​អំពើ​ឆបោក​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​​ប្រទេស​កម្ពុជា​ដែល​លោក​អ្នក​ត្រូវ​ដឹង!

/ អ្នកទស្សនា៖ 254

ទោះបីជាកម្ពុជាមានកំណើនវិស័យអចលនទ្រព្យយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែនៅតែមានអ្នកអភិវឌ្ឍន៍មួយចំនួនបានកេងបន្លំក្នុងវិស័យអចលនទ្រព្យជាមួយការផ្តល់នូវរាល់ព័ត៌មានដែលមិនមានភាពច្បាស់លាស់ដើម្បីទទួលបានផលចំណេញក្នុងរយៈពេលខ្លី។ ដោយសារតែមានភាពធូរលុងនៃបទបញ្ញត្តិក៏ដូចជាស្តង់ដារអាជីវកម្មក្នុងវិស័យអចលនទ្រព្យមានភាពច្របូកច្របល់ ដែលធ្វើឲ្យអ្នកទិញមិនបានដឹងថាពួកគេកំពុងត្រូវបានគេបោកប្រាស់ វាយឺតពេលទៅហើយនៅពេលដែលពួកគេបានដឹងថាខ្លួនកំពុងត្រូវបានគេបោកប្រាស់ ហើយប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្នចំពោះការបោកប្រាស់ជាមួយការទទួលព័ត៌មានមិនពិតទាំងនោះវាអាចធ្វើឱ្យអ្នកខាតបង់ហិរញ្ញវត្ថុដោយឥតប្រយោជន៍។

នេះគឺជាលក្ខណៈនៃការឆបោកមួយចំនួននៅក្នុងទីផ្សារអចលនទ្រព្យ ដែល Realestate.com.kh នឹងបង្ហាញជូន។ សូមចងចាំនូវរាល់ការឆបោកទាំងនេះនៅពេលដែលលោកអ្នកស្វែងរកអចលនទ្រព្យពីអ្នកលក់ឯកជន និងភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា!

មានប្លង់កម្មសិទ្ធិចំនួនពីរ៖ការកាន់កាប់អចលនទ្រព្យនៅកម្ពុជាអាចមានជាប្លង់រឹង និងប្លង់ទន់ អចលនទ្រព្យខ្លះអាចមានទាំងពីរ។ ការឆបោកនេះពាក់ព័ន្ធទៅនឹងម្ចាស់ដែលលក់ផ្ទះទៅឲ្យអ្នកទិញពីរនាក់។ អ្នកទិញម្នាក់ទទួលបានប្លង់រឹងហើយម្នាក់ទៀតទទួលបានប្លង់ទន់។ អ្នកទិញដែលទទួលបានប្លង់ទន់នឹងត្រូវបាត់បង់លំនៅដ្ឋាននោះដោយសារតែប្លង់ទន់គឺបានទទួលស្គាល់ត្រឹមតែពីអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ រីឯប្លង់រឹងវិញគឺទទួលស្គាល់ពីថ្នាក់ជាតិ។ មានករណីនៃការចេញប្លង់ច្រើនលើកម្មសិទ្ធិតែមួយ ឬការថតចម្លង ហើយអ្នកលក់បានលក់នូវអចលនទ្រព្យដដែលទៅឲ្យមនុស្សជាច្រើន។ ករណីមួយទៀតដែលអ្នកទិញត្រូវបានគេឆបោក ដោយមានការផ្តល់នូវប្លង់រឹងដូចគ្នាប៉ុន្តែករណីបែបនេះក៏មិនសូវកើតមានដែរ។

អ្នកអាចជៀសវាងសេណារីយ៉ូនេះដោយធ្វើការស៊ើបអង្កេតជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងការិយាល័យសុរិយោដីក្នុងតំបន់ផ្ទាល់។ ត្រូវយកច្បាប់ចម្លងនៃប្លង់កម្មសិទ្ធិពីអ្នកលក់ និងត្រួតពិនិត្យជាមួយនឹងកំណត់ត្រាជាផ្លូវការ។

ការប្រុងប្រយ័ត្នមួយផ្សេងទៀតគឺការពិនិត្យមើលថាតើអ្នកជិតខាងមានប្លង់រឹងឬក៏អត់។ ប្រសិនបើពួកគេមាននោះគឺមានន័យថារដ្ឋាភិបាលបានចេញប្លង់រឹងជូនដល់តំបន់នោះរួចទៅហើយ។ យើងមិនណែនាំឲ្យអ្នកទិញអចលនទ្រព្យមួយដែលមានប្លង់ទន់នៅក្នុងតំបន់ដែលអ្នកជិតខាងភាគច្រើនមានប្លង់រឹងនោះទេ។

វិវាទដីធ្លីលាក់កំបាំង៖ការមានប្លង់ទន់ឬប្លង់រឹងគឺស្ទើរតែមិនពាក់ព័ន្ធនឹងការឆបោកនេះទេ។ ការបោកប្រាស់នេះមានន័យថាដីនោះជាប់ពាក់ព័ន្ធនឹងអចលនទ្រព្យដែលកំពុងមានវិវាទដីធ្លីជាដើម។ ការនិយាយជាមួយអ្នកជិតខាងជាធម្មតានឹងអាចបង្ហាញរាល់បញ្ហាទាំងអស់។ ប៉ុន្តែអ្នកគួរតែធ្វើការស្វែងរកប្លង់កាន់កាប់តាមរយៈក្រុមប្រឹក្សាឃុំសង្កាត់ ឬមន្ត្រីក្រសួងដែនដីដោយគ្រាន់តែចង់ដឹងថាដីនោះជាដីមានជម្លោះឫក៏អត់។ ភ្នាក់ងារអចលនទ្រព្យមួយដែលមានជំនាញវិជ្ជាជីវៈឬមេធាវីដែលមានបទពិសោធន៍ក្នុងការធ្វើការ នឹងធ្វើការងារនេះជំនួសអ្នក។

ប្រយ័ត្នចំពោះប្រាក់កក់របស់អ្នក៖ការឆបោកនេះគឺត្រូវបានធ្វើឡើងដោយម្ចាស់ក្លែងក្លាយ។  អ្នកទិញត្រូវបានស្នើរឲ្យបង់ប្រាក់កក់ដើម្បីធានាលើអចលនទ្រព្យ។ បន្ទាប់ពីទទួលបានប្រាក់កក់ អ្នកលក់ក្លែងក្លាយបានគេចខ្លួនបាត់។  អ្នកអាចជ្រើសយកជម្រើសនៃការផ្ញើប្រាក់កក់តាមរយៈភាគីទីបីដែលអាចទុកចិត្តបាន ឬដាក់ក្នុងគណនីធនាគារអន្តរការីរងចាំរហូតដល់អ្វីគ្រប់យ៉ាងត្រូវបានដោះស្រាយធ្វើបែបនេះគឺជាការការពារខ្លួនអ្នកពីការឆបោក។

ម្ចាស់ក្លែងក្លាយ៖ការឆបោកនេះជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យមួយ។ អចលនទ្រព្យទាំងនេះគឺភាគច្រើនជាអចលនទ្រព្យនៅទំនេរ។ អ្វីដែលអ្នកអាចធ្វើបានគឺសាកសួរ ឬមាននរណាម្នាក់ទៅសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យនោះ និងប្រវត្តិរបស់ម្ចាស់ដីនោះ។ បន្ទាប់មកពិនិត្យថាតើមានភាពខុសគ្នារវាងព័ត៌មានរបស់ពួកគេ និងព័ត៌មានរបស់អ្នកលក់យ៉ាងដូចម្តេច។ ជាថ្មីម្តងទៀតការត្រួតពិនិត្យលើប្លង់កម្មសិទ្ធិគឺមានសារៈសំខាន់ណាស់  ប្រសិនបើម្ចាស់ មិនអាចទទួលបានប្លង់កម្មសិទ្ធិ នោះគឺមានអ្វីមួយមិនប្រក្រតីជាមិនខាន។ ត្រូវទៅរកអាជ្ញាធរពាក់ព័ន្ធ និងស្វែងរកថាតើពួកគេគឺជាម្ចាស់ពិតប្រាកដ  ឬមិនមែន មុនពេលដែលអ្នកប្រគល់ប្រាក់ឲ្យពួកគេ។

ផ្ទះជួលរួចហើយ៖មានករណីជាក់ស្តែងដែលបានកើតឡើងដែលបានបង់ប្រាក់ជួលរយៈពេលវែង។ ក្នុងករណីនៃការជួលបែបនេះគឺអាចត្រូវបានចុះបញ្ជីជាផ្នែកមួយដាច់ដោយឡែកពីដី។ វាអាចមានបន្ទប់ដាក់លក់ដែលប្រើប្រាស់ប្លង់ទន់នេះគឺជាស្ថានភាពស្មុគស្មាញ និងគួរប្រុងប្រយ័ត្នជាទីបំផុតការស្វែងរកប្លង់កម្មសិទ្ធិអាចបង្ហាញពីការពិតប្លង់រឹងគួរតែមានរាល់ព័ត៌មានលំអិតចាំបាច់ទាំងអស់។

អ្នកគួរតែស្វែងរកជំនួយពីអាជ្ញាធរមូលដ្ឋាន ប្រសិនបើមានត្រឹមតែជាប្លង់ទន់។ ក្នុងការត្រួតពិនិត្យដំបូង ត្រូវចំណាំថាតើមានបន្ទប់នៅក្នុងផ្ទះ ដែលអ្នកលក់ពុំអាចបើកឲ្យមើលបានដែរឬទេ។ ប្រសិនបើពួកគេមានបំណងចង់លក់ផ្ទះពួកគេត្រូវតែមានឆន្ទៈក្នុងការបើកទ្វា ឬមានកូនសោរបើក បន្ទប់នោះមិន ខាន។

ការខូចខាតមិនអាចមើលឃើញ៖មូលហេតុមួយដែលគេលក់អចលនទ្រព្យរបស់ពួកគេក្នុងតម្លៃទាបគឺដោយសារតែមានការខូចខាតដែលអ្នកនឹងមិនអាចមើលឃើញ។ ការខូចខាតមួយចំនួនពិតជាមិនអាចមើលឃើញរហូតដល់បន្ទាប់ពីអ្នកបានទិញ និងចាប់ផ្តើមផ្លាស់ប្តូរមករស់នៅទើបដឹងអំពីការខូចខាតទាំងនោះ។ ជាការណែនាំអ្នកគួរនាំអ្នកជំនាញមកជាមួយដើម្បីឲ្យជួយពិនិត្យមើលប្រព័ន្ធទឹក អគ្គិសនី និងភាពរឹងមាំនៃសំណង់នោះមុនពេលអ្នកទិញលំនៅដ្ឋានណាមួយ។

តំបន់មានទឹកជំនន់៖“គ្មានទឹកជំនន់” គឺជាចំណុចដ៏ពិសេសមួយនៃអចលនទ្រព្យសម្រាប់លក់។ អ្នកលក់នឹងធ្វើការផ្សព្វផ្សាយថាតំបន់នោះគឺគ្មានទឹកជំនន់នោះទេបើទោះបីជាក្នុងតំបន់នោះមានទឹកជំនន់ក៏ដោយ។ ចំណុចនេះអាចបង្ករឲ្យមានគ្រោះមហន្តរាយនៅពេលដែលមានភ្លៀងធ្លាក់ច្រើននៅក្នុងតំបន់។ ចំណុចមួយដែលអ្នកអាចត្រួតពិនិត្យមើលថាតើតំបន់នេះមានទឹកជំនន់ឫក៏អត់ អ្នកអាចសាកសួរអ្នកក្នុងតំបន់ ឫអ្នកជិតខាង កន្លែងនោះថាតើតំបន់នោះពិតជាមានទឹកជំនន់ ឬក៏អត់។

ឆបោកដោយឲ្យបង់ប្រាក់មុនគម្រោង៖នៅពេលដែលអ្នកអភិវឌ្ឍន៍មិនពិតប្រាកដបានផ្សព្វផ្សាយគម្រោងថ្មី និងបានប្រមូលប្រាក់មុនដែលពួកគេនិយាយថាពួកគេនឹងប្រើប្រាស់ប្រាក់នេះសម្រាប់ការសាងសង់តែបន្ទាប់មកពួកគេស្រាប់តែគេចខ្លួនបាត់។ ករណីនេះអាចកើតមានចំពោះគម្រោងលំនៅដ្ឋានដែលជាប់ជាមួយដីគម្រោងបុរី គម្រោងដីឡូតិ៍ ឬក៏គម្រោងអភិវឌ្ឍន៍ខុនដូមួយចំនួន។

ដើម្បីជៀសវាងរាល់បញ្ហាទាំងនេះ អ្នកអាចធ្វើការពិនិត្យឲ្យបានម៉ត់ចត់លើប្រវត្តិរបស់គម្រោងពីមុនៗ របស់អ្នកអភិវឌ្ឍន៍។ អ្នកអភិវឌ្ឍន៍ដែលទុកចិត្តបានជាធម្មតាបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្អរួចទៅហើយ។ ចំណាំថានេះមិនមែនមានន័យថាអ្នកអភិវឌ្ឍន៍ថ្មីគឺសុទ្ធតែជាអ្នកបោកប្រាស់ទាំងអស់នោះទេ៕

ប្រភព៖ realestate

loading...

មតិយោបល់