៥​ចំណុច​ក្នុង​ការ​ស្វែងរក ​ជួល​អចលនទ្រព្យ​ សម​ដូច​បំណង

/ អ្នកទស្សនា៖ 132

ដោយ​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​មមាញឹក ការ​ធ្វើ​ដំណើរ​ពី​ផ្ទះ​ទៅ​ការិយាល័យ គឺជា​រឿង​ដែល​នឿយហត់ និង​ចំណាយ​ពេល​យូរ​។ មនុស្ស​ភាគច្រើន​បាន​ចាប់ផ្តើម​រក​កន្លែង​រស់នៅ​ណា​ដែល​ជិត​កន្លែងធ្វើការ ប៉ុន្តែ​បើសិនជា​ឱ្យ​ទិញ​ដោយ​ខ្លួនឯង ក៏​មាន​លុយដុំ​មិន​គ្រប់គ្រាន់ ។ ការ​រស់នៅ​ត្រឹមតែ​រយៈពេល​ខ្លី គួរតែ​ស្វែងរក​បន្ទប់​ជួល​ប្រចាំខែ​វិញ​ល្អ​ជាង ។

ក្រៅពី​មានការ​ប្រែប្រួល​ច្រើន​ហើយ នៅ​ពេល​ផ្លាស់​ប្តូរ​ការងារ ឬ​ត្រូវ​រើ​ទីកន្លែង​ទៅ​កន្លែង​ផ្សេង គឺ​អាច​ផ្លាស់​ប្តូរ​បាន​ភ្លាម​ៗ មិនបាច់​រង់ចាំ​ការ​លក់​ផ្ទះ​។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នៅ​មិន​ទាន់​ដឹង​ថា ប្រសិនបើ​ស្វែងរក​បន្ទប់​ជួល ឬ​ផ្ទះ​ជួល គួរ​ចាប់ផ្តើម​ពី​ត្រង់​ណា​មុន​ល្អ ។ ថ្ងៃនេះ យើង​បាន​ប្រមូលផ្តុំ​នូវ​៥​ចំណុច​ដើម្បី​ស្វែងរក​ជួល​អចលនទ្រព្យ ដូច​ជា ៖

១-​ពិនិត្យ​មើល​ការ​ទូទាត់​ក្នុង​ដៃ ៖ កុំឱ្យ​ថ្លៃ​ឈ្នួល​លើស​ពី​៣០%​នៃ​ប្រាក់​ចំណូល របស់​អ្នក​ព្រោះ​កុំ​ភ្លេច​ថា អ្នក​នៅ​មានការ ចំណាយ​ផ្សេង​ៗ​ដែល​មិន​ទាន់​បាន​រួម​បញ្ចូល ដូច​ជា ថ្លៃ​ទឹក ភ្លើង ចំណត​យានយន្ត អុ​ី​ន​ធើ​រ​ណេ​ត និង​សេវា​បោក​អ៊ុត​ជាដើម ។ ករណី​ខ្លះ​បន្ទប់​ជួល​នោះ គ្មាន​គ្រឿងសង្ហារិម អ្នក​ជួល​ត្រូវ​ស្វែងរក​គ្រឿងសង្ហារិម ឬ​គ្រឿង​តុង​តែង​ដោយ​ខ្លួនឯង ។ ក្រៅពី​នេះ មុន​នឹង​ចូល​ស្នាក់​នៅ​ខែ​ដំបូង ម្ចាស់ផ្ទះ​ជួល នឹង​យក​លុយ​កក់​មុន​ប្រមាណ​១-២​ខែ​ទៀត (​ស្រេច​លើ​ការ​ព្រមព្រៀង​) ។ ដូច្នេះ អ្នក​ត្រូវ​មាន​លុយ​ខ្លះ​សម្រាប់​ចំណាយ​លើ​ថ្លៃ​ឈ្នួល​ក្នុង​ខែ​ដំបូង ។

២-​ភាព​ចាំបាច់ និង​តម្រូវការ ៖ ស្វែងរក​តម្រូវការ​ក្រៅពី​ចំនួន​បន្ទប់​គេង និង​ចំនួន​បន្ទប់ទឹក​ថា អ្នក​នៅ​ត្រូវការ​អ្វីខ្លះ​ទៀត​ដូច​ជា ប្រសិនបើ​អ្នក​ចូល​ចិត្ត​ធ្វើ​ម្ហូប ឬ​មិន​ញ៉ាំ​អាហារ​ខាងក្រៅ​ផ្ទះ គឺ​ត្រូវ​មានផ្ទះ​បាយ ឬ​កន្លែង​សម្រាប់​ធ្វើ​ម្ហូបអាហារ ។ បើ​អ្នកជា​មនុស្ស​ចូល​ចិត្ត​សួន​បៃតង គឺ​ត្រូវ​មាន​សួន​តូច​ៗ ឬ​កន្លែង​ដាំ​ដើមឈើ ។ ប៉ុន្តែ​ពេល​ខ្លះ បើ​អ្នក​ចង់បាន​សួន​បៃតង គឺ​អ្នក​នឹង​បាន​ផ្ទះ ឬ​បន្ទប់​ដែល​តូច​ជាង ឬ​បើសិនជា​បន្ទប់​នោះ​មាន​ទំហំ​ប៉ុនគ្នា ក៏​មាន​តម្លៃ​ឈ្នួល​ខ្ពស់​ជាង​ដែរ ។ ទាំងនេះ​អ្នក​គួរ​ពិចារណា​ដល់​ភាព​ចាំបាច់ និង​តម្រូវការ​ព្រម​គ្នា ដើម្បី​ចៀសវាង​ការ​ចាយវាយ​ច្រើន​ជាង​នេះ ។

៣-​ការ​ធ្វើ​ដំណើរ ៖ គូរផែនទី​ធ្វើ​ដំណើរ​ប្រមាណ​មើល​ក្នុង​ថ្ងៃ​នីមួយ​ៗ​ថា ក្នុង​១​ថ្ងៃ​អ្នក​ត្រូវការ​ធ្វើ​ដំណើរ​បែប​ណាខ្លះ ? ប្រើ​រថយន្ត​ផ្ទាល់ខ្លួន ឬ​មធ្យោបាយ​ផ្សេង​ៗ ។ អ្នក​អា​ចរក​កន្លែង​រស់នៅ​ណា​ដែល​សន្សំ​សំចៃ​ក្នុង​ការ​ធ្វើ​ដំណើរ និង​សន្សំ​សំចៃ​ពេលវេលា​ឱ្យ​បាន​ច្រើន​បំផុត ។

ក្រៅពី​នេះ មាន​ចំណុច​មួយ​ដែល​មនុស្ស​ជា​ច្រើន​ភ្លេច​គិតដល់ គឺ​កម្មវិធី​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ព្រោះ​អ្នកខ្លះ​គិត​ត្រឹមតែ​កិច្ចការ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ និង​ភ្លេច​គិតដល់​កិច្ចការ​ដែល​ធ្វើ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ដូច​ជា អ្នក​ចូល​ចិត្ត​ដើរ​ទិញ​អីវ៉ាន់ គឺ​ត្រូវ​រក​ផ្ទះ​ជួល​ដែល​នៅ​ជិត​ហាង​ទំនិញ​គ្រប់មុខ ។ អ្នក​ចូល​ចិត្ត​ហាត់ប្រាណ លេង​កីឡា ក៏​ត្រូវ​រក​ផ្ទះ​ជួល​ដែល​មាន​ទីកន្លែង​ណាមួយ ឬ​សួន​សាធារណៈ​សម្រាប់​រត់ ឬ​ហាត់ប្រាណ ។ ម្យ៉ាងទៀត អ្នក​អាច​សង្កេត​មើល​តំបន់​នោះ​មាន​អ្វី​បង្ក​លក្ខណៈ​ងាយស្រួល​ខ្លះ​ដូច​ជា ហាង​អាហារ ឬ​ហាង​កាហ្វេ​ជាដើម ។សិក្សា​អំពី​សុវត្ថិភាព និង​បរិវេណ​ជុំវិញ​ថា មាន​សុវត្ថិភាព​គ្រប់គ្រាន់​ឬ​អត់ ។ អ្នក​អាច​រក​ព័ត៌មាន​តាម​អុ​ី​ន​ធើ​រ​ណេ​ត ឬ​សាកសួរ​អ្នក​រស់នៅ​ម្តុំ​នោះ ។

៤-​ជ្រើសរើស​ប្រភេទ​អចលនទ្រព្យ (​ខុន​ដូ​/​អា​ផាត​មិន​/​ផ្ទះ​ដាច់​តែឯង​/Townhouse) ៖ ចំណុច​សំខាន់​មួយទៀត គឺ​គួរ​ជ្រើសរើស​លក្ខណៈ​បែប​ណា​ក្នុង​ចំណោម​ខុន​ដូ អា​ផាត​មិន ឬ​ផ្ទះ ? មនុស្ស​ជា​ច្រើន​អាច​មាន​ចម្លើយ​តប​រួច​ហើយ​ថា ជ្រើសរើស​អ្វី ។ វា​អាស្រ័យ​លើ​ចំនួន​អ្នក​រស់នៅ និង​ភាព​ចាំបាច់​នៃ​ទីកន្លែង​នោះ ។ ខាងក្រោម​នេះ គឺ​ប្រភេទ​អចលនទ្រព្យ​ដូច​ជា ៖

*​ខុន​ដូ​/​អា​ផាត​មិន ៖ ជា​ជម្រើស​ដែល​ពេញ​និយម​បំផុត​សម្រាប់​មនុស្ស​ភាគច្រើន ។ វា​ស្ថិត​នៅ​ក្នុង​ក្រុង និង​មាន​ទីតាំង​ល្អ ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ ។ លើស​ពី​នេះ​ទៀត ក៏​មាន​អ្នក​មើលថែ​ទាំ​ផង​ដែរ ។ ប៉ុន្តែ​អ្នក​ត្រូវ​រស់នៅ​ក្បែរ​មនុស្ស​ផ្សេង​ទៀត ដែល​អ្នក​អាច​មាន​អារម្មណ៍​ថា គ្មាន​លក្ខណៈ​ផ្ទាល់ខ្លួន និង​បញ្ហា​ភាគច្រើន​ដែល​ជួប​ប្រទះ គឺ​បញ្ហា​ចំណតរថយន្ត​មិន​គ្រប់គ្រាន់ ។

*​ផ្ទះ​ដាច់​តែឯង ៖ មិន​ជាទី​ពេញ​និយម​សម្រាប់​អ្នក​ជួល​ប៉ុន្មាន​ទេ ក្រៅពី​វា​មាន​ថ្លៃ​ឈ្នួល​ខ្ពស់ ថែម​ទាំង​ពិបាក​ស្វែងរក​ក្នុង​ក្រុង​ទៀត​ផង ហើយ​តំបន់​ដែល​ធំ​ទូលាយ​អាច​ធ្វើ​ឱ្យ​អ្នក​ត្រូវ​ចំណាយ​ផ្សេង​ៗ​ក្នុង​ការ​ថែទាំ​ច្រើន ។ ប៉ុន្តែ​វា​សម​ស្រប​សម្រាប់​ក្រុម​គ្រួសារ​មាន​ក្មេង​តូច​ៗ ឬ​មាន​សត្វ​ចិញ្ចឹម ។

*Townhouse ៖ ជាទី​ពេញ​និយម​សម្រាប់​ជាយក្រុង និង​មាន​ភាព​ផ្ទាល់ខ្លួន​ច្រើន​ជាង​ខុន​ដូ ឬ​បន្ទប់​ជួល ។ វា​សម​ស្រប​សម្រាប់​អ្នក​រស់នៅ​២-៣​នាក់ ។ បច្ចុប្បន្ន Townhouse ស្ថិត​ក្នុង​ក្រុង គឺ​ពិបាក​ក្នុង​ការ​ស្វែងរក ឬ​បើសិនជា​មាន ក៏​វា​មាន​តម្លៃ​ថ្លៃ​ដែរ ។

៥-​ត្រៀម​ឯកសារ និង​ពិចារណា​លើ​កិច្ចសន្យាជួល ៖ នៅ​ពេល​អ្នក​ស្វែងរក​ផ្ទះ​ជួល​ពេញចិត្ត​ហើយ ចំណុច​ចុង​ក្រោយ​មុន​នឹង​ចូល​រស់នៅ គឺ​ការ​ត្រៀម​ឯកសារ និង​ណាត់ជួប​ជាមួយ​ម្ចាស់ផ្ទះ​ជួល​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចសន្យា ។

ជា​ទូទៅ ម្ចាស់ផ្ទះ​ជួល​តែងតែ​សុំ​អត្តសញ្ញាណប័ណ្ណ​ថតចម្លង​របស់​អ្នក​ទុក បន្ទាប់​មក​ទើប​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ចំនួន​២​ច្បាប់ គឺ​សម្រាប់​អ្នក​ជួល​ទុក​១​ច្បាប់ និង​ម្ចាស់ផ្ទះ​ជួល​ទុក​១​ច្បាប់ ។ ចំណុច​សំខាន់ គឺ​អ្នក​ត្រូវ​អាន​ឱ្យ​លម្អិត និង​ផ្ច​ត់​ផ្ចង់ ។ អ្នកខ្លះ​គ្រាន់តែ​ចុះហត្ថលេខា​តែ​ប៉ុណ្ណោះ ដោយ​ពួក​គេ​មិន​បាន​អាន​ឱ្យ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ។ ចំណុច​សំខាន់​ដែល​អ្នក​ជួល​គួរ​ចាប់អារម្មណ៍ គឺ​រយៈពេល​ជួល​ថា តើ​ការ​ជួល​យូរ​ប៉ុនណា ហើយ​កិច្ចសន្យា​នឹង​បញ្ចប់​នៅ​ពេល​ណា ។ ចំណែក​ថ្លៃ​ចំណាយ​ផ្សេង​ៗ និង​ថ្លៃ​ពិន័យ អ្នក​ត្រូវ​ពិនិត្យ​មើល​ថា ម្ចាស់ផ្ទះ​ជួល​មានច្បាប់​អ្វីខ្លះ ដើម្បី​ចៀសវាង​ការ​ចំណាយ​ដូច​ខាងលើ​នេះ ។

សត្វ​ចិញ្ចឹម​ក្នុងផ្ទះ ត្រូវ​មានការ​យល់ព្រម​គ្នា​ជា​មុន​ថា អ្នក​អាច​យក​សត្វ​ចិញ្ចឹម​ចូល​មក​ក្នុងផ្ទះ​ជួល​បាន​ឬ​អត់ ព្រោះ​ម្ចាស់ផ្ទះ​ខ្លះ​នឹង​មិន​អនុញ្ញាត​ឱ្យ​អ្នក​ជួល​យក​សត្វ​ចិញ្ចឹម​ចូល​មក​នោះ​ទេ ។ លើស​ពី​នេះ​ទៀត អ្នក​ត្រូវ​ពិនិត្យ​មើល​ការ​ទូទាត់​ប្រាក់​ថា តើ​ការ​ទូទាត់​នេះ​នឹង​ធ្វើ​ឡើង​តាម​វិធី​ណា ហើយ​ថ្ងៃ​ទី​ប៉ុន្មាន​ជា​ថ្ងៃ​ដល់កំណត់​ត្រូវ​បង់ ។ វា​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន ព្រោះ​ជួនកាល​មាន​ថ្លៃ​ពិន័យ​ក្នុង​ករណី​បង់ថ្លៃ​ឈ្នួល​យឺតយ៉ាវ ។

ការ​បន្ត​កិច្ចសន្យា បើសិនជា​អ្នក​នៅ​តែ​ពេញចិត្ត​នឹង​ផ្ទះ​ជួល​នេះ និង​ត្រូវការ​បន្ត​កិច្ចសន្យា​ទៀត​នោះ កុំ​ភ្លេច​ផ្តល់​ដំណឹង​ដល់​ម្ចាស់ផ្ទះ​ជួល​ឱ្យ​បាន​មុន​២-៣​ខែ ដើម្បី​ការពារ​មិន​ឱ្យ​ម្ចាស់ផ្ទះ ជួល​ទៅ​ឱ្យ​អ្នក​ផ្សេង​ទៀត ព្រោះ​ភាគច្រើន​ពេល​ជិត​ដល់​ថ្ងៃ​ចប់​កុងត្រា ម្ចាស់ផ្ទះ​ជួល​តែង​ប្រញាប់​ស្វែងរក​អ្នក​ជួល​ថ្មី​ភ្លាម​ៗ ខណៈ​ដែល​អ្នក​ជួល​ចាស់​ចប់​កុងត្រា ដើម្បី​មិន​ឱ្យ​បាត់បង់​ឱកាស​នៅ​ពេល​ផ្ទះ​ទំនេរ ៕

ប្រភព៖ everyday

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *