គម្រោង​លំនៅឋាន សម្រាប់​មន្ត្រី​រាជការ មាន​ចំណូល​ទាប និង​មធ្យម បង់​ត្រឹម​៨០ដុល្លារ ក្នុង១ខែ ចាប់​ផ្ដើម​សាងសង់

/ អ្នកទស្សនា៖ 504

គម្រោង​លំនៅឋាន សាធារណៈ មាន​តម្លៃ​សមរម្យ សម្រាប់​គ្រួសារ​មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រី​ចូលនិវត្តន៍ និង​ជន​​ពិការ មាន​ចំណូល​ទាប និង​មធ្យម ដែល​បង់​រំលោះ​ត្រឹម ១ខែ ៨០ដុល្លារ និង​ក្នុងរយៈពេល ២០ឆ្នាំ បាន​ចាប់ផ្ដើម បើក​ការដ្ឋាន​សាងសាង់ ។

ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន សាងសង់​គម្រោង​ផ្ទះ​ល្វែង​នេះ នៅថ្ងៃទី៧ ខែ​មករា ឆ្នាំ២០១៧ ស្ថិត​នៅ​ក្នុង​ភូមិ​កោះគរ ឃុំ​រកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល លោកឧកញ៉ា សៀ រិទ្ធី អគ្គ​នាយក​ក្រុមហ៊ុន វើលដ៍ប្រ៊ិដឡែន ខូ អីលធីឌី បាន​លើកឡើង​ថា គម្រោង​សាងសង់ លំនៅដ្ឋានវគ្គទី១នេះ ខ្ទង់​ចំណាយ របស់​ក្រុមហ៊ុន​ប្រមាណ​ជិត ៦០លានដុល្លារ ហើយ​ក្រុមហ៊ុន ក៏​គ្រោង​បន្ត​គម្រោង​នេះ​ទៀត នៅ​ទីតាំង​ជុំវិញ​ទី​រាជធានី​ភ្នំពេញ ។

លោក​ឧកញ៉ា បាន​បន្ត​ថា “តាម​ពិត​គម្រោង​នេះ មានការ​ពិភាក្សា​រវាង​ក្រុមហ៊ុន និង​រាជរដ្ឋាភិបាល ជា​អទិភាព​យើង​នឹង​ផ្ដល់​ការ​លក់​នេះ ទៅ​មន្ត្រី​រដ្ឋាភិបាល​មុន ប៉ុន្តែ​ទន្ទឹម​នឹង​នេះ យើង​ក៏​មាន​ចំណែក​ខ្លះ នឹង​លក់​ឲ្យ​ប្រជាពលរដ្ឋ ដែល​មាន​ចំណូលទាប និង​មធ្យម​ដូច​គ្នា មិនមែន​ថា​យើង​លក់​ផ្ដាច់​មុខ ឲ្យ​មន្ត្រី​រាជការ គឺ​មិនមែន​ទេ” ។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​មាន​ប្រសាសន៍​ថា ផ្ទះ​ដែល​ចាប់ផ្ដើម សាងសង់​នេះ​មិនមែន ធ្វើ​ឲ្យ​ចេះ​តែ​បាន ធ្វើ​ខ្វះ​គុណភាព តំបន់​នៃ​ការ​អភិវឌ្ឍ​គម្រោង គិតតែ​ពី​ផ្ទះ​ជាប់​គ្នា​រហូត ដូច​សម្បុក​ចាប​នោះ គឺ​មិនមែន​ទេ គឺ​មាន​ផ្លូវ​ហេដ្ឋា រចនា​សម្ព័ន្ធស្រប មាន​សួនច្បារ មាន​សាលារៀន និង​មន្ទីរពេទ្យ​ជាដើម ព្រោះ​ផ្ទះ​នេះ​ធ្វើ​ជា​លក្ខណៈ​សហគមន៍ ។

លោក​បាន​បន្តថា “ខ្ញុំ​ក៏​ទទួល​បាន​រួម​ចំណែក នៅ​ក្នុង​ការ​ការពារ​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុ ឲ្យ​មាន​ផ្ទៃ​បៃតង​នេះ ៥,១ភាគរយយ៉ាងតិច មាន​ទុក​ទីធ្លា មាន​ទីសាធារណៈ ដើម្បី​ជួប​ជុំ​គ្នា​នៅ​ក្នុង​តំបន់​នេះ នេះ​ជា​គោល​បំណង​របស់​យើង” ។ លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន​សង្កត់​ធ្ងន់ថា ការ​លក់​គម្រោង​នេះ មិន​ត្រូវ​មាន​បក្ខពួក និយម​នោះទេ ។

សូម​បញ្ជាក់ថា ការ​បើកលក់ និង​ទទួល​ពាក្យ​ស្នើសុំទិញ លំនៅឋាន​ក្រុមហ៊ុន នឹង​ប្រកាស​បើក​លក់ ជា​សាធារណៈ ក្នុងរយៈពេល២ ទៅ៣ខែខាងមុខ។ ទីតាំង​របស់​គម្រោង តាមបណ្ដោយផ្លុវជាតិលេខ២១ ភូមិ​កោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ត​កណ្ដាល ។ ចំនួន​ផ្ទះ​ដែល​ត្រូវ​ធ្វើ ការ​សាងសង់​មាន ២២៩៧ ល្វែង ចែក​ជា​ពីរ​ប្រភេទ ប្រភេទទី១, មានចំនួន២០២៥ខ្នង និងប្រភេទទី២, ទំហំ៨៤ ម៉ែត្រក្រឡា ចំនួន២៧២ខ្នង លើ​ផ្ទៃ​ដី​សរុប​ចំនួន ២៤ ហិកតា ។ប្រភេទផ្ទះ រួមមាន  ទំហំ៤x១០.៥ម ទំហំផ្ទះ៤x៧ម កំម្ពស់២ជាន់ មានបន្ទប់គេង២ បន្ទប់ទឹក១ , ទំហំដី៦x១០.៥ម ទំហំផ្ទះ៦x៧ម កម្ពស់​ពីរ​ជាន់ មានបន្ទប់គេង៣ បន្ទប់ទឹក៣ , លំហរមុខផ្ទះ១.៥ម៉ែត្រ , លំហរ​ក្រោយ​ផ្ទះ ២ម៉ែត្រ៕

 

3

ប្រភព៖ sabay

loading...

មតិយោបល់