Duterte អញ្ជើញ​អង្គ​ ការ​សហប្រជាជាតិ និង​សហភាព​អឺរ៉ុប ឲ្យ​មក​ជជែក​តទល់​រឿង​សិទ្ធិមនុស្ស

/ អ្នកទស្សនា៖ 124

ប្រធានាធិបតី​មាត់​ឆៅ លោក Rodrigo Duterte កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រកាស​អញ្ជើញ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Ban Ki-moon និង​សហភាព​អឺរ៉ុប ឲ្យ​មក​ស៊ើបអង្កេត​លើ​រឿង​ប្រឆាំង​គ្រឿង​ ញៀន ហើយ​ប្រកាស​ចង់​ជជែក​តទល់​១​ស្មើ ជាមួយ​មេធាវី​ល្អ​បំផុត ប្រចាំ​សហភាព​អឺរ៉ុប​ទៀត ។

ទាំង​សហភាព​អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ សុទ្ធ​តែ​ប្រកាស​សុំ​ឲ្យ​ហ្វីលីពីន​ គិត​គូ​ពី​បញ្ហា​សិទ្ធិមនុស្ស​ឡើង​វិញ ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​គេ តែ​ក្នុង​នោះ ទាំង​សហភាព​អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ សុទ្ធ​តែ​ត្រូវ​លោក​ Duterte លេង​ទៅ​វិញ​យ៉ាង​ចាស់​ដៃ ដោយ​លោក​ហៅ​អង្គការសហប្រជាជាតិ​ថា គ្មាន​ប្រយោជន៍ ហើយ​គំរាម​ចង់​ដើរចេញ​ពី​អង្គការ​ពិភពលោក​នេះ​ទៀត ដោយឡែក​សហភាព​អឺរ៉ុប​វិញ លោក​ Duterte បាន​ឲ្យ​ម្រាម​ដៃ​កណ្ដាល​ដល់​អង្គការ​នេះ ហើយ​និយាយ​ថា “Fuck You” ដល់​ទៅ​២​ដង ។

លោក​បាន​ថ្លែង​ថា “ខ្ញុំ​អញ្ជើញ​លោក​ Ban Ki… នៃ​អង្គការ​សហប្រជាជាតិ ហើយ​ឈ្មោះ​បិសាច​នោះ​ឈ្មោះ​អី​ដែរ? Ban Ki-moon ។” ម្យ៉ាងទៀត​លោក​បន្ត​ថា “ខ្ញុំ​អញ្ជើញ​សហភាព​អឺរ៉ុប ឲ្យ​បញ្ជូន​មេធាវី​ល្អ​ផ្ដាច់​គេ​មក ហើយ​មក​ជាមួយ​អ្នក​រាយការណ៍​ផង ។ ឲ្យ​ពួកគេ​មក​ហ្វីលីពីន រួច​ខ្ញុំ​នឹង​សរសេរ​សំបុត្រ​អញ្ជើញ​ឲ្យ​មក​ស៊ើប​អង្កេត ។”

និយាយ​ដល់​រឿង​សិទ្ធិមនុស្ស​មួយ​វិញ​ទៀត លោក​ស្រី Leila de Lima ដែល​ធ្លាប់​ចង់​ស៊ើបអង្កេត​លោក Duterte ជា​ច្រើន​ដង​នោះ ពេល​នេះ​ត្រូវ​គេ​បោះឆ្នោត​ទម្លាក់​ពី​កៅអី​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​ហើយ ថែម​ទាំង​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ទៀត​ផង ដែល​អាច​ជាប់​ពន្ធនាគារ​ដល់​ទៅ​៣០​ឆ្នាំ ។

គួរ​បញ្ជាក់​ថា លោក Duterte បាន​ចោទប្រកាន់​អ្នក​ស្រី Leila de Lima ថា លួច​សហាយស្មន់​ជាមួយ​កូនចៅ​អ្នក​ស្រី ហើយ​ទទួល​លុយ​សំណូក និង​លក់​គ្រឿងញៀន​នៅ​​ពន្ធនាគារ ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រទេស​ទៀត​ផង តែ​អ្វី​ទាំង​នេះ ត្រូវ​បាន​លោក​ស្រី​បដិសេធ​ទាំង​អស់ ៕

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *