កាត់​សក់ ​គួរ​រំលង​មួយ​ថ្ងៃ​នេះ ព្រោះ​អាច​នាំ​ឲ្យ​រលាយ​ បាត់​លាភ​សំណាង


/ អ្នកទស្សនា៖ 1,899

ការ​ជ្រើសរើស​ថ្ងៃ​កាត់​សក់ តាម​ជំនឿ​ពី​បុរាណ មាន​សារៈសំខាន់​ណាស់ ព្រោះ​ថ្ងៃ​នីមួយៗ​ក្នុង​មួយ​សប្ដាហ៍សុទ្ធ តែ​ត្រូវ​បាន​ចាស់ៗ​លោក​សម្គាល់​ទុក ថា​តើ​ថ្ងៃ​ណា​ជា​ថ្ងៃ​ដែល​គួរ​កាត់​សក់ និង​ថ្ងៃ​ណា​មិន​គួរ​កាត់ ដើម្បី​ជា​ការ​លើក​រាសី ឬ​អាច​និយាយ​ថា កាត់​សក់​ចំថ្ងៃ​ល្អ​អាច​នាំ​ឲ្យ​មាន​លាភ​សំណាង​ផង​ដែរ។ តាម​ជំនឿការ​កាត់​សក់​មិន​គួរ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ឡើយ ព្រោះ​អាច​នាំ​ឲ្យ​រលាយ​បាត់​លាភ​សំណាង​ដែល​បម្រុង​នឹង​ហូរ​ចូល។

លោក​ តា សេក​ ដែល​ជា​តាអាចារ្យស្នាក់​នៅ​ក្នុង​វត្តមាត់​ក្រសះ ស្ថិតនៅ​ភូមិក្តី​កណ្តាល ​ឃុំសារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល បាន​រៀប​រាប់​​ពី​ការ​កាត់​សក់​ចំ​ថ្ងៃ​នីមួយៗ ដែល​មាន​នៅ​​ក្នុង​គម្ពី​ឲ្យ​ដឹង​ថា ​ចំ​ពោះ​ការ​កាត់​សក់កាត់​សក់​ចំថ្ងៃអាទិត្យនឹង​មាន​អាយុ​យឺនយូរ សុខភាព​រឹងប៉ឹង មាំមួន ប្រាសចាក​ពី​រោគា​ព្យាធិ បើ​កាត់​សក់​ចំថ្ងៃ​ច័ន្ទ នឹង​មាន​តែលាភ​សំណាង ចំណែក​កាត់​សក់​ចំថ្ងៃ​អង្គារ នឹង​មាន​តេជះ ឫទ្ធិ​អំណាច មាន​គេ​ខ្លបខ្លាច។

លោក​ តា សេក បាន​រៀប​រាប់​បន្តថា សម្រាប់​ការ​កាត់​សក់​ចំថ្ងៃ​ពុធ មិនល្អ​ទេ លាភសំណាង​ផ្សេងៗ​ដែល​បម្រុង​នឹង​ហូរ​ចូល នឹង​រលាយ​បាត់ ហើយ​ជំនួស​មក​វិញ​ដោយ​សេចក្ដី​ទុក្ខមក​ដាក់​ខ្លួន ចំពោះ​ការ​កាត់​សក់​ចំថ្ងៃ​ព្រហស្បត្តិ៍ នឹង​មាន​ទេវតា ព្រម​ទាំង​វត្ថុ​ស័ក្ដិ​សិទ្ធ តាម​ជួយ​ថែរក្សា។

ដោយឡែក​ ការ​កាត់​សក់​ចំថ្ងៃ​សុក្រ នឹង​មាន​មន្ត​ស្នេហ៍ ដែល​ជា​ទី​ស្រឡាញ់​នៃ​មនុស្ស​ទាំង​ពួង តែ​បើ​កាត់​សក់​ចំថ្ងៃ​សៅរ៍ ប្រពៃ​បំផុត គិត​អ្វីៗ ឬ​ធ្វើ​កិច្ច​ការងារ​អ្វី នឹង​បាន​សម្រេច​តាម​បំណង​ប្រថ្នា មាន​សិរីមង្គល សំណាង​ល្អ។

ចុះ​មនុស្ស​ភាគ​ច្រើន មាន​ជំនឿ​លើ​ការ​រើស​ថ្ងៃ​កាត់​សក់​ទេ?

ជាជាង​កាត់​សក់​ ដែល​មាន​ប្រជា​ប្រិយ​ភាព​នៅ​ក្នុង​ភូមិ​ពាម​តាអែក​ ឃុំ​ពាម​ឧកញ្ញាអុង ស្រុក​ល្វាឯម​ ខេត្ត​កណ្តាល​ លោក​ សុង​ ហេង អាយុ៤៣ឆ្នាំ ដែល​បាន​ប្រកប​របរ​ជា​ជាង​កាត់​សក់​ជាង​ ១២ឆ្នាំ​មក​ហើយ​បាន​​និយាយ​ថា កន្លង​មក​តាម​ដែល​ខ្ញុំ​កត់​សម្គាល់ ​គឺ​មាន​ភ្ញៀវ​មួយ​ចំនួន​មាន​ការ​រើស​ថ្ងៃ​​​កាត់​សក់​ដែរ​ ​មិន​តែ​ប៉ុណ្ណោះ​មាន​​ភ្ញៀវ​ខ្លះ​គាត់​រើស​ទាំង​ម៉ោង​ទៀត​ផង​ បើ​ខ្វះ​ឫ​លើស​ម៉ោង​គឺ​ពួក​គាត់​មិន​កាត់​ទេ​។

កំពុង​ឈរ​កាត់​សក់​អោយ​ភ្ញៀវ​យ៉ាង​ផ្ចិត​ផ្ចង់ លោក​ សុង​ ហេង ​បាន​រៀប​រាប់​បន្ត​ថា កាល​ដែល​ភ្ញៀវ​មួយ​ចំនួន​គាត់​គិត​បែប​នេះ​ គឺ​វា​អាស្រ័យ​ទៅ​លើ​​ការ​យល់​ឃើញ​របស់​ពួក​គាត់​ម្នាក់ៗ​ ដោយ​ពួក​គាត់​គិត​ថា ​ធ្វើ​បែប​នេះ​ ដើម្បី​ជា​កា​រ​លើក​រាសី​ក្នុង​ការ​រក​ស៊ី​ និង​ជោគជ័យ​ក្នុង​ការ​ងារ​​ជា​ដើម​៕

កំពុង​អង្គុយ​ចាំ​រង់ចាំ​កាត់​សក់ លោក​ អឹម​ ពុយ​ មាន​អាយុ​ ៣៧ឆ្នាំ រស់​នៅ​ក្នុង​ភូមិពាមតាអែក​ ឃុំ​ពាម​ឧកញ្ញាអុង ស្រុក​ល្វាឯម​ ខេត្ត​កណ្តាល​ បាន​និយាយ​ថា៖ “កន្លង​មក​ខ្ញុំ​ ធ្លាប់​លឺ​ចាស់​ៗ​គាត់​និយាយ​ដែរ​ពី​រឿង​កាត់​សក់​ចំថ្ងៃ​ណាល្អ​មិន​ល្អ​ តែ​សម្រាប់​ខ្ញុំ​ធម្មតា គឺ​តម​តែ​ថ្ងៃ​សីលមួយ​ទេ”៕

ប្រភព៖ sabay

loading...

មតិយោបល់