ប្រទេស​ជិត​៥០​ រួមគ្នា​ធ្វើ​សង្គ្រាម​ប្រឆាំង​ ISIS ​ប៉ុន្តែ​ច្រើន​ឆ្នាំ​ក្រុម​នេះ​ នៅ​តែ​មិន​ស្លាប់​ តើ​ហេតុ​អ្វី​ ?​


/ អ្នកទស្សនា៖ 462

បច្ចុប្បន្ន​គេ​អាច​មើល​ឃើញ​ពិភពលោក​កំពុង​រួម​គ្នា​ប្រយុទ្ធ​នឹង​ក្រុម​ឥស្លាម​និយម​ជ្រុល​ ISIS​ រហូត​ដល់​មាន​ការ​បង្កើត​ក្រុម​យោធា​ចម្រុះ​ជាច្រើន​ក្រុម​ ដូចជា​ សម្ពន្ធភាព​យោធា​ដឹកនាំ​ដោយ​ សហរដ្ឋ​អាមេរិក​ មាន​សមាសភាព​សុទ្ធតែ​ប្រ​ទេស​សំខាន់​ៗ​ ទាំង​យោធា​ និង​សេដ្ឋកិច្ច ​គឺ​ ចក្រភពអង់គ្លេស,​ អូស្រ្តាលី, ​បារាំង,​ អាល្លឺម៉ង់, ​កាណាដា,​ ហុឡង់ដ៍,​ អារ៉ាប៊ីសាអ៊ូឌីត,​ អារ៉ាប់រួម,​ ទួរគី, ​ហ្សកដានី,​ អេហ្ស៊ីប, ​ហ្កាតា, ​បារ៉ែន, ​អីុរ៉ាក់ ​និង​ជនជាតិ​ខឺត​ក្នុង​ប្រទេស​ អីុរ៉ាក់ ។​

អារ៉ាប៊ីសាអ៊ូឌីត បាន​បង្កើត​សម្ពន្ធភាព​យោធា​មួយ​ ក្នុង​ឆ្នាំ​ ២០១៥​ ដែល​មាន​សមាជិក​សុទ្ធតែ​ប្រទេស​ មូស្លីម ​មាន​ឈ្មោះ​ថា​ ក្រុម​ចម្រុះ​ប្រឆាំង​ភេរវកម្ម ​ដែល​មាន​សមាសភាព​ ៣៤​ ប្រទេស​ ដោយ​ហៅ​ក្រុម​ ISIS ​ថា​ជា​មេរោគ​ ហើយ​ត្រូវ​តែ​ព្យាបាល ។​ សម្ពន្ធភាព​យោធា​នោះ​មាន​ អារ៉ាប៊ីសាអ៊ូឌីត​ ជា​ប្រធាន​ និង​ប្រទេស​ ៣៣​ ជា​សមាជិក​ គឺ​ អារ៉ាប់រួម,​ ហ្សកដានី,​ ប៉ាគីស្ថាន,​ ទួរគី,​ បារ៉ែន, ​បង់ក្លាដេស,​ បេនីន,​ ឆាត,​ តុងហ្គា,​ ទុយណេស៊ី,​ ឌីប៊ូទី,​ សេណេហ្គាល់,​ សេរ៉ាឡេអូន,​ ស៊ូដង់,​ សូម៉ាលី,​ ហ្គាបុង,​ ហ្គីណេ,​ រដ្ឋាភិបាល​នៃ​ដែនដី​ ប៉ាឡេស្ទីន,​ កូម៉ូរ៉ូស,​ កូឌីវ័រ,​ គុយវ៉ែត,​ លីបង់,​ លីប៊ី,​ ម៉ាល់ឌីវ,​ ម៉ាលី,​ ម៉ាឡេស៊ី,​ ហ្គាតា,​ អេហ្ស៊ីប,​ ម៉ារ៉ុក,​ ម៉ូរីតានៀ,​ នីហ្សេរ,​ នីហ្សេរីយ៉ា​ និង​ យេមែន ។

បណ្ដា​ប្រទេស​នៅ​ជិត​ប្រទេស​ អីុរ៉ាក់ ​និង ​ស៊ីរី ​អនុញ្ញាត​ឲ្យ​ប្រទេស​មហា​អំណាច​ប្រើប្រាស់​មូលដ្ឋាន​យោធា​របស់​ខ្លួន ​សម្រាប់​ការ​វាយប្រហារ​ទៅ​លើ​ទីតាំង​ក្រុម​ ISIS​ ព្រមទាំង​អនុញ្ញាត​ដល់​មហា​អំណាច​ ឲ្យ​ប្រើប្រាស់​កំពង់ផែ​ និង​ដែន​ទឹក​សម្រាប់​នាវា​ផ្ទុក​យន្តហោះ ។​

ទោះ​ជា​ប្រទេស​ខ្លាំង​ៗ​ទាំង​នោះ​ បាន​រួម​ដៃ​គ្នា​ច្រើន​ឆ្នាំ ​ព្រមទាំង​ប្រើប្រាស់​គ្រប់​មធ្យោបាយ ​ដោយ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ ហើយ​បាន​ចំណាយ​ទាំង​ធនធាន​ និង​មនុស្ស​ ប៉ុន្តែ​ក្រុម​ ISIS ​នៅ​តែ​មាន​ទឹកដី​គ្រប់គ្រង, ​មាន​ហិរញ្ញវត្ថុ ​និង​កម្លាំង​មនុស្ស ។ ​អ្វី​ដែល​ជា​មូលហេតុ​រួម​គឺ ​ក្រុម​ជីហាត​ដែល​ចូល​ចិត្ត​ហិង្សា​នេះ ​ពឹងផ្អែក​លើ​ទ្រឹស្ដី​ឥស្លាម​បង្កប់​នយោបាយ​ និង​ជំនឿ​របស់​ជន​មូស្លីម​មួយ​ចំនួន​ ទៅ​លើ​អំពើ​ហិង្សា​ឃោសនា​ដោយ​ក្រុម​ជីហាត ​ធ្វើ​ឲ្យ​ ISIS ​នៅតែ​ទទួល​បាន​ការ​គាំទ្រ​ពី​ជន​មូស្លីម​ នៅ​បរទេស​ រួម​ទាំង​ប្រទេស​ដែល​ចូល​រួម​ប្រយុទ្ធ​ក្នុង​ក្រុម​ចម្រុះ​ទាំង​នោះ​ផង​ដែរ ។​

នៅ​ពេល​ណា​ដែល​អ្នក​កាន់​សាសនា​ឥស្លាម​បដិសេធ​ទ្រឹស្ដី​ឥស្លាម​បង្កប់​នយោបាយ​ និង​ច្រានចោល​ជំនឿ​លើ​ការ​ឃោសនា​ហិង្សា ​ពេល​នោះ​ មិន​បាច់​មាន​សម្ពន្ធភាព​យោធា​ ឬ ​ក្រុម​ចម្រុះ​អ្វី​នោះ​ទេ​ ISIS​ នឹង​រលាយ​ដោយ​ខ្លួន​ឯង ​ដោយសារ​គ្មាន​អ្នក​គាំទ្រ ។​ ទោះ​ជា​ថ្ងៃ​ណា​មួយ​ ISIS​ ត្រូវ​បាន​បំផ្លាញ​ ប៉ុន្តែ​អ្នក​ប្រយុទ្ធ​របស់​ក្រុម​នេះ​ នឹង​បញ្ចូល​ខ្លួន​ជា​មួយ​នឹង​ក្រុម​ភេរវកម្ម​ដទៃ ​ដែល​ប្រឆាំង​អរិយ​ប្រទេស​ ដូចជា​ ក្រុម​អាល់កៃដា​ ជាដើម ​ហើយ​បន្ត​បេសកកម្ម​របស់​ខ្លួន​ ក្រោម​ការ​ឃោសនា​ថា ​បំពេញ​ភារកិច្ច​ដើម្បី​ព្រះ៕

1

2

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *