ទីបំផុត​ក្រុមហ៊ុន Nokia លេច​មុខ​ជា​ផ្លូវការ​​ឡើងវិញ​ ​លើ​ទីផ្សារ​​អន្តរជាតិ តាមរយៈ​​​ម៉ូដែល​ថ្មី​​គឺ Nokia 6


/ អ្នកទស្សនា៖ 187

(ហ្វាំងឡង់)៖ ក្រុមហ៊ុន HMD ដែលគ្រប់គ្រងលើស្លាកសញ្ញា Nokia ដែលធ្លាប់ល្បីល្បាញរាប់ទសវត្សរ៍ នៅលើសកលលោក និងបានបាត់មុខលើទីផ្សារ អស់ជាច្រើនឆ្នាំមកហើយនោះ ទីបំផុតបានបញ្ចេញនូវទូរស័ព្ទដៃ ដើរដោយប្រព័ន្ធ Android ផ្តាច់មុខជាលើកដំបូង មានឈ្មោះថា Nokia 6។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនខាងលើ ទូរស័ព្ទដែលនឹងចេញលក់ នៅដើមឆ្នាំ២០១៧ នេះគឺមានគោលដៅ ឆ្ពោះទៅកាន់ទីផ្សារប្រទេសចិន ដែលជាទីផ្សារស្មាតហ្វូនធំជាងគេបំផុត នៅលើពិភពលោក ហើយសម្រាប់ទូរស័ព្ទ ដែលចាត់ទុកជាម៉ូដែលថ្មី ប្រកបដោយការរចនាទាក់ទាញ និងមានបំពាក់នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយនេះ នឹងដាក់លក់ក្នុងតម្លៃ ដ៏ប្រកួតប្រជែងបំផុត គឺ ១,៦៩៩យ័ន ឬស្មើនឹង ២៤៥ដុល្លារសហរដ្ឋអាមេរិក។

លោក Arto Nummela នាយកប្រតិបត្តិនៃក្រុមហ៊ុន HMD Global បាននិយាយថា «យើងព្យាយាមជំរុញល្បឿនទៅមុខ ដើម្បីបង្កើតនូវតួនាទីស្នូលមួយ នៃម៉ាកសញ្ញាស្មាតហ្វូន»។ ក្រុមហ៊ុន HMD មានមូលដ្ឋាននៅទីក្រុង Espoo ប្រទេសហ្វាំងឡង់ ដែលបានទទួលសិទ្ធិគ្រប់គ្រង លើស្លាកសញ្ញា Nokia រយៈពេល ១០ឆ្នាំក្រោយពីស្លាកសញ្ញា ដែលធ្លាប់មានឥទ្ធិពល លើលោកនេះ បានដាច់ចេញពីក្រុមហ៊ុន Microsoft។

គួរបញ្ជាក់ថា លក្ខណៈពិសេសមួយចំនួន នៃ Nokia 6 គឺវាមានបំពាក់បន្ទះឈីប Qualcomm Snapdragon 430 ដែលមាន processor X6 LTE, Ram 4GB, មេម៉ូរីក្នុងម៉ាស៊ីន 64GB, អេក្រង់ 5.5អ៊ីញ (2.5D + FHD), ថាមពលថ្ម 3,000mAh, កាមេរ៉ាធំ 16MP និងដំណើរការដោយប្រព័ន្ធ Android ជំនាន់ចុងក្រោយបំផុត Nougat។ ក្រុមហ៊ុនរំពឹងថា  Nokia 6 នឹងអាចស្តារមុខមាត់ របស់ខ្លួនឡើងវិញ ខណៈដែលវាបានចាប់ផ្តើមខាតបង់ នៅចុងទសវត្សរ៍ឆ្នាំ ២០០០ រហូតមកដល់បច្ចុប្បន្ន៕

ប្រភព៖ khmertalking

loading...

មតិយោបល់