មេរៀន​ពាណិជ្ជកម្ម​ ៧ ​ដែល​អ្នក​គួររៀន​នៅ​ ពេល​អាយុ​៣០​ឆ្នាំ

/ អ្នកទស្សនា៖ 394

ការចាប់ផ្តើម​ពាណិជ្ជកម្ម ​ឬសូម្បី​តែការចាប់ផ្តើម​អាជីពអ្វីមួយ​ក៏ដោយ នៅពេល​អ្នកមាន​វ័យក្មេង អ្នកងាយ​នឹងរងការចាញ់ច្រាប​ពីមនុស្សជុំវិញ​ខ្លួនណាស់។ អ្នកអាច​នឹងមាន​ចំណេះដឹង​​ដែល​បាន​រៀន​ពីសាលា អាន​សៀវភៅ ឬ​ក៏​ដំបូន្មាន​ជាក់ស្តែង​ពីប្រភពផ្សេងៗ ប៉ុន្តែ​មានចំណុច​ខុសគ្នា​ដ៏​ធំ​មួយ​តាមរយៈ​ការយល់​ដឹងនិងការ​ទទួលបាន​ បទពិសោធន៍​ជាក់ស្តែង។ មានមេរៀន​ខ្លះដែល​អ្នក​គួរតែរៀន​ឱ្យបាន​ឆាប់ពោល​គឺមុនពេល​អ្នកមានអាយុ​ ៣០ឆ្នាំ។

១/ មនុស្សមានជំនាញត្រូវសមនឹងការចំណាយគ្រប់យ៉ាង៖គេស្ទើរ​តែមិនអាច​បង្កើតមុខជំនួញ​ជោគជ័យមួយ​បានដោយ​ខ្លួនឯងទេ ព្រោះ​យ៉ាង​ហោច​ណាស់​​ក៏អ្នកត្រូវការ​អ្នកណែនាំ និងដៃគូចាំ​ជួយអ្នក​ឱ្យសម្រេច​ទស្សន​វិស័យ​វែងឆ្ងាយ​របស់អ្នក​។ ដូច្នេះ ការទទួល​ស្គាល់​តម្លៃរបស់អ្នកដទៃ​នឹងបើកឱកាស​បន្ថែមទៀត​សម្រាប់​ ដំណើរ​ជីវិតសហគ្រិន​របស់អ្នក។ បើរៀន​មេរៀននេះ​បានឆាប់ វានឹងជួយ​អ្នកមិនឱ្យខ្ជះខ្ជាយ​ពេល​វេលាចំណាយ​លើ​មនុស្ស​​ខុស ហើយបែរ​ជាចំណេញ​ពេលបានធ្វើ​ការជាមួយ​នឹងមនុស្ស​ត្រូវទៅវិញ។

២/ អ្នកនឹងបរាជ័យ តែក៏មិនមានបញ្ហាអ្វីទេ៖មិនខ្វល់​ថាអ្នកដឹងច្រើន​ប៉ុនណា និងបានត្រៀមខ្លួន​កម្រិតណា​ទេ បរាជ័យ​នឹងរង់ចាំ​អ្នក​ដោយ​ជៀស​​មិនរួច។ មុខជំនួញជា​រួមរបស់អ្នក​អាចនឹង​ជោគជ័យ ប៉ុន្តែ​ក៏នៅ​តែមាន​ចំយុទ្ធ​សាស្រ្ត​ខ្លះ​បរាជ័យក្នុង​ដំណើរនោះដែរ។ ការប្រឈមនឹង​បរាជ័យ​ដោយ​ការដឹងថាវាជារឿង​ជៀសមិនរួ​ចនឹង​​ធ្វើឱ្យអ្នកងាយ​ ទទួលយកវា។ អ្នកក៏អាចចាត់ទុក​វាថាជាមេរៀន​និងជាឱកាស​​ដើម្បីអភិវឌ្ឍ​ខ្លួន​​បានដែរជាជាង​ចាត់​ទុកវាថាជាទីបំផុត ឬជាសញ្ញានៃការ​បោះបង់ចោល​ទាំងស្រុង។

៣/ វេលវេលាជាធនធានមានតម្លៃបំផុតរបស់អ្នក៖ពាក្យចាស់​ដែលថាពេលវេលាជា​មាសប្រាក់នៅតែមានន័យ​ត្រឹមត្រូវ​ដដែល​រហូតដល់​សម័យនេះ ហើយវាអាចជា​ពាក្យដែលចាំ​រំលឹកប្រាប់អ្នក​អំពីអំណាច​របស់​ពេលវេលា​លើ​ ពាណិជ្ជកម្ម​របស់អ្នក។ ឧទាហរណ៍​ជាក់ស្តែង បើអ្នក​ចាប់ផ្តើម​កិច្ចការ​អ្វីមួយ​បានកាន់​តែឆាប់ អ្នក​នឹងមាន​ពេលកាន់​តែ​ច្រើន​ដើម្បីបង្កើន​ផលប្រយោជន៍​​សម្រាប់ខ្លួនអ្នក។ បន្ថែម​ពីលើនេះ អ្នកមាន​ពេលច្រើន​ម៉ោង​ណា​ស់​ក្នុងមួយ​ថ្ងៃៗ ដូច្នេះ​របៀបដែល​អ្នកចំណាយ​ពេលមានឥទ្ធិពល​ដោយត្រង់​លើការ​បង្កើន​​ផលិត​​ភាពរបស់​អ្នក។

៤/ ទំនាក់ទំនងអាចរារាំងឬផ្សះផ្សាស្ទើរគ្រប់បញ្ហា៖អំណាច​នៃទំនាក់ទំនង​មិនគួរមើល​រំលង​ឡើយ។ ការទាក់​ទំនងអាច​រារាំងការ​វិវឌ្ឍ​នៃ​បញ្ហាផ្សេងៗ តាម​រយៈការពន្យល់​បកស្រាយ​យ៉ាងច្បាស់ៗ និង​កំណត់​ការរំពឹង​ទុក​យ៉ាង​ជាក់លាក់ដែល​​បញ្ជៀសបាន​នូវការយល់​ខុស។ ការទាក់ទង​គ្នាល្អក៏អា​ជួយអ្នក​ដោះស្រាយ​បញ្ហាទោះ​បីជា​វា​ជារឿងសុំ​អភ័យទោស​ក្តី ឬការ​ពន្យល់​ស្ថានការណ៍​ថ្មីៗក្តី។

៥/ ភាពឥតខ្ចោះជាសត្រូវនៃភាពរីកចម្រើន៖ដោយ​សារតែបរិស្ថាន​ពាណិជ្ជកម្ម​សព្វ​ថ្ងៃមាន​ល្បឿនលឿន ការរង់​ចាំ​លក្ខខណ្ឌ​ឥតខ្ចោះ​​ដើម្បី​ចាប់ផ្តើម​កិច្ចការអ្វីម្យ៉ាង​ អាចចាត់ទុកថា​បរាជ័យក្នុងការ​អនុវត្ត​គំនិត។ ពា​ណិជ្ជកម្ម​ដែលផុតស្រួច និងងាយ​បត់បែន​ហើយបង្ហាញ​ឱ្យឃើញថា វាជាការងារ​ដែល​អាច​សាកល្បង និង​កែតម្រូវ​ជា​បណ្តើរៗ​អាចនឹងក្លាយ​ជាពាណិជ្ជកម្ម​ជោគជ័យ។ គ្មានអ្វីដែល​អ្នកអាចធ្វើបាន​ល្អឥតខ្ចោះ​ទេ​នៅ​​ពេល​ចាប់ផ្តើម។ ប៉ុន្តែត្រូវ​ប្រាកដថា អ្នកមាន​តុល្យភាព​រវាងការត្រៀម​លក្ខណៈគ្រប់គ្រាន់​ជាមួយ​នឹង​ល្បឿន​នៃការ​ បត់បែន។

៦/ គ្រប់គំនិតទាំងអស់ត្រូវមានឫសគល់ក្នុងភាពប្រាកដនិយម៖មិនខ្វល់ថា​គំនិតរបស់​អ្នកល្អកម្រិតណាឬថ្មី​របៀប​ណានោះ​ទេ វាអាច​មានតម្លៃ​តែនៅពេល​​ដែល​យក​​ទៅអនុវត្តជាក់​ស្តែងប៉ុណ្ណោះ​។ ឧទាហរណ៍ ប្រសិន​បើអ្នកមាន​ទស្សនវិស័យ​មួយដើម្បី​ផលិត​ឧបករណ៍​អ្វីមួយ ប៉ុន្តែ​អ្នកមិនមាន​ធនធានគ្រប់គ្រាន់ដើម្បីធ្វើឱ្យបាន​ដូចចិត្ត អ្នកត្រូវតែ​បោះបង់​គំនិតនោះចោល។ ដូចគ្នានេះដែរ​ក្នុងគំនិត​ពាណិជ្ជកម្ម អ្នក​អាចនឹង​នឹកគិតឃើញ​គំនិតថ្មី​​ស្រឡាំង​មួយ​សម្រាប់សហគ្រាស ប៉ុន្តែ​​ប្រសិនបើគ្មាន​មធ្យោបាយ​ដើម្បីបង្កើត​ប្រយោជន៍ទេ អ្នកនឹង​មិនអាច​ទៅមុខរួចទេ។ ពេលខ្លះ​គំនិតល្អមិន​អាចចេញ​ផ្លែផ្កាបាន​ដោយសារ​ខ្វះការ​អនុវត្ត​។

៧/ អ្នកមានមធ្យោបាយរៀនសូត្រច្រើនណាស់ក្នុងពេលធ្វើកិច្ចការអ្វីម្យ៉ាង៖មិនខ្វល់ថា​អ្នកដឹង​កម្រិតណា ឬគិត​ថាអ្នកមាន​ចំណេះដឹង​ច្រើនកម្រិត​ណាទេ អ្នកនឹង​មានពត៌​មាន​​ថ្មីៗ​ជាច្រើន​​​តែ​ត្រូវ​រៀន​ជានិច្ច។ ចំណែក​ខួរក្បាលរបស់​អ្នកក៏មានចន្លោះ​ទូលាយ​​ច្រើនទៀត​ដើម្បីផ្ទុកទិន្នន័យ​ ថ្មីដើម្បីប្រែក្លាយ​ខ្លួនជាមេដឹក​នាំស្ថាប័នឱ្យ​បានកាន់តែ​ប្រសើរ​ឡើងដែរ។ ពីមួ​យ​ថ្ងៃទៅមួយ​ថ្ងៃគំនិតថ្មីៗ​និង​ជំនាញថ្មី​ត្រូវគេរក​ឃើញមិន​ដាច់។ ការរក្សា​ទម្លាប់រៀន​សូត្រ​ដើម្បី​​អភិវឌ្ឍ​ខ្លួននឹងធ្វើ​ឱ្យអ្នកសម្រេចបាន​ សមិទ្ធផលល្អបំផុត​ក្នុងជីវិត​របស់អ្នក៕

ប្រភព៖ thephnompenhtimes

loading...

មតិយោបល់