តើ​អ្នក​រៀន​ផ្នែក​ចិត្តវិទ្យា​ ​អាច​ធ្វើ​ការងារ​ផ្នែក​អ្វី​បាន​​ខ្លះ​?

/ អ្នកទស្សនា៖ 215

ការ​យល់​ខុស​ជា​ច្រើន​ដែល​មាន​ទៅលើ​សញ្ញាប័ត្រ​ផ្នែក​ចិត្តវិទ្យា ដែល​យល់ថា​សញ្ញាប័ត្រ​នោះ​អាច​យក​មក​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​ទៅលើ​អាជីព ​ការងារ​បាន លុះ​ត្រា​ណា​តែ​អ្នក​នោះ​មាន​សញ្ញាប័ត្រ​អនុបណ្ឌិត និង​បណ្ឌិត​ខាង​ផ្នែក​នេះ។ ពិតប្រាកដ​ណាស់ បើ​អ្នក​មាន​គោលដៅ​ចង់​ក្លាយ​ជា​អ្នក​ចិត្តសាស្ត្រ​ស្រប​ច្បាប់​ម្នាក់ ការ​មាន​នូវ​សញ្ញាប័ត្រ​ទាំង​នោះ​គឺ​ជា​លក្ខខណ្ឌ​មួយ​ដែល​អាជីព​ការងារ​នេះ​ តម្រូវ​អ្នក​ឲ្យ​មាន។ យ៉ាងណាមិញ ត្រឹមតែ​សញ្ញាប័ត្រ​ថ្នាក់​បរិញ្ញាបត្រ ក៏​អ្នក​អាច​ស្វែង​រក​ការងារ​ផ្សេងៗ​បាន​យ៉ាង​ទូលំទូលាយ​ក្នុង​ផ្នែក​នេះ​ផង ​ដែរ។

ជំនាញ​ដែល​ត្រូវ​បាន​បណ្ដុះបណ្ដាល​ក្នុង​មុខ​វិជ្ជា​ចិត្តសាស្ត្រ​នេះ មាន​ការ​ជាប់​ទាក់ទង​គ្នា​នឹង​ផ្នែក​ផ្សេងៗ​នៃ​ការងារ​យ៉ាង​ច្រើន​អនេក​មិន​ នឹក​ស្មាន​ដល់ ដែល​ជំនាញ​ទាំងនោះ​មាន​ដូចជា ជំនាញ​សរសេរ ជំនាញ​ការ​គិត​បែប​សីុ​ជម្រៅ ការ​ប្រាស្រ័យ​ទាក់ទង​មួយ​ទល់​មួយ ឬ​ក្នុង​ក្រុម​តូច​មួយ ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ឥរិយាបថ​របស់​បុគ្គល ឬ​ក្រុម​មួយ និង​ការ​គិត​បែប​ច្នៃប្រឌិត​ផង​ដែរ។ តាមរយៈ​ជំនាញ​ទាំង​នេះ អ្នក​នឹង​អាច​ទាញ​យក​ប្រយោជន៍​ពី​វា​ទៅ​ប្រតិបត្តិ​ដោយ​ផ្ទាល់​ទៅលើ​ការងារ​ ក្នុង​ផ្នែក​ផ្សេងៗ​បាន​ដោយ​ជោគជ័យ​ក្នុង​អាជីព​ការងារ​របស់​អ្នក។ ខាងក្រោម​នេះ គឺ​ជា​ជម្រើស​ការងារ​ដែល​ផ្ដល់​ឲ្យ​សម្រាប់​អ្នក​មាន​បរិញ្ញាបត្រ​ផ្នែក​ ចិត្តសាស្ត្រ​គ្រប់​រូប៖

ភ្នាក់ងារ​ផ្សព្វផ្សាយ៖ ការ​សិក្សា​ពី​ចិត្តសាស្ត្រ នឹង​ត្រូវ​បាន​យក​មក​ប្រើ​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ការងារ​ដែល​ពាក់ព័ន្ធ ​នឹង​ការ​ផ្សព្វផ្សាយ​ទាំងឡាយ ព្រោះ​ការ​ផ្សព្វផ្សាយ គឺ​ជា​វិទ្យាសាស្ត្រ​នៃ​ការ​អូសទាញ​ចិត្ត​មនុស្ស ម្យ៉ាងទៀត វា​តម្រូវ​ឲ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ពី​អតិថិជន​គោលដៅ និង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ផ្សេងៗ​ដើម្បី​ទាក់ទាញ​អតិថិជន​ផង​ដែរ។

អ្នក​ប្រឹក្សា​ការងារ៖ ដោយ​មាន​ចំណេះដឹង​យ៉ាង​សីុ​ជម្រៅ​ទៅលើ​ចិត្តសាស្ត្រ​របស់​មនុស្ស អ្នក​ប្រឹក្សា​ការងារ​នឹង​ត្រូវ​ប្រើប្រាស់​ចំណេះ​របស់​ខ្លួន​នេះ ជួយ​ផ្ដល់​ប្រឹក្សា​ដល់​អ្នក​ស្វែងរក​ការងារ​ទាំងឡាយ​នូវ​ការងារ​ណា​ដែល​សាក ​សម​នឹង​ពួកគេ​បំផុត ដោយ​ជួយ​ពួកគេ​រុករក​ពី​សក្ដានុពល ឬ​ភាព​ខ្លាំង​របស់​ខ្លួន​នេះ​ឯង។

ជំនួយការ​ពិសោធន៍៖ មុខវិជ្ជា​ចិត្តសាស្ត្រ​ត្រូវ​បាន​ហ្វឹកហាត់​ឲ្យ​មាន​ការ​ធ្វើការ​ ស្រាវជ្រាវ​ជាច្រើន ដូច្នេះ​នៅ​ពេល​ពួកគេ​បញ្ចប់​ថ្នាក់​នេះ​មក ពួកគេ​នឹង​អាច​ធ្វើ​ជា​ជំនួយការ​ស្រាវជ្រាវ និង​ពិសោធន៍​ដែល​ធ្វើការ​នៅ​តាម​អង្គភាព​របស់​រដ្ឋ កម្មវិធី​អំពី​ចិត្តសាស្ត្រ​របស់​សាកលវិទ្យាល័យ ឬ​តាម​ផ្នែក​នៃ​ធុរកិច្ច​ឯកជន​ណា​ដែល​ធ្វើការ​សិក្សា​ទៅលើ​ឥរិយាបថ​របស់​ មនុស្ស។

អ្នក​ស្រាវជ្រាវ​ទីផ្សារ៖ អ្នក​សិក្សា​ផ្នែក​ចិត្តសាស្ត្រ​នេះ មាន​ភាព​ស្ទាត់​ជំនាញ​យ៉ាង​ច្បាស់លាស់​ទៅលើ​ការ​វិភាគ​ស្ថិតិ និង​ការ​ប្រើ​វិធីសាស្ត្រ​ដែល​មាន​លក្ខណៈ​បែប​វិទ្យាសាស្ត្រ។ ជំនាញ​ទាំងនេះ​ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង​ណាស់ នៅ​ពេល​អ្នក​យក​ទៅ​ប្រតិបត្តិ​ដោយ​ផ្ទាល់​នៅ​ក្នុង​កិច្ចការ​ស្រាវជ្រាវ​ដែល ​រួម​បញ្ចូល​ទាំង​ការ​ប្រមូល និង​វិភាគ​ទិន្នន័យ ការ​រៀបចំ​ដាក់​ចេញ​នូវ​បែបបទ​សម្រាប់​សម្ភាស និង​ការ​ស្ទង់​មតិ។

អ្នក​តំណាង​ផ្នែក​លក់៖ ពួកគេ​មាន​ការ​យល់ដឹង​ជា​ច្រើន​ទាក់ទង​នឹង​ឥរិយាបថ​របស់​មនុស្ស ដូច្នេះ​ការ​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង និង​ការ​ប្រើប្រាស់​ពាក្យ​និយាយ​ស្ដី​បែប​ណា​ក្នុង​ទំនាក់ទំនង​ដើម្បី​ ផ្លាស់ប្ដូរ​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ប្រកប​ដោយ​ភាព​ជោគជ័យ គឺ​ជា​ជំនាញ​បិុន​ប្រសប់​មួយ​សម្រាប់​ពួកគេ ដែល​ការងារ​ជា​អ្នក​តំណាង​ផ្នែក​លក់​នេះ ពិតជា​សាក​សម​សម្រាប់​ពួកគេ​បំផុត។

អ្នក​និពន្ធ៖ តាមរយៈ​ការ​ឆ្លងកាត់​ការ​ហ្វឹកហាត់​ទៅលើ​ការ​សរសេរ​សំណេរ​អស់​ជាច្រើន​រួច​ មក ពួកគេ​អាច​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​នេះ ដើម្បី​យក​ទៅ​ប្រតិបត្តិ​ក្នុង​ការងារ​ជា​អ្នក​បច្ចេកទេស​ខាង​ផ្នែក​និពន្ធ អ្នក​សរសេរ​របាយការណ៍​សារព័ត៌មាន និង​អ្នក​សរសេរ​ក្រដាស​ផ្សព្វផ្សាយ​ជាដើម៕

ប្រភព៖ bizkhmer

loading...

មតិយោបល់