Bill Gates ពី​អ្នក​សរសេរ​កម្មវិធី​​ក្លាយ​ជា​មហាសេដ្ឋី​​ពិភពលោក


/ អ្នកទស្សនា៖ 219

Bill Gates មាន​ឈ្មោះ​ពេញ​ថា William Henry “Bill” Gates III។ Bill Gates កើត​នៅ​ថ្ងៃ​ទី២៨ ខែតុលា ​ឆ្នាំ១៩៥៥ នៅ​ទីក្រុង Seatle រដ្ឋ​វ៉ាស៊ីនតោន​។ ម្ចាស់​ក្រុមហ៊ុន​ Microsoft រូប​នេះ​​បាន​​ក្លាយ​ខ្លួន​​ជា​មហាសេដ្ឋី​ប្រចាំ​នៅ​សហរដ្ឋ​​អាមេរិក​ និង​ពិភព​លោក​បន្ទាប់​ពី​ក្រុមហ៊ុន​ផលិត​កម្មវិធី​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​ទទួល​ស្គាល់​ជា​សកល​។

ស្ថាន​ភាព​គ្រួសារ និ​ង​ជីវិត​អាពាហ៍ពិពាហ៍

ដើម​ឡើយ​កម្រិត​ជីវភាព​គ្រួសារ​របស់ Bill Gates ស្ថិត​នៅ​ក្នុង​កម្រិត​មធ្យម​។ ​អ្នក​ស្រី ​Mary Maxwell Gates ជា​ម្ដាយ​របស់​ Gates កាន់​មុខ​ដំណែង​​ជា​​ប្រធាន​ក្រុម​ប្រឹក្សា​ក្រុមហ៊ុន First Interstate BancSystem និង United Way ​រីឯ​ឪពុក​​របស់​លោក​ឈ្មោះ​ William H. Gates, Sr.មាន​តួនាទី​​ជា​ប្រធាន​ធនាគារ​ជាតិ​​។

Gates ជា​កូន​ទី​ពីរ​ក្នុង​ចំណោម​​បង​ប្អូន​បី​នាក់​។

នៅ​ឆ្នាំ​១៩៩៤ Gates បាន​រៀប​ការ​ជា​មួយ​នឹង Melinda Ann French។ ក្រោយ​មក​ប្រពន្ធ​របស់​មហាសេដ្ឋី​រូប​នេះ ត្រូវ​បាន​ប្ដូរ​ឈ្មោះ​មក​ជា​ Melinda French Gates។ ពួក​គេ​ទាំង​ពីរ​មាន​កូន​បី​នាក់​ក្នុង​នោះ​កូន​ស្រី​​ពីរ​នាក់​គឺ Jennifer Katharine Gates (១៩៩៦) និង Phoebe Gates (២០០២) និង​កូន​ប្រុស Rory John Gates (១៩៩៩)។

galaxy-s7-edge3-31-12-2016--10-14-18
Bill and Melinda Gates in June 2009

ការ​អប់​រំ​ និង​​ភាព​ឆ្លាត​វៃ

នៅ ​អាយុ ១៣ឆ្នាំ Gates បាន​ចូល​រៀន​នៅ​សាលា Lakeside ។ សាលា​នេះ​បាន​ទិញ​​អង្គុលីលេខ​ប្រភេទ​​​ ASR-33 និង​​កុំព្យូទ័រ​ប្រភេទ General Electric (GE) សម្រាប់​ដាក់​ឲ្យ​សិស្ស​សិក្សា​ស្រាវ​ជ្រាវ​។ ​ដោយ​សារ​តែ​ចំណង់​ចំណូល​ចិត្ត​និង​ និស្ស័យ​ពី​តូច​ក្រូច​ឆ្មារ ទើប​Gates ចាប់​យក​ជំនាញ​អ្នក​សរសេរ​កម្មវិធី​តាំង​ពី​ពេល​នោះ​មក​​​។ BASIC ជា​​កម្មវិធីដំបូង​បង្អស់​ដែល​លោក​បាន​សរសេរ​ឡើង​ ដោយ​ប្រើ​បណ្ដាញ​កុំព្យូទ័រ ​​GE។ ពេល​ខ្លះ​លោក​​​មិនបាន​​ចូល​រៀន​ម៉ោង​គណិតវិទ្យា​ទេ ដោយ​ហេតុ​ថា ​នេះ​ជា​ស្នា​ដៃ​ដំបូង​ អ៊ីចឹង​ហើយ​ត្រូវ​ធ្វើ​ឲ្យ​ល្អ​បំផុត​។ ម្យ៉ាង​វិញ​ទៀត មុខរបរ​ជា​អ្នក​សរសេរ​កម្មវិធី​ត្រូវ​ស្វែង​យល់​ និង​ស្រាវជ្រាវ​ច្រើន​។

កម្មវិធី​ដែល​គាត់​បាន​សរសេរ​ដំបូង​ត្រូវ​បាន ​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​លើ​កុំព្យូទ័រ GE របស់​សាលា​ដែល​Gates កំពុង​សិក្សា​ផ្ទាល់​តែ​ម្ដង​​។ កម្មវិធី​ដំបូង​​​នោះ​មាន​ឈ្មោះ​ថា tic-tac-toe ជា​ប្រភេទ​​កម្មវិធី​លេង​ហ្គេម​​​កម្សាន្ត​។ ​​ក្រោយ​មក​​​ដោយ​សារ​​សាលា​អស់​មូលនិធិ​​ ក៏​បាន​បិទ​មិន​ឲ្យ​ប្រើ GE ទៀត​ទេ​ បន្ទាប់​ពី​នោះGates ប្ដូរ​មក​​​សរសេរ​កម្មវិធី​ ​លើ DEC PDP minicomputer វិញ​ម្ដង​។

​ក្នុង​ចំណោម​ប្រព័ន្ធ​ដែល​​គាត់​បាន​ប្រើ​ដើម្បី​សិក្សា​ ​មាន​ប្រព័ន្ធ​មួយ​គឺ PDP-10 ដែល​ជា​កម្មសិទ្ធិ​របស់​​មជ្ឈមណ្ឌល​សាជីវកម្ម​កុំព្យូទ័រ (CCC) បាន​ហាម​មិន​ឲ្យ​សិស្ស​សាលា Lakeside ចំនួន​បួន​នាក់​​ប្រើ​ទេ​​គឺ Gates, Paul Allen, Ric Weiland និង Kent Evans ដោយហេតុផល​សំខាន់​តែ​មួយ​គត់​គឺ សិស្ស​​ទាំង​បួន​នាក់​នេះ ​សុទ្ធ​តែ​ជា​សិស្ស​ពូកែ​ខាង​សរសេរ​កម្មវិធី​ទាំង​អស់។

ក្រោយ​មក​ ក្រុមហ៊ុន Information Sciences Inc បានជួលGates ​ឲ្យ​​សរសេរ​កម្មវិធី​សម្រាប់​ចុះ​ឈ្មោះ​សិស្ស​ពេល​ចូល​រៀន​ដំបូង​ ដែល​មាន​ឈ្មោះ​ថា COBOL។ ​សមិទ្ធផល​ដែល​Gates សម្រេច​បាន​នេះ​ធ្វើ​ឲ្យ​ ​អ្នក​គ្រប់​គ្រងក្រុមហ៊ុន​នោះ​មាន​ការ​ពេញ​ចិត្ត​នឹង​ស្នាដៃ​​នេះ​ខ្លាំង​ ណាស់​ ហើយ​បន្ត​​ជួល Gates ឲ្យ​សរសេរ​កម្មវិធី​​​​​​ជា​បន្តបន្ទាប់​។

នៅ ​ឆ្នាំ​១៩៧៣ Gates បាន​ប្រលង​បញ្ចប់​ពី​សាលា Lakeside តាម​​ប្រព័ន្ធ​ធ្វើតេស្ត SAT (Scholastic Aptitude Test) ប្រឡង​លើ​បី​មុខ​វិជ្ជា​គឺ​ គណិត​ សំណេរ និង Critical Reading។ ជា​លទ្ធផល​ Gates​ទទួល​បាន​ពិន្ទុ​១៥៩០ ខណៈ​ដែល​​ពិន្ទុ​សរុប​១៦០០។

បន្ទាប់​មក​ ទៀតលោក​បាន​បន្ត​​ថ្នាក់​​ឧត្ដម​សិក្សា ផ្នែក​ច្បាប់​នៅ​​សាកលវិទ្យាល័យ Harvard។ ការ​ចាប់​យក​ជំនាញ​ច្បាប់​នេះ មិន​មែន​ជា​ការ​ស្រលាញ់ និង​គំនិត​របស់​Gates ទេ​ តែ​វា​ជា​គំនិត​ និង​ការ​ត្រួសត្រាយ​ផ្លូវ​របស់​ឪពុក​ម្ដាយ​លោក​​ទាំង​ស្រុង​។ ស្ដែង​អាការៈ​មិន​ពេញ​ចិត្ត​ ទៅ​នឹង​ជំនាញ​ដែល​ខ្លួន​កំពុង​សិក្សា មួយ​ថ្ងៃ​ៗ Gates តែង​តែ​ចំណាយ​ពេល​យ៉ាង​ច្រើន​ដើម្បី​ស្វែង​យល់​​ពី​​កុំព្យូទ័រ​ទៅ​វិញ​​។ ក្នុង​ឆ្នាំ​ដដែល​នោះ​​គាត់​បាន​ជួប​ជា​មួយ​ Steve Ballmer ដែល​ក្រោយ​មក​ Ballmer បាន​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft។

ដំណាក់​កាល​បង្កើត​ក្រុមហ៊ុន​ Microsoft

galaxy-s7-edge4-31-12-2016--10-14-32
Bill Gates in January 2008

អាយុ​បាន​ ​១៧​ឆ្នាំ​ គាត់​និង​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​របស់​គាត់​គឺ Paul Allenបាន ​បង្កើត​​ក្រុមហ៊ុន​តូច​មួយ​ឈ្មោះ​ថា​ Traf-O-Data។ ក្រុមហ៊ុន​តូច​មួយ​នេះ​​​ Bill Gates រៀប​ចំ​ប្រព័ន្ធ​សម្រាប់​​​ចរាចរ​​​តាម​ដង​ផ្លូវ ដែល​មាន​ឈ្មោះ​ថា Traffic Counter ​សម្រាប់​លក់​ឲ្យ​​វិស្វករ​សិក្សា​ស្រាវ​ជ្រាវ​។ Gates​រក​ចំណូល​បាន​ពី​ក្រុមហ៊ុន​មួយ​នេះ​បាន​ជាង​២ម៉ឺន​ដុល្លារ​ បន្ទាប់​មក​​លោក​ក៏​សម្រេច​ចិត្ត​​រំលាយ​ក្រុមហ៊ុន ដែល​ជា​ឆ្នាំង​បាយ​ដំបូង​​នេះ​​ចោល បន្ទាប់​ពី​ប្រលង​បញ្ចប់​វិទ្យាល័យ​ Lakeside។

ក្នុង ​ឆ្នាំ១៩៧៥ Gates និង Allen បាន​អាន​ទស្សនាវដ្ដី​អេឡិចត្រូនិក​ប្រជាប្រិយ​​ដែល​បាន​ចុះផ្សាយ​ពី Altair 8800ជា​ប្រភេទ​មីក្រូកុំព្យូទ័រ​របស់​ក្រុមហ៊ុន Micro Instrumentation and Telemetry System’s (MITS) ត្រូវ​ការ​​កម្មវិធី BASIC Interpreterសម្រាប់ support ម៉ាស៊ីន​ដំណើរ​ការ​។

ពេល​នោះ​ពួក​គាត់​ទាំង​ពីរ​មាន​ ជំនឿ​ជាក់​​ថា​អាច​សរសេរ​កម្មវិធី BASIC Interpreter សម្រាប់​ក្រុមហ៊ុន​នេះ​បាន​ ពី​ព្រោះ​ពួក​គេ​​ជា​អ្នក​សរសេរ​កម្មវិធី​បក​ប្រែ​ពី​ភាសា​កុំព្យូទ័រ​ឲ្យ​ អ្នកប្រើប្រាស់​អាច​អាន​បាន​​​ស្រាប់​។ ក្រោយ​មក Allen បាន​ទំនាក់​ទំនង​​សុំ​សរសេរ​កម្មវិធី​កុំព្យូទ័រ​​ឲ្យ​ក្រុមហ៊ុន MITS ព្រម​ទាំង​ទទួល​បាន​ការ​​យល់​ព្រម​​យ៉ាង​កក់​ក្ដៅ​សម្រាប់វត្តមាន​របស់ Programmer ទាំង​ពីរ​​នាក់​នេះ​។

Gates និងPaul មិន​មាន​​កុំព្យូទ័រ Altairទេ​ ហើយ​ អ្នក​ទាំង​ពីរ​ក៏​មិន​បាន​សរសេរ​កូដ​សម្រាប់​កុំព្យូទ័រ​នេះ​ដែរ​គឺ​រាល់ ​ការ​សរសេរ​ និង​សាក​ល្បង​កម្មវិធី​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ Demo (Simulator) ទាំង​អស់​។ វា​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​គឺ​ត្រឹម​តែ​ប្រាំ​បី​សប្ដាហ៍​ប៉ុណ្ណោះ​ មិត្តភ័ក្តិ​វ័យ​ខុសគ្នា​ ​ទាំង​ពីរ​នេះ​​អាច​រៀប​ចំ​ប្រព័ន្ធ​សរសេរ​កម្មវិធី​​បាន​រួច​រាល់​ សម្រាប់ Altair។ បន្ទាប់ ​ពី​នោះ MITS ក៏បាន​ដាក់​លក់​មីក្រូ​កុំព្យូទ័រ​របស់​ខ្លួន​ដំណើរ​ការ​ដោយ​កម្មវិធី​ភាសា BASIC របស់ Gates និង Allen។

ដោយ​សារ​តែ​សម្លឹង​​ឃើញ​​ឱកាស​​ដ៏​មាន​ តម្លៃ Gates បាន​ឈប់​រៀន​នៅ​សាកលវិទ្យាល័យ​ដោយ​រៀន​បាន​ត្រឹម​ឆ្នាំ​ទី​ពីរ​​ប៉ុណ្ណោះ​ ហើយ​ត្រលប់​មក​ទីក្រុង Albuquerque រដ្ឋ​មិកស៊ិក​ថ្មី​ ដែល​ជា​ទីតាំង​របស់​ក្រុមហ៊ុន MITS។ ​Gates​និង Paul Allen បាន​សហការ​គ្នា​បង្កើត​ក្រុមហ៊ុន​មួយ​​ថ្មី​ទៀត​ ហើយ​សម្រេច​ដាក់​ឈ្មោះ​ថា Microsoft ជា​ផ្លូវ​ការ​ និង​ចាប់​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា​ ឆ្នាំ1975 ហើយ​សិស្ស​ពូ​កែ​ Bill Gates​ត្រូវ​បាន​តែង​តាំង​ជា​នាយក​ប្រតិបត្តិ​​ផ្ទាល់​។

កិច្ចការ​មនុស្ស​ធម៌

Gate និង​ប្រពន្ធ​របស់​គាត់​បាន​បង្កើត​ជា​មូលនិធិ​មួយ​ដែល​មានឈ្មោះ​ថា មូលនិធិ Bill&Melinda​ Gates នៅ​ឆ្នាំ​១៩៩៤ ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មូលនិធិ​ឯកជន​​ប្រតិបត្តិការ​ប្រកប​ដោយ​ តម្លាភាព​បំផុត​។ មូលនិធិ ​នេះ​មាន​គោល​បំណង​ជួយ​ប្រជាជន​នៅ​ជុំវិញ​​ពិភព​លោក​តាម​រយៈ​ការ​​ពង្រឹង​ សុខភាព​សាធារណៈ កាត់​បន្ថយ​ភាព​ក្រី​ក្រ ផ្ដល់​ឱកាស​ដើម្បី​ឲ្យ​ទទួល​បាន​សេវា​អប់​រំ​ស្មើ​ៗ​គ្នា​ និង​ជា​ពិសេស​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​ក្រី​ក្រ​​ទទួល​បាន​ឱកាស​​ក្នុង​ ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​។រហូត​មក​ដល់​ពេល​នេះ​មូលនិធិ​សរុប​កើន​ដល់​​ទៅ​ជាង​ ៣ ៣​០០០​លាន​ដុល្លារ​។

ដំណែង​ជា​មហា​សេដ្ឋី​ពិភពលោក

ទស្សនាវដ្ដី Forbes បាន​​​ដាក់​ចំណាត់​​ថ្នាក់ Gates ជា​មហាសេដ្ឋី​ពិភព​លោក​​នៅ​ឆ្នាំ​១៩៨៧​ ដែល​ទ្រព្យ​សម្បត្តិ​​គាត់​សរុប​​រហូត​ដល់​ទៅ​ ​១.២៥​ពាន់​លាន​ដុល្លារ​។ឆ្នាំ ​២០០៤-២០០៦​ មហាសេដ្ឋី​លំដាប់​ពិភពលោក​រូប​នេះ​ត្រូវ​បាន​ទស្សនាវដ្ដី Time Magazine ដាក់​ចំណាត់​ថ្នាក់​គាត់​ក្នុង​បញ្ជី​អ្នក​ដែល​មាន​ឥទ្ធិពល​បំផុត​​នៅ​ ទសវត្សរ៍​​ទី​២០ទាំង​មួយ​រយ​នាក់​​​។

ជា ​មួយ​គ្នា​នេះ​ដែរ​ កាល​ពី​ដើម​ខែ​តុលា​ ឆ្នាំ​២០១០​ ទស្សនាវដ្ដី Forbes បាន​​ទម្លាក់​លំដាប់​ថ្នាក់​​មហាសេដ្ឋី​កំពូល​របស់​គាត់​ឲ្យ​នៅ​ក្រោយ​លោក Carlos Slim Helu មហាសេដ្ឋី​សញ្ជាតិ​ម៉ិកស៊ីកូ​​វ័យ​ ៧០​ឆ្នាំ​​ដែល​មាន​ទ្រព្យសម្បត្តិ​​សរុប ​​​៥៣.៥ពាន់​លាន​ដុល្លារ ខណៈ​ដែល​​​លោក Bill Gates មាន​ទ្រព្យសម្បត្តិ​សរុប​ត្រឹម​តែ ​​​៥៣​ពាន់​លាន​ដុល្លារ​៕

ប្រភព៖ sabay

loading...

មតិយោបល់