀននៅខេត្តបាត់ដំបង។ព័ត៌មានផ្សាយថា ទីតាំងខារ៉ាអូខេយីហោ ដឺសោន ហ្វាមីលី (The Sound Family KTV) ត្រូវបានប៉ូលិសចុះបង្ក្រាប ហើយបានរកឃើញសារធាតុញៀនជាច្រើន និង​មនុស្សពាក់ព័ន្ធចំនួន​​​៦​នាក់។

លោក ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា ជនសង្ស័យចំនួន៦នាក់ គឺទី១ឈ្មោះ ហេង យូសុង ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី២ឈ្មោះ ថៃ នរៈពិទូ (អតីតតារាសម្ដែង) ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិអូរឬស្សី២ ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ។ ទី៣ឈ្មោះ ភា ប៊ុនហេង ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី៤ឈ្មោះ ហាប់ សុវត្ថិ ភេទប្រុសអាយុ២៩ឆ្នាំរស់នៅក្រុងបាត់ដំបង។ ទី៥ ឈ្មោះ អោក រតនះ ប៉ុណ្ណិកា ភេទស្រីអាយុ២៧ឆ្នាំរស់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង ទី៦ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រីអាយុ២៧ឆ្នាំស្នាក់នៅបន្ទប់ជួល ក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង គឺជាមុខសញ្ញាដែលជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនទាំងនោះ។ លោកថា វត្ថុតាងដែលដកហូតបានរួមមាន ថ្នាំញៀនប្រភេទកេតាមីន(KETAMINEខេ) ៣ថង់ ទម្ងន់០,៨៨ក្រាម។ ឧបករណ៍ (ពុម្ភ) សំរាប់កែច្នៃថ្នាំញៀនអ៊ិស្តាស៊ីចំនួន២។ ថ្នាំអំពូលDiazepam ២អំពូល ថ្នាំគ្រាប់ ZEPAM ១៦បន្ទះ និងសម្ភារះវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

លោក ស៊ាន សុណាល់ ថា លោក ថៃ នរៈវិទូ និងជនសង្ស័យដែលត្រូវចាប់បាន៥រូបទៀត នឹងប្រឈមជាប់ពន្ធនាគារ ប្រសិនបើរកឃើញថាពិតជាជាប់ពាក់ព័ន្ធលើករណីចែកចាយគ្រឿងញៀនដូចអ្វីដែលបានចោទប្រកាន់។ អ៊ីចឹងហើយទើបម្នាក់ៗមានការ​កោត​សរសើរ​​ បន្ទាប់ពី​លោក​ថៃ នរៈសត្យា ជា​​មន្ត្រី​ជាន់ខ្ពស់ ប្រកាស​ថា​មិន​​​​​​​​​​ការពារ​​កូនប្រុស​ក្រោយការ​ចាប់ខ្លួន ​​​​​​​ហើយទុកអោយច្បាប់​ដោះស្រាយ៕

ប្រភព៖ vodhotnews

loading...

មតិយោបល់