បង្ហាញ​មុខ​ក្រុម​ចោ​រ​AK​៨​នាក់​ ខណៈ​៣​នាក់​ទៀត​កំពុង​នៅ​ក្រៅ​សំណាញ់​ច្បាប់​ (វីដេអូ)

/ អ្នកទស្សនា៖ 118

រាជធានី​ភ្នំពេញ៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៧​នេះ ​បង្ហាញ​មុខ​ក្រុម​ចោរ​ប្រដាប់​ដោយ​អាវុធ AK ៨​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ចូល​ប្លន់​បាញ់​សម្លាប់​ បង​ប្អូន​ជីដូន​មូយ​ របស់​ថៅកែ​រោង​ម៉ាស៊ីន​កិន​ស្រូវ ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្តាល​ឲ្យ​ស្លាប់​ក្រោយ​រំលង​បាន​មួយថ្ងៃ ​​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦​កន្លង​ទៅ ​មុន​ពេល​បញ្ជូនជនទាំង​នេះ​ទៅ​​ទៅ​តុលាការ​។

ក្នុង​សន្និសីទ​បង្ហាញ​មុខ​ក្រុម​ចោរ​ប្រដាប់​អាវុធ​ នា​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០១៧​នេះ​ លោក​ឧត្តម​សេនីយ៍ទោ ឡិក វណ្ណៈ អនុ​ប្រធាន​នាយក​ដ្ឋាន នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជាក់​ថា​ ក្រោយ​ទទួល​បាន​ការ​ណែនាំ​ពី​ថ្នាក់​លើ​ ​កម្លាំង​នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​កណ្ដាល​សន្ដិសុខ កម្លាំង​ស្នងការដ្ឋាន​ នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កម្លាំង​នគរបាល​ខេត្ត​កំពង់ស្ពឺ​ និង​មាន​ការ​សម្រប​​សម្រួល​ពី​លោក លី សុផាណា ព្រះរាជ​អាជ្ញារង អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ស្រាវជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ តាំង​ពី​ថ្ងៃ​កើត​ហេតុ​ គឺ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦​ រហូត​ដល់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧ ទើប​កម្លាំង​ជំនាញ​បង្ក្រាប បាន​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​៨​នាក់​ ក្នុង​ចំណោម​បក្ខពួក​១១​នាក់ ហើយ​ក្រោយ​ប្រតិបត្តិការ នគរបាល​ដក​ហូត​បាន អាវុធ AK ចំនួន​៣​ដើម​ គ្រាប់​មួយ​ចំនួន​ធំ និង​សំលៀក​បំពាក់​យោធា ព្រម​ទាំង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត។

​ក្រុម​ចោរ​ប្រដាប់​អាវុធ ដែល​បង្ក្រាប​បាន​ទាំង​៨​នាក់​នេះ ទី​១​ ឈ្មោះ អ៊ី សោភ័ណ្ឌ អាយុ​៣២​ឆ្នាំ, ទី២​ ឈ្មោះ សាត ធីម អាយុ​៣៨​ឆ្នាំ, ទី៣​ ឈ្មោះ ស្វាយ តាក់ អាយុ​៣៨​ឆ្នាំ, ទី៤​ ឈ្មោះ ស៊ុន ប៊ុនធឿន អាយុ​៣៥​ឆ្នាំ, ទី៥​ ឈ្មោះ សួង ធី ហៅឪ អាយុ​៣៥​ឆ្នាំ, ទី៦ ឈ្មោះ អឿន សុផា ហៅ​ផា អាយុ​៣៣​ឆ្នាំ, ទី៧​ ឈ្មោះ ហម ហាន អាយុ​៤៥​ឆ្នាំ និង​ទី៨​ ឈ្មោះ មាស ធីម ហៅ​ធីម​ធំ អាយុ​៣៦​ឆ្នាំ។ដោយ​ឡែក​បក្ខពួក​៣​នាក់​ទៀត ដែល​កម្លាំង​នគរបាល​ជំនាញ​កំពុង​តាម​ប្រមាញ់ ទី​១ ឈ្មោះ ផន សុភ័ណ្ឌ ទី​២​ ឈ្មោះ រ៉ា និង​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​ឈ្មោះ។

​សូម​បញ្ជាក់​ថា ចោរ​ប្លន់​មួយ​ក្រុម​ខាង​លើ​ប្រដាប់​ដោយ​កាំ​ភ្លើង AK បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ ប្រជា​ពល​រដ្ឋ​មួយ​កន្លែង ដែល​ជា​ថៅកែ​រោង​ម៉ាស៊ីន​កិន​ស្រូវ ដោយ​បាន​ចាប់​ជនរងគ្រោះ​ចង និង​យក​ស្កុត​បិទ​មាត់​ជាប់ មិន​ឲ្យ​ស្រែក ព្រម​ទាំង​បាន​បាញ់​ប្រហារ ទៅ​លើ​បុរស​ម្នាក់​ ដែល​ត្រូវ​ជា​បងប្អូន​ជីដូន​មួយ ពេល​រត់​មក​ជួយ ក្រោយ​ឭ​សំឡេង​ស្រែក របស់​ជនរងគ្រោះ ​ហើយ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ផង​ដែរ។

ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅ​យប់​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ២០១​៦​ ស្ថិត​នៅ​ក្នុងភូមិ ព្រៃ​ក្រាយ សង្កាត់​ស្នោរ​ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ​ ហើយ​បុរស​ម្នាក់​ដែល​ក្រុម​ចោរ​បាញ់ ឲ្យ​របួស​ធ្ងន់​នោះ ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៦​ បាន​បាត់​បង់ជីវិត​ ដោយ​ទុក​ប្រពន្ធ និង​កូន​ប្រុស​ស្រី​៣​នាក់៕

2

3

4

 

ប្រភព៖ kqube

loading...

មតិយោបល់