ម្រុម​មិន​មែន​ជា​ថ្នាំ​ព្យាបាល​ទេ ប៉ុន្តែ​​មាន​​ប្រយោជន៍​ច្រើន​ខាង​សុខភាព

/ អ្នកទស្សនា៖ 218

នៅ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​នេះ រុក្ខជាតិ​ម្រុម​​​ត្រូវ​គេ​និយម​​​បរិភោគ​យ៉ាង​ខ្លាំង​ រហូត​មាន​ក្រុមហ៊ុន​ដែល​ផ្តោត​ទៅ​លើ​ការ​លក់ដូរ​ចែកចាយ​រុក្ខជាតិ​នេះ​ជា​លក្ខណៈ​អាជីវកម្ម​ទៀត​ផង។

ម្រុមមាន​ការ​និយម​ច្រើន ទាំង​ក្នុង​ចំណោម​ពលរដ្ឋកម្ពុជានិង​បរទេស​ថែម​ទៀត ដោយ​យករុក្ខជាតិ​នេះ​ ត្រូវ​គេ​ទទួល​ទាន​ជា​បន្លែ​ផង​និង​ប្រើ​ជា​ថ្នាំ​ផង។ ប៉ុន្តែ​ថ្វី​បើរុក្ខជាតិ​នេះ​មាន​ប្រយោជន៍​ច្រើន​ខាង​សុខភាព​ក្តី ក៏​អ្នក​ជំនាញ​ថា​ ម្រុម​មិន​មែន​ជា​ថ្នាំ​ព្យាបាលដោយ​ផ្ទាល់​សម្រាប់​ជំងឺ​ជា​ច្រើន ដូច​ដែល​មាន​ជំនឿ​តៗ​គ្នានោះទេ។

លោក វេជ្ជបណ្ឌិត តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida ថ្លែងយ៉ាង​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA សុខភាព​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ដោយ​លោក​បានលើក​ឧទាហរណ៍​អំពី​ជំងឺ​ទឹកនោម​ផ្អែម​ថា៖

«​បើ​យើង​មាន​ទឹក​នោម​ផ្អែម ហើយ​យើង​លេប​ម្រុម យើង​មិនមែន​ឈប់​ត្រឹម​ហ្នឹង​ទេ។ យើង​ត្រូវ​តែ​បន្ត​ឲ្យ​ពេទ្យ​គេ​មើល​ទៀត ហើយ​យើង​មិន​ត្រូវ​ឈប់លេបថ្នាំឬ​ថ្នាំ​ចាក់​សម្រាប់ទឹក​នោម​ផ្អែម​ទេ។ យើ​អាច​លេប​[ម្រុម]បន្ថែម​ជា​ជំនួយ​ តែ​យើង​មិន​ត្រូវ​បញ្ឈប់​ថ្នាំ​គ្រាប់​ឬ​ថ្នាំ​ចាក់​ទេ‍»។

នៅ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​នេះ រុក្ខជាតិ​ម្រុម​ត្រូវ​គេ​និយម​បរិភោគ​យ៉ាង​ខ្លាំង​ រហូត​មាន​ក្រុមហ៊ុន​ដែល​ផ្តោត​ទៅ​លើ​ការ​លក់ដូរ​ចែកចាយ​រុក្ខជាតិ​នេះ​ជា​លក្ខណៈ​អាជីវកម្ម​ទៀត​ផង។ ក្រៅ​ពី​រស់​ជាតិ​ ប្រជាប្រិយភាព​នេះមួយ​ផ្នែក​ក៏ដោយសារពលរដ្ឋ​ខ្មែរ​ជា​ច្រើន​មាន​ជំនឿ​ថា ការ​បរិភោគ​ម្រុម​អាច​ព្យាបាល​ជំងឺ​មួយ​ចំនួន​ដូច​ជា​ជំងឺទឹក​នោម​ផ្អែម ជំងឺ​លើស​ឈាម រហូតដល់ជំងឺ​សន្លាក់ដៃ​សន្លាក់​ជើង និង​ជំងឺ​រលាក​ក្រពះ​ ជា​ដើម​ទៀត។

លោក​វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង​រូប​នេះ​ថ្លែង​ថា បើ​ថ្វី​បើ​រុក្ខជាតិ​ម្រុម​មិន​មែន​ជា​ថ្នាំ​ដោយ​ផ្ទាល់​ចំពោះ​ជំងឺ​ទាំង​នេះ​ក្តី ក៏​ការទទួល​ទាន​រុក្ខជាតិម្រុម ​អាច​ផ្តល់ផល​ប្រយោជន៍​វេជ្ជសាស្ត្រ​ជា​ច្រើន​ដូច​ជា ​វា​មាន​ជីវជាតិ​ខ្ពស់ មាន​សារជាតិ antioxidant ដែល​ជួយ​ជម្រះ​ជាតិ​ពុល អាច​ជួយ​បញ្ចុះ​កម្រិត​ស្ករ​នៅ​ក្នុង​ឈាម (ជួយ​ដល់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម) និង​ជាតិ cholesterol ហើយជួយ​បន្ថយ​ភាព​រលាក ​ជា​ដើម។​

លោក​ថា ​អ្នក​ប្រើប្រាស់​មិន​ត្រូវ​ច្រឡំផលប្រយោជន៍​ទាំង​នេះរបស់​មុ្រម​ជាមួយ​នឹងឱសថ​ដែល​មានបទដ្ឋាន​ត្រឹមត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ។ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​មិន​ហាម​ឃាត់​ការបរិភោគ​ជា​ប្រចាំដោយ​ប្រុងប្រយ័ត្ន​នោះ​ទេ។

National-Election
លោកវេជ្ជបណ្ឌិត​ តាំង តេកហុង

លោក​ពន្យល់​ថា៖«បើ​យើង​ធ្លាប់​ទទួល​ទាន​ហើយ យើង​បន្ត​ទៀត​ចុះ។ ប៉ុន្តែ​យើង​ត្រូវ​ដឹង​ថា [ផ្នែក​ផ្សេងៗ​នៃ​]ម្រុម​ ​វា​មិន​ដូច​គ្នា​ទាំង​អស់​ទេ។ នៅ​កន្លែង​ខ្លះ​វា​មាន​ប្រសិទ្ធភាព​ កន្លែង​ខ្លះ​វា​ជាតិល្អ កន្លែង​ខ្លះ​វា​មាន​ជាតិ​មិន​ត្រឹមត្រូវ។ ដូច្នេះ​យើង​មិន​អាច​សន្និដ្ឋាន​ថា​ដូច​គ្នា​ទាំង​អស់​ទេ‍»។

លោក​វេជ្ជបណ្ឌិត​ តាំង តេកហុង បញ្ជាក់ថា ករណី​គ្រោះថ្នាក់​មួយ​ចំនួន​នៃ​ការ​បរិភោគ​ម្រុម​រួម​មាន ស្ត្រី​មាន​ផ្ទៃ​ពោះអាច​រលូត​កូន​បើ​ទោះ​បី​ម្រុម​ជួយ​ឲ្យ​កើន​ទឹកដោះ​ក្តី ហើយ ​ការ​ប្រើប្រាស់​ឫស​ម្រុមក្នុង​កម្រិត​ច្រើន​អាចធ្វើឲ្យមាន​ជាតិ​ពុល ដែល​អាច​បង្ក​ឲ្យ​មាន​ពិការភាព​និង​ការ​ស្លាប់​ទៀត​ផង៕

ប្រភព៖ voanews

loading...

មតិយោបល់