ដាន​ប្រវត្តិសាស្ត្រ​បង្ហាញ​ថា ព្យុងយ៉ាង​អាច​នឹង ​បង្ក​ភាព​ភ្ញាក់​ផ្អើល សម្រាប់​ការ​បោះ ឆ្នោត​អាមេរិក

/ អ្នកទស្សនា៖ 288

ការ​សិក្សា​ថ្មី​មួយ បញ្ចេញ​ដោយ​ក្រុម​សិក្សា​អំពី​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា បើ​មើល​តាម​ដាន​ប្រវត្តិសាស្ត្រ កូរ៉េខាង ជើង​អាច​នឹង​បង្ក​រឿង​បន្ថែម​ទៀត នៅ​ជុំវិញ​ការ​បោះឆ្នោត​ជាតិ​អាមេរិក ដោយ​វា​អាច​កើត​ឡើង​មុន ឬ​ក្រោយ​ពេល​បោះឆ្នោត​រើស​ប្រធានាធិបតី​ថ្មី​អាមេរិក ។

អស់​រយៈ​ពេល​ជាង​៦០​ឆ្នាំ​មក​ហើយ ដែល​កូរ៉េខាងជើង​តែងតែ​ព្យាយាម​បង្ក​ភាព​តានតឹង​ឲ្យ​កាន់​តែ​ខ្លាំង ជុំវិញ​ការ​បោះឆ្នោត​ជាតិ​អាមេរិក ជាពិសេស​គឺ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​តែ​ម្ដង នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​សិក្សា​ពី​យុទ្ធសាស្ត្រ និង​អន្តរជាតិ ។

ឧទាហរណ៍​ជាក់ស្ដែង កូរ៉េខាងជើង​បាន​សាកល្បង​មីស៊ីល​មួយ​គ្រាប់ ក្រោយ​មក​សាកល្បង​នុយក្លេអ៊ែរ​មួយ​ទៀត ក្រោយ​ពី​ប្រធានាធិបតី Barack Obama ជាប់ឆ្នោត​ឡើង​កាន់​អំណាច​បាន​តែ​បន្តិច ។

ដោយឡែក​ក្នុង​ការ​បោះឆ្នោត​រើស​ប្រធានាធិបតី​អាមេរិក​ក្នុង​ពេល​ខាង​មុខ​នេះ​វិញ ព្យុងយ៉ាង​អាច​នឹង​ធ្វើ​ការ​សាកល្បង​ដ៏​ធំ​មួយ​ទៀត ដែល​វា​អាច​ជា​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ ឬ​ការ​បាញ់​រ៉ុកកែត​បំពាក់​ផ្កាយ រណប ចូល​ទៅ​គន្លង​ផែនដី នេះ​បើ​យោង​តាម​លោក Victor Cha ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​ក្នុង​ចំណោម​អ្នក​ឯទៀត ដែល​បាន​ធ្វើ​ការ​សិក្សា​នេះ​ឡើង ។

លោក Ken Gause ជា​អ្នក​វិភាគ​លើ​មេដឹកនាំ​កូរ៉េខាងជើង​បាន​ឲ្យ​ដឹង​ថា “កូរ៉េខាងជើង​បង្ហាញ​ភាព​គឃ្លើន​បំផុត គឺ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ឪពុក​លោក Kim Jong Un ។” ហើយ​ទន្ទឹម​នឹង​គ្នា​នេះ អ្នក​វិភាគ​ដទៃ​ទៀត​ក៏​យល់​ស្រប​ដែរ​ថា ព្យុងយ៉ាង​បង្ហាញ​សកម្មភាព​បង្ក​រឿង​តិច​ជាង​មុន ក្រោយ​ពេល​ដែល​ប្ដូរ​មេដឹកនាំ​មក ។

ការ​បង្ក​រឿង​គ្រប់​យ៉ាង ដែល​បង្ក​ឡើង​ដោយ​កូរ៉េខាងជើង ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​ជា​រៀងរាល់​លើក ហើយ​អ្នក​វិភាគ​បាន​លើក​ឡើង​មូលហេតុ​២​ចំណុច ដែល​នាំ​ឲ្យ​កើត​មាន​ការ​បង្ករឿង​ទាំង​នោះ ។

ទី​១​គឺ​ដោយសារ​តែ​កូរ៉េខាងត្បូង ។ ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​បាន​ធ្វើ​ឲ្យ​មាន​ភាព​ងាយ ស្រួល ដល់​មេបញ្ជាការ​យោធា​ទាំងឡាយ ឲ្យ​ប្រតិកម្ម​តបត​ទៅ​នឹង​ការ​បង្ក​រឿង​របស់​ព្យុងយ៉ាង​វិញ ដោយ​មិន​បាច់​ឆ្លង​កាត់​ការ​គិតគូរ ពី​សំណាក់​អ្នក​នយោបាយ​ក្នុង​ប្រទេស​ទៀត​ឡើយ ។

ទី​២​វិញ​គឺ​ថា ការ​បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នេះ អាច​នឹង​ធ្វើ​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង​មាន​អារ​ ម្មណ៍​ថា គេ​ទទួល​បាន​និទ្ទណ្ឌភាព ដោយ​មាន​សមត្ថភាព​ការពារ​ខ្លួន​ឯង​បាន ដោយ​វា​ទំនង​ជា​អ្វី ដែល​មន្ត្រី​ការទូត​ព្យុងយ៉ាង​តែង​ប្រាប់​ទៅ​ពិភពលោក​ថា ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន គឺ​ធ្វើ​ឡើង​ដោយសារ​តែ​រង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ពី​អាមេរិក ។

បញ្ហា​របស់​កូរ៉េខាងជើង នឹង​ក្លាយ​ជា​បញ្ហា​ដ៏​ចម្បង​មួយ សម្រាប់​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក ព្រោះ​វា​មិនមែន​ជា​បញ្ហា​សម្រាប់​តែ​ក្នុង​តំបន់​ទេ​តែ​គឺ​សម្រាប់​អន្តរជាតិ​ទាំងមូល​តែ​ម្ដង ។

អ្នក​វិភាគ​លើ​សន្តិសុខ​ជាតិ​បាន​ឲ្យ​ដឹង​ថា អាមេរិក​គ្មាន​អានុភាព​អ្វី ដែល​អាច​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាង ជើង​ មិន​ឲ្យ​រីកចម្រើន​ទៅ​មុខ​បាន​ទេ ហើយ​ក៏​មិន​អាច​សម្រួល​តាម​មធ្យោបាយ​ការទូត​ដែរ ។ អស់​រយៈ​ពេល​២០​ឆ្នាំ​ហើយ ដែល​អាមេរិក​ព្យាយាម​សម្រុះសម្រួល​ផ្នែក​ការទូត​ជាមួយ​អាមេរិក តែ​សុទ្ធ​តែ​ត្រូវ​ព្យុងយ៉ាង​ដេញ​មក​វិញ​ទាំង​អស់ ។

មធ្យោបាយ​ដែល​អាមេរិក​ និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​អាច​ធ្វើ​បាន​គឺ សង្ឃឹម​លើ​ចិន​ប៉ុណ្ណោះ ដោយ​សង្ឃឹម​ថា ចិន​អាច​នឹង​រាំងស្ទះ​ការ​រីក​លូតលាស់​ផ្នែក​បច្ចេកវិទ្យា សេដ្ឋកិច្ច និង​ពន្យឺត​កម្មវិធី​នុយក្លេអ៊ែរ​របស់​ព្យុងយ៉ាង​វិញ​បាន រួច​ទើប​ចាប់​ផ្ដើម​ការ​ចរចា​គ្នា​តាម​ក្រោយ ៕

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *