វិធី​៣​យ៉ាង​ដែល​មេដឹកនាំ​ជោគជ័យ​អនុវត្ត​ដើម្បី​ដោះ​បញ្ហា


/ អ្នកទស្សនា៖ 205

ដើម្បី​​គ្រប់គ្រង​មុខជំនួញ​បាន​ល្អ​ម្ចាស់​ជំនួញ​ឬអ្នកគ្រប់គ្រង​ ត្រូវស្គាល់​រាល់​ភាពលម្អិត​ទាំង​អស់​ទោះ​បីជា​រឿងលក់​​ ការគ្រប់គ្រង​គុណភាព ទំនាក់ទំនង​អតិថិជន ឬយុទ្ធសាស្រ្ត​ទីផ្សារ​ក៏ដោយ។ ចំណុច​ខុស​គ្នា​រវាង​មេដឹកនាំ​ល្អ​និងមេដឹកនាំ​អស្ចារ្យ​គឺស្ថិត​នៅត្រង់​ ការ​យកចិត្ត​ទុកដាក់​លើ​គ្រប់​ជំហ៊ាន​នៃ​ដំណើរ​ពាណិជ្ជកម្ម​ដែល​អ្នក​ អនុវត្ត​ដើម្បីបន្ត​ចរន្ត​ការងារ​​កុំ​ឱ្យ​រអាក់រអួល។​ ​អ្នក​អាច​ជៀសវាង​បញ្ហា​ជាប់គាំង​សង្វាក់​ផលិតកម្ម​និង​អាច​តាមដាន​រាល់​ ដំណើរការ​លម្អិត​ទាំងអស់​បាន​តាមរយៈ​ការអនុវត្ត​វិធី​ខាងក្រោម​នេះ៖

១/ វាយតម្លៃ​យ៉ាងជាក់លាក់​លើ​ផលិតផល​និង​សេវា​ដែល​មាន​ស្រាប់៖ក្នុង​នាម​ជា​សហគ្រិន អ្នក​ត្រូវ​តែ​បន្ត​ផ្តល់​ជូន​ទាំង​ផលិតផល​និង​សេវាកម្ម​ដើម្បី​អ្នក​អាច​ មាន​អ្វី​ថ្មីៗ​ជានិច្ច​តាមរយៈ​ការច្នៃប្រឌិត​របស់​អ្នក​មុនពេល​ទីផ្សារ​ ទាមទារ​ទៅទៀត។ ​ប៉ុន្តែ​ដោយសារ​សហគ្រិន​ភាគ​ច្រើន​ផ្តោត​តែ​លើ​ការលក់ គេ​មិន​បាន​ចំណាយ​ពេល​គ្រប់គ្រាន់​ដើម្បី​ពិនិត្យ​និង​វាយតម្លៃ​លក្ខណៈ​នៃ​ ផលិតផល​និង​សេវាកម្ម​ដែល​មាន​ស្រាប់​ទេ។ ហើយ​ដោយសារ​ទីផ្សារ​មាន​លក្ខណៈ​ប្រកួតប្រជែង​និង​បត់បែន​យ៉ាង​រហ័ស​ទៅ​តាម​ តម្រូវការ​របស់​អតិថិជន សហគ្រិន​ដែល​មិន​បាន​ចំណាយ​ពេល​គ្រប់គ្រាន់​ដើម្បី​គិតរកមើល​ថាតើ​ហេតុអ្វី​ បាន​ជា​អតិថិជន​គួរតែ​បន្ត​ទិញ​ផលិតផល​ឬប្រើប្រាស់​សេវាកម្ម​របស់គេ​ ហើយ​តើ​ហេតុអ្វី​អតិថិជន​ថ្មី​គួរតែ​បែរមក​រក​ផលិតផល​និងសេវាកម្ម​របស់គេ​ទេ សហគ្រិន​នោះ​នឹង​បាត់បង់​ទីផ្សារ​យ៉ាង​រហ័ស។

២/ អភិវឌ្ឍ​វិធីសាស្រ្ត​លក់៖សហគ្រិន​និង​អ្នកជំនាញ​ខាងលក់​លោក​Brad Leaបាន ​ផ្តល់​ដំបូន្មាន​ចេញ​ពី​បទពិសោធន៍​របស់​លោក​ថា ការលក់​គឺ​គ្មាន​អ្វី​ក្រៅពី​ការសួរ​សំណួរ​ត្រូវ​និង​ការស្តាប់​ចម្លើយ​យ៉ាង ​យកចិត្ត​ទុក​ដាក់​នោះ​ទេ។ មានតែ​អតិថិជន​ទេ​ដែល​អាច​ប្រាប់​អ្នក​បាន​ថា​អ្នក​គួរតែ​លក់​ផលិតផល​របស់​ អ្នក​ទៅឱ្យ​គេ​ដោយ​របៀប​ណា។ អ្នក​លក់​ភាគច្រើន​មិន​ចេះ​សួរ​សំណួរ​ដែល​ត្រូវ​ទេ ហើយ​ក៏​មិន​ដែល​ស្តាប់​យោបល់​ពី​អ្នកទិញ​ដែរ។ អ្នក​ត្រូវ​ចាំ​ថា​មិន​ខ្វល់​ថា​អ្នក​កំពុងតែ​ប្រកប​អាជីវកម្ម​ប្រភេទ​ណា​ទេ មនុស្ស​មិន​ទិញ​ផលិតផល​​ទេ គេ​ទិញ​ដំណោះស្រាយ។​ គេ​ទិញ​លទ្ធផល គឺ​គេ​មិន​ទិញ​រថយន្ត​ទេ គេ​ទិញ​មធ្យោបាយ​ធ្វើ​ដំណើរ​ឬ​សម្ភារៈ​បង្អួត​សង្គម។ ដើម្បី​ដឹកនាំ​ពាណិជ្ជកម្ម​របស់​អ្នក​ទៅមុខ​បាន​លឿន អ្នក​ត្រូវតែ​រក​វិធីសាស្រ្តលក់​ថ្មីៗ ហើយ​បង្រៀន​ក្រុមការងារ​ទាំងអស់​ឱ្យចូលរួម​សហការ។

៣/ ធ្វើ​ខ្លួន​ជា​អ្នក​ជំនួញ​ដែល​កាន់តែ​ប្រសើរឡើង៖ពិតណាស់​ការ​ធ្វើ​ខ្លួន​ជា​សហគ្រិន​ជោគជ័យ​តម្រូវ​ឱ្យ​អ្នក​មាន​មហិច្ឆតា ​ខ្ពស់​និង​គោលជំហរ​រឹងមាំ ប៉ុន្តែ​បើ​អ្នក​គ្រាន់តែ​ចេះ​លក់​និងអាច​ប្រឡូក​ក្នុង​ទីផ្សារ​មិនមែន​មាន​ ន័យ​ថា​អ្នក​ជា​សហគ្រិន​ល្អ​ទេ។ ពាណិជ្ជកម្ម​របស់​អ្នក​អាច​នឹង​ជាប់គាំង​ប្រសិន​បើ​អ្នក​មិន​ជួល​មនុស្ស​ដែល ​មាន​សមត្ថភាព​ មិន​លើក​ទឹកចិត្ត​ក្រុមការងារ​ មិន​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​ឱ្យ​បាន​ត្រឹមត្រូវ មិន​សម្រេចចិត្ត​ប្រកប​ដោយ​ភាពវៃឆ្លាត ឬ​មិន​សេពគប់​មនុស្ស​ដែល​មាន​ទស្សនវិស័យ​វែងឆ្ងាយ​និង​បទពិសោធន៍ចាស់ទុំ។ អ្នក​ជំនួញ​ដែល​មាន​ប្រសិទ្ធភាព​យល់ដឹង​របៀប​ចំណាយ​ដើម្បី​បាន​ផលចំណេញ​ ខ្ពស់​ គេ​ចេះ​របៀប​បង្កើត​វប្បធម៌​ជួយ​គ្នា​ក្នុង​ក្រុមហ៊ុន និង​ដឹង​របៀប​ស្តាប់​តម្រូវការ​របស់​អតិថិជន ហើយ​ចេះមើល​ស្ថានភាព​ទីផ្សារ​បានច្បាស់៕

ប្រភព៖ thephnompenhtimes

loading...

មតិយោបល់