ភាគី​ថៃ​ព្រម​បើក​ទីផ្សារ ​សម្រាប់​ស្វាយកែវ​រមៀត ​ខ្មែរ​ឡើង​វិញ


/ អ្នកទស្សនា៖ 212

ខេត្ត​ប៉ៃលិន៖ អាជ្ញាធរ​ខេត្ត រួម​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ​ជា​ច្រើន​ដូច​ជា មន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​កសិកម្ម សាខា​កាំកុងត្រូល នគរបាល​អន្តោប្រវេសន៍ សាខា​គយ​និង​រដ្ឋាករ សមាគម​កសិកម្ម​ខេត្ត កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា កន្លង​ទៅ បាន​ចូល​ទៅ​ចរចា​ជាមួយនឹង​ភាគី​ថៃ​ក្នុង​ទឹកដី​ខេត្ត​ចាន់​បុរី ដើម្បី​សុំ​ថៃ​បើក​ឱ្យ​អាជីវករ​ខ្មែរ​នាំ​ផ្លែស្វាយ​កែវ​រមៀត​ចូល​ទៅ​លក់ដូរ​នៅ​ទីនោះ​ដូច​ពី​មុន​តែ​អត់​បាន​លទ្ធផល ។ លុះ​បន្ទាប់​មក ក៏​មានការ​ចរចា​ជា​លើក​ទី​២ ដោយ​លើកយក​ហេតុផល​ផ្សេង​ៗ​មក​ពន្យល់ ទើប​ខាង​ថៃ​យល់ព្រម​វិញ ។

ការ​បន្ត​ការ​ចរចា​ជាមួយ​ភាគី​ថៃ​នេះ បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា កន្លង​ទៅ​រវាង​អាជ្ញាធរ​ថៃ​ខេត្ត​ចាន់​បុរី និង​អាជ្ញាធរ​ខ្មែរ​ខេត្ត​ប៉ៃលិន ដែល​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក អៀង វុ​ធ អភិបាលរង​ខេត្ត និង​ភាគី​ថៃ​ដឹកនាំ​ដោយ​លោក វិ​ធូ​រ៉ាត់ ស៊ី​ណា​ម អភិបាលខេត្ត​ចាន់​បុរី ស្ថិត​នៅ​ផ្សារ​បាន​ផា​កាត ក្នុងភូមិ​ផា​កាត ឃុំ​ខ្ល​ង​យ៉ៃ ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បុរី ប្រទេស​ថៃ ដើម្បី​រក​ដំណោះស្រាយ ។

សូម​បញ្ជាក់​ថា ខាង​ភាគី​ថៃ​ទាមទារ​ឱ្យ​ខាង​ក្រសួងកសិកម្ម​ខ្មែរ ធ្វើ​លិខិតបញ្ជាក់​ពី​គុណភាព​ផ្លែស្វាយ​កែវ​រមៀត​ជា​មុន​សិន មុន​នឹង​នាំ​ចូល​ទៅ​លក់​នៅ​ប្រទេស​របស់​គេ ព្រោះ​គេ​ថា ធ្លាប់​ពិនិត្យ​ឃើញ​ផ្លែស្វាយ​របស់​ខ្មែរ​យើង​មាន​សត្វល្អិត​នៅ​ក្នុង​គ្រាប់ មាន​បាក់តេរី ហើយ​មាន​ផ្សិត​ខ្មៅ​ៗ​ផង​ដែរ ។ ភាគី​ថៃ​បាន​បិទ​មិន​ឱ្យ​ខ្មែរ​នាំ​ផ្លែស្វាយ​ចូល​ទៅ​ប្រទេស​គេ កាលពី​ថ្ងៃ​ទី​០៨ ខែកញ្ញា រហូត​ដល់​ថ្ងៃ​ទី​១៣ ខែកញ្ញា អាជីវករ​ជាង​៤០​នាក់​បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​ឱ្យ​ជួយ​រក​ដំណោះស្រាយ ។

ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ខ្មែរ​បានឱ្យ​ដឹង​ថា ជា​លទ្ធផល​ភាគី​ថៃ​បាន​ឯកភាព​លើ​២​ចំណុច​គឺ ៖ទី​១-​ថៃ​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំ​ស្វាយកែវ​រមៀត​ចូល​ប្រទេស​គេ​បាន ប៉ុន្តែ​អាច​ចូល​ទៅ​ដល់​ត្រឹមតែ​ខេត្ត​ចាន់​បុរី​ប៉ុណ្ណោះ

ទី​២-​នៅ​ក្រោយ​ថ្ងៃ​ទី​២៥ ខែកញ្ញា ខាង​មុខ​នេះ ភាគី​ថៃ​នឹង​បើក​ឱ្យ​អាជីវករ​ខ្មែរ​នាំ​ចូល​ផ្លែស្វាយ​កែវ​រមៀត​ទៅ​លក់​នៅ​ទូ​ទាំង​ប្រទេស​ថៃ​តែ​ម្តង ។

ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ដាំ​ស្វាយកែវ​រមៀត​ជា​ច្រើន​នៅ​តាម​ចម្ការ​ក្នុង​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​ខេត្ត​នានា មានការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង ខណៈ​ឃើញ​អាជ្ញាធរ​ខ្មែរ​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ជាប់​គាំង​នូវ​ការ​នាំ​ចេញ​ផលិតផល​ផ្លែស្វាយ​នេះ ។ ប៉ុន្តែ​ចំពោះ​តម្លៃ​មិន​ទាន់​ដឹង​ថា ដូច​ពី​មុន​ឬ​ចុះថោក​ជាង​មុន​នោះ​ទេ  ទាល់​នៅ​ពេល​ថៃ​បើក​ឱ្យ​នាំ​ចូល​ទៅ​លក់ដូរ​នៅ​ទីនោះ​ទើប​ដឹង​ប្រាកដ ដែល​ពី​មុន​លក់ដុំ​ក្នុង​១​គីឡូក្រាម​ពី​១០​ទៅ​១៥​បាត​(​ប្រាក់​ថៃ​) ៕

7ce3741e-a9ba-40cd-85b5-f08716f92743

14322761_395426033914836_3121224992284398233_n

ប្រភព៖ everyday

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *