CDC៖ ជំងឺ Zika អាច​ឆ្លង​តាម​ការ​រួម​ភេទ និង​ប៉ះ​ពាល់​ខ្លាំង​បំផុត​ដល់​ទារក​ក្នុង​ផ្ទៃ


/ អ្នកទស្សនា៖ 183

ក្រៅ​ពី​ឆ្លង​តាម​រយៈ​មូស​ខ្លា​ខាំ វីរុស Zika ក៏​អាច​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ផង​ដែរ និង​ប៉ះ​ពាល់​ខ្លាំង​ដល់​ទារក​ក្នុង​ផ្ទៃ ដែល​ទាមទារ​ចាំ​បាច់​ឲ្យ​មាន​ការ​ពិនិត្យ​ផ្ទៃ​ពោះ​ជា​ប្រចាំ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​​នឹង​ជំងឺ​ឆ្លង(CDC) ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​ជំងឺ Zika កាល​ពី​ព្រឹក​មិញ។

1

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​បញ្ជាក់​ថា តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ វីរុស Zika ក៏​អាច​មាន​ផ្ទុក​ក្នុង​ទឹក​កាម​ផង​ដែរ ហើយ​វា​នឹង​ចម្លង​តាម​រយៈ​ការ​រួម​ភេទ។ លោក​បាន​និយាយ​ថា៖ “តាម​ពិត នេះ​ជា​ការ​រក​ឃើញ​របស់​អ្នក​វិទ្យាសាស្ត្រ ដោយ​គេ​តាម​ដាន​អ្នក​ធ្លាប់​មាន​ជំងឺ Zika ហ្នឹង គឺ​គេ​យក​ទឹក​កាម​ទៅ​ពិនិត្យ… ហើយ​ក្នុង​នោះ​គេ​ឃើញ​ថា វា​អាច​មាន​ផ្ទុក​ក្នុង​ឈាម ក្នុង​ទឹក​កាម ដូច្នេះ​ហើយ​បាន​ជា​អ្នក​វិទ្យាសាស្ត្រ​សំណូម​ពរ​ឲ្យ​អ្នក​ធ្លាប់​ទៅ​តំបន់​មាន​ផ្ទុះ​វីរុស តាម​ដាន​សុខភាព ហើយ​បើ​អាច​គឺ​តម​ការ​រួម​ភេទ​មួយ​រយៈ…”។

2
លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់

ជំងឺ Zika មាន​រោគ​សញ្ញា​ស្រដៀង​នឹង​ជំងឺ​គ្រុន​ឈាម​ដែរ ហើយ​ភាគ​ច្រើន​អាច​ជា​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល ២ ទៅ ៧ថ្ងៃ ដោយ​គ្មាន​ការ​ព្យាបាល​ជាក់លាក់ និង​គ្មាន​ហានិភ័យ​ចំពោះ​ការ​បាត់​បង់​ជីវិត​ឡើយ។ ប៉ុន្តែ​ជំងឺ​នេះ បង្ក​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​ទារក​ក្នុង​ផ្ទៃ ពោល​គឺ​ស្ត្រី​ដែល​កើត​ជំងឺ​នេះ ហើយ​មាន​ផ្ទៃ​ពោះ មាន​តែ​វិធី​រំលូត​ប៉ុណ្ណោះ ព្រោះ​ទារក​ដែល​កើត​មក​អាច​មាន​ខួរ​ក្បាល​មិន​ប្រក្រតី​តាំង​ពី​កំណើត។

បើ​តាម​ប្រភព​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ដដែល​បាន​ឲ្យ​ដឹង​ថា Zika ឆ្លង​តាម​រយៈ​មូស​ខ្លា​ញី​មាន​ផ្ទុក​វីរុស Zika ឆ្លង​ពី​ម្ដាយ​ទៅ​ទារក​ក្នុង​ផ្ទៃ ព្រម​ទាំង​ឆ្លង​តាម​ការ​រួម​ភេទ។ ​​ក្រោយ​រីក​រាល​ដាល​ខ្លាំង​នៃ​​ជំងឺ​នេះ គេ​សង្កេត​ឃើញ​ថា ទារក​ដែល​កើត​មក​មាន​ក្បាល​តូច ទន់​ដៃជើង កូន​ស្លាប់​ក្នុង​ផ្ទៃ ក៏​ប៉ុន្តែ​មិន​មាន​ភស្តុតាង​ជាក់​លាក់​ណា​មួយ​បញ្ជាក់​បាន​នៅ​​ឡើយ​ថា វា​មាន​ជាប់​ពាក់ព័ន្ធ​ឬ​អត់ ដោយ​គេ​កំពុង​ធ្វើការ​សិក្សា​បន្ថែម។

3
Zika ធ្វើ​ឲ្យ​ទារក​មាន​ក្បាល​តូច​ខុស​ប្រក្រតី

Zika រក​ឃើញ​ដំបូង​​លើ​សត្វ​ស្វា​នៅ​ប្រទេស​អ៊ូហ្គាន់ដា នៃ​ទ្វីប​អាហ្វ្រិក ក្នុង​ឆ្នាំ​១៩៤៧។ វីរុស​ដែល​គ្មាន​វ៉ាក់សាំង​ការពារ​នេះ បាន​រក​ឃើញ​លើ​មនុស្ស​នៅ​ឆ្នាំ ១៩៥២ នៅ​ប្រទេស​អ៊ូហ្គាន់ដារ និង​សាធារណរដ្ឋ​តង់ហ្សានី។ ចំពោះ​កម្ពុជា​វិញ ធ្លាប់​កើត​មាន ៧ករណី​ចាប់​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ២០១០ ប៉ុន្តែ​បច្ចុប្បន្ន​ពុំ​មាន​វត្តមាន​ជំងឺ​នេះ​ឡើយ៕

ប្រភព៖ sabay

loading...

មតិយោបល់