អាថ៌កំបាំងដើម្បីសម្រេចគោលដៅធំបំផុតបានឆាប់រហ័ស

/ អ្នកទស្សនា៖ 304

ការសិក្សា​ស្រាវជ្រាវ​បានរកឃើញ​ថាការកំណត់គោលដៅច្បាស់លាស់មានភាពចាំបាច់ណាស់ ​ដើម្បីអ្នកមានកំលាំងចិត្តសម្រេចគោលដៅនោះ។ ហើយប្រសិនបើ​អ្នកមិនដឹងរបៀបទៅឱ្យដល់គោលដៅនោះទេ មានន័យថាអ្នកក៏មិនស្គាល់គោលដៅនោះច្បាស់ដែរ។ នៅទីបំផុត កង្វះខាតភាពច្បាស់លាស់គឺជាមូលហេតុ​ ដែលធ្វើឱ្យមនុស្សជាច្រើននាក់សម្រេចសុបិនបានតិចតួចក្នុងជីវិត។ ធ្វើយ៉ាងណា​ទើប​អ្នកអាចស្វែងរកភាពច្បាស់លាស់​នៃ​គោលដៅបាន? មនុស្សជោគជ័យបានប្រើប្រាស់​វិធីសាស្រ្តខាងក្រោមនេះ​៖

១/ ទទួលស្គាល់អ្វីដែលអ្នកមិនចេះ៖នៅពេលអ្នកជួបរឿងដែលអ្នកមិនចេះ តើអ្នកមានអារម្មណ៍ដូចម្តេច? មនុស្សភាគច្រើន​យល់​ថាអ្វីៗដែលគេមិនដឹងគឺជាការគម្រាមកំហែង ដែលធ្វើឱ្យគេមានភាពអំណត់តិចតួច។ ប៉ុន្តែក៏មានមនុស្សខ្លះបើកចិត្តទូលាយ​ចាំទទួលអ្វីដែលគេមិនចេះនិងមិនដឹងដែរ។ ការសិក្សាស្រាវជ្រាវ​រកឃើញថា​ បើអ្នកពេញចិត្តកាន់តែខ្លាំងនឹងការងារដែលអ្នកកំពុងតែធ្វើ អ្នកនឹងមានភាពអំណត់កាន់​តែច្រើនចំពោះភាពមិនច្បាស់លាស់។ ហើយបើអ្នកពេញចិត្តនិងជឿជាក់លើអ្វីដែលអ្នកកំពុងតែធ្វើ អ្នកនឹងលែងមានអារម្មណ៍ខ្លាចអ្វីដែលអ្នកមិនដឹង។

២/ ស្វែងរកភាពច្បាស់លាស់ឱ្យបានឆាប់៖ប្រសិនបើអ្នក​ចង់សម្រេច​កិច្ចការធំ ផ្លូវដែលអ្នកត្រូវដើរនឹងគ្មានភាពច្បាស់លាស់ទេ។ អារម្មណ៍ដែលត្រូវការភាពច្បាស់លាស់​ និងការភ័យខ្លាចចំពោះអ្វីដែលអ្នកមិនដឹងជាកត្តានាំមនុស្សជាច្រើនឱ្យបោះបង់​ សុបិន​របស់គេចោល។ តាមពិតបើអ្នកជាមនុស្សស្វែងរក​កំណប់ អ្នកនឹងស្វែងរកតម្រុយ​ម្តងមួយៗដែលនាំអ្នកឱ្យទៅកាន់តែជិតគោលរណ្តៅកំណប់នោះ។ ដូច្នេះអ្នកត្រូវចងចាំចំណុចទាំង៤នេះគឺ អ្នកដឹងថាត្រូវធ្វើអ្វី ពេលវេលាដែលត្រូវធ្វើ ឧបករណ៍និងប្រព័ន្ធដែលត្រឹមត្រូវ និងរចនាសម្ព័ន្ធនៃការគាំទ្រ។ បើអ្នកមានចំណុចទាំង៤នេះ អ្នកនឹងមានភាពច្បាស់​លាស់គ្រប់គ្រាន់ដើម្បីបោះជំហានទៅរកគោលដៅជាក់ជាមិនខាន។

៣/ រៀនប្រកបដោយគោលបំណង៖ពេលអ្នកចាប់ផ្តើមរៀនអ្វីម្យ៉ាង អ្នកគួរតែ​មានគោលបំណង។ មានមនុស្សខ្លះព្យាយាមទៅរកការប្រឹក្សាពីអ្នកជំនាញទាំងមិនដឹងច្បាស់ថាខ្លួនគេចង់ដឹងអ្វីឱ្យពិតប្រាកដផង។ អ្នកជំនាញមិនអាចសម្រេចចិត្តជំនួសអ្នកបានទេ ហើយក៏គ្មាននរណាម្នាក់សម្រេចចិត្តជំនួសអ្នកជំនាញបានដែរ។ មានតែខ្លួនអ្នកទេ​ ដែលអាចសម្រេចបានថាអ្នកចង់បានអ្វីពីការហ្វឹកហាត់ឬការរៀនសូត្ររបស់អ្នក។ ដូច្នេះហើយ អ្វីដែលអ្នករៀន​ គួរតែមានទំនាក់ទំនងយ៉ាងច្បាស់លាស់ជាមួយនឹងចំណង់ចំណូលចិត្តនិងគោលដៅជីវិតរបស់អ្នក។ លោក Albert Einstein ធ្លាប់និយាយថាពេលដែលអ្នកធ្វើកិច្ចការអ្វីមួយដោយភាពរីករាយរហូតដល់លែងដឹងថាពេលវេលាកន្លងទៅយូរប៉ុនណា នោះជាពេលដែលអ្នករៀនបានច្រើនបំផុត។

៤/ កំណត់គោលដៅនិងតាមដានទំនួលខុសត្រូវ៖ពេលអ្នករៀនសូត្រចប់រួចរាល់ហើយ អ្នកត្រូវយកចំណេះដឹងនោះទៅអនុវត្តក្នុងទង្វើជាក់ស្តែង។ អ្នកអាចធ្វើបែបនេះបានតាមរយៈការកំណត់គោលដៅធំៗ។ ភាពច្បាស់លាស់​ជាកត្តាបង្កើតកម្លាំងចិត្តឱ្យខិតខំធ្វើការកុំរាថយ ការតាមដានកម្រិតនៃភាពរីកចម្រើនជាកត្តាបង្កើតការស្គាល់ខ្លួនឯងនិងអ្វីដែលកំពុងតែធ្វើ ហើយការរៀបចំរបាយការណ៍ការងារគឺជាកត្តាបង្កើតទំនួលខុសត្រូវ។ បើអ្នកមានកត្តាទាំង៣នេះ អ្នកទៅដល់​គោលដៅបានយ៉ាងឆាប់៕

ប្រភព៖ thephnompenhtimes

loading...

មតិយោបល់