ទីផ្សារ​អចលនទ្រព្យ ​នៅ​តែ​ទាក់​ទាញ ប៉ុន្តែ​ ឧបសគ្គ​នៅ​តែ​មាន​ក្នុង​ឆ្នាំ ​២០១៧

/ អ្នកទស្សនា៖ 287

ស្ថាន​ភាព​ទីផ្សារ​អចលនទ្រព្យ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ភាព​ងាយ​នឹង​បង្ក​ហានិភ័យ ដែល​បាន​បង្ហាញ​សញ្ញាណ​ឱ្យ​ឃើញ​ក្នុង​ករណី​ខ្លះ​នៅ​ឆ្នាំ​ ២០១៦​។

នៅ​ឆ្នាំ​នេះ​វា​បាន​ចាប់​ផ្តើម​យ៉ាង​ខ្លាំង​ជាមួយ​នឹង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ ដែល​បន្ត​សម្ទុះ​នៃ​ការ​សាង​សង់​យ៉ាង​ខ្ជាប់​ខ្ជួន​ដែល​បាន​កំណត់ ​កាលពី​ឆ្នាំ​ ២០១៥​ កន្លង​មក​។ទោះ​បី​យ៉ាង​ណា​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ផ្គត់ផ្គង់​ដែល​លើស​ហួស​តម្រូវ​ការ​បាន​​ញាំញី​ទីផ្សារ​នេះ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៦ ដោយបាន​បង្ខំ​ឱ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ធ្វើ​ការផ្អាក​ការ​ផ្គត់ផ្គង់​។ ចំពោះ​ការ​ផ្គត់ផ្គង់​ដែល​មាន​រួច​ទៅ​ហើយ។ ​

សម្រាប់​ឆ្នាំ​២០១៧ ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ បាន​ពិភាក្សា​ជាមួយ​លោក David Van នាយក​គ្រប់គ្រង​ប្រចាំ​តំបន់ នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ គឺ​ក្រុមហ៊ុន Bower Group Asia ដើម្បី​ទទួល​បាន​ការ​យល់​ដឹង​​ខ្លះៗ​ទៅ​លើ​បញ្ហា​ប្រឈម​មួយ​ចំនួន និង​ឱកាស​ដែល​មាន​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​។

១.ក្នុង​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ បាន​ក្លាយ​ជា​រយៈពេល​ដែល​មាន​ការ​រីក​ចម្រើន​ខ្លាំង​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ជាមួយ​នឹង​ការ​វិនិយោគ​ពី​បរទេស​ច្រើន​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស​នេះ​។ តើ​លោក​គិត​យ៉ាង​ណា​ចំពោះ​និន្នាការ​នេះ​សម្រាប់​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​? តើ​លោក​អាច​ពន្យល់​ពី​ការ​បន្ត​និរន្តរភាព​បែប នេះ​ឬ​យ៉ាង​ណា?

​វា​មិន​មែន​ជា​ការ​សម្ងាត់​នោះ​ទេ ដែល​ថា ពិភពលោក​កំពុង​តែ​ត្រៀម​សម្រាប់​ការ​រីក​ចម្រើន​ខ្លាំង​នៅ​ឆ្នាំ​២០១៧ បន្ទាប់​ពី ​ការ​ធ្លាក់​ចុះ​ទីផ្សារ​ភាគ​ហ៊ុន​មួយ​ចំនួន បណ្តាល​ឲ្យ​មាន​ការ​ធ្វើ​ការ​ផ្លាស់​ប្តូរ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​។ មាន​ផ្នែក​ជាច្រើន​នៃ​ពិភព​លោក​រួម​ទាំង សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ប្រទេស​ចិន​…។

លុយ​ក្តៅៗ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ធនាគារ​ពី​ប្រទេស​ចិន បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ គឺ​ចាប់​តាំង​ពី​ប្រធានាធិបតី​ ស៊ី​ ជីនពិង​ បាន​ដាក់​គំនាប​លើ​វិស័យ​ដ៏​គ្រោះថ្នាក់​មួយ​ចំនួន​នា​ពេល​កន្លង​មក​។ គម្រោង​ដែល​មាន​ស្រាប់​មួយ​ចំនួន​ត្រូវ​បាន​ផ្តល់​ឱ្យ​បញ្ចុះ​តម្លៃ​កាន់​តែ​ច្រើន ដើម្បី​ទាក់ទាញ​អ្នក​ទិញ​ថ្មី​។ ទាំង​អស់​នេះ​គឺ​ជា​សញ្ញា​ចង្អុល​ទៅ​រូបភាព​សេដ្ឋកិច្ច​ពិភព​លោក មិន​សុទ្ធ​តែ​មាន​ជោគជ័យ​ដូច​ការ​រំពឹង​ទុក​សម្រាប់​ឆ្នាំ​ ២០១៧ ហើយ​ប្រទេស​កម្ពុជា​ក៏​មិន​អាច​គេច​ផុតពី​ផល​ប៉ះពាល់​ផង​ដែរ​។

២.​តើ​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា នៅ​តែ​មាន​ភាព​ទាក់ទាញ​សម្រាប់​អ្នក​អភិវឌ្ឍន៍​បរទេស និង​ក្នុង​ស្រុក ឬ​ជាការ​កើនឡើង​នៃ​បញ្ហា​ផ្គត់ផ្គង់​លើស​តម្រូវការ ដែល​អាច​នឹង​បង្ខំ​ឱ្យ​អ្នក​អភិវឌ្ឍន៍​ចង់​ទាញ​យក​តម្លៃ​ដើម​ត្រឡប់មកវិញ​ក្នុង ពេល​ឥឡូវនេះ​តែម្តង ឬ​ក៏​លោក​អាច​វាយ តម្លៃ​បាន​យ៉ាង​ដូចម្តេច​?

​ការ​ទទួល​បាន​ផល​ត្រឡប់មកវិញ​ពី​ការ​វិនិយោគ​អចលនទ្រព្យ (ROI) របស់​កម្ពុជា គឺមាន​ជា​មធ្យម​ក្នុង​ប្រមាណ ៥ ទៅ ៦​ភាគរយ​, និង​ការ​ជ្រើស​រើស​ទីតាំង​សំខាន់​ដោយ​ការ​ប្រុង​ប្រយ័ត្ន គឺ​ទទួល​បាន ROI អាច​នឹង​កើន​ឡើង​រហូត​ដល់​ចន្លោះ​៨ ទៅ១០​ភាគរយ បើ​ប្រៀប​ធៀប​ទៅនឹង​ត្រឹម​តែ​២​ភាគរយ នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី។ ដូច្នេះ​ចំពោះ​ទស្សនៈ​ពាណិជ្ជកម្ម វា​មើល​ទៅ​មាន​ការ​ទាក់ទាញ​ តែ​អ្នក​វិនិយោគ​ត្រូវ​ការ​គិតគូរ​តាម​គណិតវិទ្យា​របស់​​ពួកគេ និង​អនុវត្ត​ឱ្យបាន​ត្រឹម​ត្រូវ​ដោយ​សារ​តែ​ការ​ដាក់​ទុន​មុន​ពេល​វិនិយោគ​។

៣.តើ​ស្ថានភាព​នយោបាយ​នឹង​ទៅ​ជា​យ៉ាង​ណា​? អ្នក​ជំនាញ​ជាច្រើន​ជឿ​ថា ប្រទេស​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ ដែល​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ទីកន្លែង​មាន​ការ​ទាក់​ទាញ​មួយ​សម្រាប់​អ្នក​វិនិយោគ​បរទេស​សម្លឹង​មើល​​ទីផ្សារ​អចលនទ្រព្យ​នៅ​ទីនេះ។ តើ​នេះ​ជា​អ្វី​ដែល​លោក​យល់ស្រប​ជា​មួយ​ពួក​គេ​ដែរ​ឬ​យ៉ាង​ណា​?

​គ្រប់​វដ្ត​វេលា​មុនពេល​បោះឆ្នោត គេ​នឹង​មើល​ឃើញ​បរិយាកាស​អាជីវកម្ម​នៅ​កម្ពុជា មាន​ភាព​ជាប់​គាំង​មួយ​រយៈ ហើយ​អ្នក​ជំនាញ​អាច​រង់ចាំ និង​មើល​ឃើញ​ពី​របៀប​ខ្លះៗ​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ នា​ពេល​ខាង​មុខ និង​ការ​បោះឆ្នោត​ទូទៅ​នៅ​ឆ្នាំ​២០១៨​។ ប្រសិន​បើ​ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ឧទាហរណ៍​ដោយ​គ្មាន​ជម្លោះ​​នៃ​ការ​បោះឆ្នោត​ណា​មួយ បន្ទាប់​មក​អាជីវកម្ម​វា​គឺ​បន្ត​រីកចម្រើន​ជា​ធម្មតា​នឹង​មាន​ការ​កើន​ឡើង​ជាង​ធម្មតា​ជាថ្មី​ម្តង​ទៀត​។

៤.​តើ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ​អាច​នឹង​ផ្លាស់​ប្តូរ​សក្ដានុពល​ទីផ្សារ​សម្រាប់​​វិស័យ​អចលនទ្រព្យ​ដោយ​របៀប​ណា​? តើ​លោក​ជឿថា វា​នឹង​បង្ខំ​មនុស្ស​ឲ្យ​មាន​ភាព​ប្រុងប្រយ័ត្ន​ជាង​មុន​បន្ថែម​ទៀត​ ឬ​យ៉ាង​ណា?

​ជា​ធម្មតា​មនុស្ស​ចង់​លក់​ទំនិញ​ចេញ​ក្រោម​សម្ពាធ​មួយ​ចំនួន ជា​ពិសេស​នា​​ក្នុង​អំឡុង​ពេល​មុន​ការ​បោះ​ឆ្នោត​។ វិនិយោគិន ដែល​មាន​បទពិសោធ​ផ្ទាល់​របស់​ពួក​គេ នឹង​ការ​ស្វែងរក​ឱកាស​ក្នុង​ការ​ទិញ​នៅ​ក្នុង​តម្លៃ​សមរម្យ និង​មាន​ការ​ធានា​រ៉ាប់រង​។ នៅ​អំឡុង​ពេល​នៃ​ការ​បោះឆ្នោត​រួច​រាល់ ហើយ​រដ្ឋាភិបាល​ថ្មី​មក​ជំនួស​កន្លែង​ចាស់ នោះ​ទីផ្សារ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ពេញ​ចិត្ត​ជា​ថ្មី​ម្តង​ទៀត​។ វដ្ត គឺ​ធម្មតា​បែប​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​អស់​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​នៅ​កម្ពុជា​។​

៥. ដោយ​មាន​ការ​ព្រួយ​បារម្ភ​ទៅលើ​ការ​ផ្គត់ផ្គង់​លើស​ពី​តម្រូវ​ការ​នៃ​លំនៅឋាន​ដែល​កំពុង​ប៉ះពាល់​ទីផ្សារ​នៅ​ពាក់​កណ្តាល​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១៦​នេះ អ្នក​ជំនាញ​មួយ​ចំនួន​បាន​គិត​គូ​រពី​ភាព​វិជ្ជមាន ដែល​អាច​ចេញមក​ផ្លាស់​ប្តូរ​លក្ខខណ្ឌ​ទីផ្សារ​ជាថ្មី។ តើ​លោក​ជឿ​ជាក់ថា អ្វីខ្លះ​ទៅជា​គុណសម្បត្តិ​នៃ​ទីផ្សារ​មួយ​ដែល​កំពុង​ឆ្ពោះទៅរក​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នោះ?

ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នឹង​ត្រូវ​បាន​កើត​ឡើង​ជា​បន្ថែម​ទៀត​នៅ​ក្នុង​គម្រោង​ខុន​ដូ​លំដាប់​ខ្ពស់ មាន​ន័យ​ថា សម្រាប់​អ្នក​ទិញ​បរទេស​ជា​ចម្បង​។ អ្នក​ស្រុក​នៅ​តែ​មិន​ទាន់​ពេញ​ចិត្ត​ក្នុង​របៀប​រស់នៅ​តាម​ខុនដូ ដោយ​ពួក​គេ​ចូល​ចិត្ត​អចលនទ្រព្យ​ជា​ឯកជន​ជា​ដី​តាំង​ពីដើម​រៀង​មក​។

ទោះ​យ៉ាង​ណា​អ្នក​អភិវឌ្ឍន៍​ទាំង​អស់​ដែល​ធ្លាប់​មាន​និន្នាការ​មើល​រំលង​សក្តានុពល​យ៉ាង​​ធំ​នេះ ជា​ពិសេស​ចំពោះ ​«​លំនៅដ្ឋាន​ដែល​មាន​តម្លៃ​សមរម្យ​» វា​គឺជា​តម្រូវ​ការ​ដ៏​ច្រើន​ពី​ចំនួន​ប្រជាជន​ដែល​មាន​ការងារ​ធ្វើ​ភាគ​ច្រើន​។

នៅ​ក្នុង​បណ្តា​ប្រទេស​ផ្សេង​ទៀត រដ្ឋាភិបាល​បាន​ដំណើរការ​លំនៅឋាន​សាធារណៈ ដើម្បី​ដោះស្រាយ​បាតុភាព​កន្លែង​ស្នាក់​នៅ​សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន ប៉ុន្តែ​វា​មិន​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​។ អំណឹះ​តទៅ «​លំនៅឋាន​ដែល​មាន​តម្លៃ​សមរម្យ​» គួរតែ​ក្លាយ​ជា​រឿង​ធំ​ដើម្បី​ទាក់​ទាញ​យក​ប្រយោជន៍​ដល់​គ្រប់​ភាគី៕

ប្រភព៖ postkhmer

loading...

មតិយោបល់