សៀរ ឫទ្ធី​៖ ​គោលជំហរ​បី​ធំៗ​ដែល ​អ្នក​អភិវឌ្ឍន៍​គម្រោង​ អចលនទ្រព្យ​ក្នុង​ស្រុក​ មិន​គួរ​មើល​រំលង​


/ អ្នកទស្សនា៖ 228

រាជធានី​ភ្នំពេញ​៖ ​អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​អចលន ទ្រព្យ​​នៅ​កម្ពុជា​ដ៏​ល្បី​ ដែល​កំពុង​កាន់​គម្រោង​ធំ​ៗ​ជា​ច្រើន​នៅ​ក្នុង​ដៃ ​ដូច​ជា The Peak ​អាគារ​កម្ពស់ ​៥៥​ជាន់ ​នៅ​ជាប់​គល់​ស្ពាន​ហង្ស​កោះ​ពេជ្រ ​ក្បែរ​និង​ក្រសួង​បរិស្ថាន ​និង​គម្រោង The Bridge ​កម្ពស់​ ៤៥​ជាន់ ​ដែល​ជា​សំណង់​ដ៏​ប្រណិត​ស្ថិត​នៅ​លើ​តំបន់​កោះ​ពេជ្រ ​និង​ជា​ម្ចាស់​គម្រោង​ផ្នែក​ចលនទ្រព្យ​ធំ​ៗ​ជា​ច្រើន​ទៀត​​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​អះ​អាង​ថា ​ទោះជា​សេដ្ឋកិច្ច​នៅ​កម្ពុជា​មាន​ការ​ប្រែប្រួល ​ប៉ុន្តែ​គម្រោង​ទាំង​អស់​របស់​លោក​គឺ​នៅ​បោះជំហាន​ទៅ​មុខ​ជានិច្ច ​ដរាបណា​ឈរ​លើ​គោលការណ៍​បី​ចំណុច​នេះ​។

​អ្នកឧកញ៉ា សៀរ ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន​ WorldBridge Land Co,.Ltd និង​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ក្នុង​ស្រុក​មួយ​នៃ​ក្រុមហ៊ុន Oxley Worldbridge (Cambodia) Co.,Ltd ជា​មួយ​ក្រុមហ៊ុន​សិង្ហបុរី​បាន​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រវាង​ក្រុមហ៊ុន​របស់​លោក ​និង​ក្រុមហ៊ុន Metro Global ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០១ ​ខែ​កញ្ញា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ថា ​លោក​មាន​គោលជំហរ​ចំនួន​បី​ទៅលើ​ការ​អភិវឌ្ឍន៍​​ផ្នែក​អចលនទ្រព្យ​ ​ដែល​មិន​អាច​ធ្វើ​ឲ្យ​គម្រោង​ទាំងនោះ​ដួល​រលំ​បាន​ឡើយ​។

​គោលជំហរ​ទាំង​បី​នោះ​រួម​មាន​៖ ទី​១-ផ្ដោត​សំខាន់​ទៅលើ​ទីតាំង ទី​២-ទីផ្សារ​អតិថិជន​គោលដៅ ​ទី​៣-​ផែនការ​បន្ទាន់​” ក្នុង​នោះ​លោក​បាន​បកស្រាយ​ផ្អែក​ទៅ​លើ​គម្រោង ​The Peak របស់​លោក​ថា ​ទីតាំង​គឺ​ជា​ចំណុច​ដ៏​សំខាន់​ ដែល​អ្នក​វិនិយោគ​គ្រប់​រូប​ត្រូវ​តែ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់ ​ពុំនោះទេ​ការ​អភិវឌ្ឍន៍​នោះ​ប្រឈម​នឹង​ការ​បរាជ័យ​ច្រើន​។ ​ប៉ុន្តែ​សម្រាប់​គម្រោង​ The Peak គឺ​ឈរ​នៅ​ទីតាំង​មួយ​ដ៏​បំផុត​ហើយ ​សម្រាប់​ការ​រស់​នៅ​បែប​ស៊ីវិល័យ​នៃ​ប្រជាជន​កម្ពុជា​ ស្ថិត​ក្នុង​ជីវភាព​ថ្នាក់​កណ្ដាល​រហូត​ដល់​សេដ្ឋី​ស្រុក​ខ្មែរ ​ព្រោះ​វា​មាន​លក្ខណៈ​ដាច់​ស្រលះ​ពី​ការ​រស់​នៅ​បែប​បុរី ​និង​ផ្ទះល្វែង​។

​​លោក​បាន​បន្ត​ទៀត​ថា ​ទីផ្សារ​អតិថិជន​គោលដៅ ​ក៏​ជា​ចំណុច​សំខាន់​ទីពីរ ដែល​លោក​ត្រូវ​គិត​គូរ​មុន​គេ​ដែរ ​គឺ​ធ្វើ​យ៉ាង​ណា​សមស្រប​តាម​តម្រូវ​ការ​អតិថិជន​ក្នុង​ស្រុក​ជា​សំខាន់ ​ព្រោះ​បច្ចុប្បន្ន​នេះ​អ្នក​ដែល​មាន​សមត្ថភាព​ទិញ​ខុនដូ ​ឬ​ផ្ទះ​បែប​ទំនើប​នេះ ​មាន​ត្រឹមតែ​ពី​៥-១០​ភាគរយ​ប៉ុណ្ណោះ ​ដែល​ពួក​​គាត់​មាន​សមត្ថភាព​ក្នុង​ការ​ជាវ​ ដូច្នេះ​ក្នុង​នាម​ជា​អ្នក​អភិវឌ្ឍន៍​យើង​ត្រូវ​កសាង​នៅ​ទំនិញ​យ៉ាង​ណា​ ដើម្បី​ឲ្យ​អតិថិជន​ក្នុង​ស្រុក​ចាប់​អារម្មណ៍​ច្រើន​ជាង​អតិថិជន​ក្រៅ​ស្រុក​។

អ្នកឧកញ៉ា សៀរ ឫទ្ធី បាន​បន្ត​ថា ​បច្ចុប្បន្ន​គម្រោង The Peak ត្រូវ​លក់​បាន​ច្រើនជាង ៤០​ភាគរយ​ទៅ​លើ​ប្រជាជន​កម្ពុជា ​ក្រៅ​ពី​នោះ​គឺ​ជា​បរទេស។ ​ចំពោះ​ចំណុច​សំខាន់​ចុង​ក្រោយ​នោះ​ បើ​សិន​​ជា​​សេដ្ឋកិច្ច​នៅ​កម្ពុជា​មាន​ការ​ប្រែប្រួល ឬ​អតិថិជន​ក្នុងស្រុក​ធ្លាក់​ចុះ​ក្នុង​ការ​ទិញ​គម្រោង តើ​ត្រូវ​មាន​ផែនការ​បន្ទាន់​ដូច​ម្ដេច​?​ ត្រូវ​ចំណុច​នេះ​ហើយ​ ទើប​ក្រុមហ៊ុន​របស់​លោក​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន Metro Global បន្ថែម​ទៀត ​ដើម្បី​ពង្រឹង​ទៅលើ​ការ​ងារ​គ្រប់គ្រង​ ធ្វើ​យ៉ាងណា​ធ្វើ​ឲ្យ​គម្រោង​របស់​លោក​នីមួយ​ៗ​នៅតែ​មានដំណើរ​ការ​ទៅមុខ​ជានិរន្តរ៍​ផង​ដែរ​។

ជា​មួយ​គ្នា​នោះ​ដែរ​អ្នក​វិនិយោគ​ក្នុង​ស្រុក​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​អំពី​ស្ថាន​សាងសង់​គម្រោង ​The Bridge របស់​លោក ​ដែល​នៅ​លើ​កោះ​ពេជ្រ​នោះ​ផង​ដែរ ​ដោយ​មក​ដល់​ពេល​នេះ ​គម្រោង​នោះ ​សាងសង់​បាន​ចំនួន ៣៦​ជាន់​ហើយ នៅ​ឆ្នាំ​២០១៦​នេះ ​សម្រេច​ដល់​ជាន់​ទី ​៤៥​។ ​គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៨ ​ប៉ុន្តែ​តាម​ការ​ទុក​មុន​របស់​លោក ​គម្រោង​នេះ​អាច​នឹង​បញ្ចប់​មុន​ផែន​ការ ​ព្រោះ​លោក​បាន​បញ្ជាក់​ថា ​ឆ្នាំ​២០១៧​ខាង​មុន​នេះ ​និង​មាន​ការ​ចូល​រស់​នៅ​ជា​បណ្ដើរៗ​ផង​ដែរ​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​អ្នកយកព័ត៌មាន​នៃ​គេហទំព័រ​ព័ត៌មាន Kqube.net ​ក៏​បាន​ជជីក​សួរ​អំពី​គម្រោង​សាងសង់​ផ្ទះ​តម្លៃ​ថោក ​និង​មធ្យម ​ដែល​ជា​គម្រោង​មួយ​លោក​គ្រោង​នឹង​អភិវឌ្ឍន៍​សម្រាប់​ប្រជាជន​កម្ពុជា ​អ្នក​មាន​ចំណូល​ទាប ​និង​មធ្យម​ ដើម្បី​មាន​សមត្ថភាព​ទិញ​ផង​ដែរ​។ ​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា គម្រោង​នោះ​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ​២០១៦​នេះ ​ដែល​មាន​ចម្ងាយ ១៧​គីឡូ​ម៉ែត្រ ពី​ចំណុច​កណ្ដាល​នៃ​ទី​ក្រុង​ភ្នំពេញ​។

គម្រោង​ផ្ទះ​តម្លៃ​ថោក ​និង​មធ្យម​នេះ ​អ្នក​ដែល​មាន​ចំណូល​ចាប់​ពី ២៥០ ទៅ៥០០ដុល្លារ ​នឹង​អាច​ក្លាយ​ជា​ម្ចាស់​លំនៅឋាន​នោះ​បាន​ហើយ ព្រោះ​ផ្ទះ​នោះ​មាន​តម្លៃ​ចាប់​ពី​ ២​ម៉ឺន ៥​ពាន់ ដល់ ៣​ម៉ឺន ៥​ពាន់​ដុល្លារ។ ​អ្នក​ដែល​ចង់​ទិញ​នៅ​គម្រោង​ផ្ទះ​តម្លៃ​ថោក ​និង​មធ្យម​នេះ គ្រាន់​តែ​មាន​ប្រាក់ដើម​ប្រមាណ​ជា ១០​ភាគរយ ​នៃ​តម្លៃ​សរុប​ប៉ុណ្ណោះ​។

​អ្នកឧកញ៉ា សៀរ ឫទ្ធី បាន​បញ្ជាក់​បន្ថែម​ទៅ​លើ​គម្រោង​នេះ​ថា បច្ចុប្បន្ន​លោក​បាន​សិក្សា​ជិត​បញ្ចប់​ហើយ​ នឹង​ក៏​បាន​ត្រៀម​លក្ខណៈ​គ្រប់​គ្រាន់​ហើយ​ទៅ​លើ​ការ​អភិវឌ្ឍន៍​គម្រោង​មួយ​នេះ​ផង​ដែរ ​នៅ​ឡើយ​តែ​រង់ចាំ​បញ្ចប់​ជាមួយ​ខាង​រាជរដ្ឋាភិបាល​តែ​ប៉ុណ្ណោះ ​គម្រោង​នេះ​នឹង​ចាប់​ផ្ដើម​តែ​ម្ដង​។ ​ប៉ុន្តែ​យ៉ាងណា​មិញ​គម្រោង​នេះ មិន​យូរ​ជាង​ចុង​ឆ្នាំ​នេះ ​ឬ​ដើម​ឆ្នាំ​ក្រោយ​នេះ​ឡើយ​។

សូម​បញ្ជាក់​ថា ​មូលហេតុ​ដែល​ក្រុមហ៊ុន Oxley Worldbridge (Cambodia) Co.,Ltd ​ធ្វើ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Metro Global ​គឺ​ដោយ​សារ​តែ​ក្រុមហ៊ុន​មួយ​នេះ ​ជា​ក្រុមហ៊ុន​អន្តរជាតិ​មួយ ​មាន​ទីស្នាក់ការ​ធំ​នៅ​ប្រទេស​សិង្ហបុរី ​និង​មាន​សាខា​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អឺរ៉ុប មជ្ឈិមបូព៌ា និង​អាមេរិក​ខាង​ជើង​ផង​ដែរ​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ក្រុមហ៊ុន Metro Global ​មាន​ការ​វិនិយោគ​លើ​ជំនួញ​ជា​ច្រើន​ផ្នែក ​ដូចជា ​ការ​គ្រប់គ្រង​សណ្ឋាគារ ការ​គ្រប់គ្រង​ទ្រព្យសកម្ម ការ​គ្រប់គ្រង​អចលនទ្រព្យ សេវាកម្ម​បដិសណ្ឋារកិច្ច សេវាកម្ម​ទិញ​លក់ ដំណោះ​ស្រាយ​ផ្នែក​ព័ត៌មាន​វិទ្យា និង​ការ​អប់រំ​ផ្នែក​បដិសណ្ឋារកិច្ច​។ ​ក្នុង​នោះ​ក្រុមហ៊ុន Metro Global ​ក៏​មាន​បទពិសោធន៍​ច្រើន​ជាង​៥០​ឆ្នាំ ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច ​ហើយ​បច្ចុប្បន្ន​នេះ Metro គ្រប់គ្រង​ក្រុមហ៊ុន​ជាង​៤៣៥២ ស្មើ​នឹង​ទ្រព្យសកម្ម​ប្រមាណ​​ជា​១​ពាន់​លាន​ដុល្លារ និង​មាន​គម្រោង​អភិវឌ្ឍ​ជំហាន​ដំបូង​ជា​ច្រើន​ទៀត។ ​ហេតុ​ដូច្នេះ​ហើយ ​ទើប​អ្នក​ឧកញ៉ា សៀរ ឫទ្ធី​ ត្រូវ​ការ​ក្រុមហ៊ុន​នេះ​ជា​ដៃគូ​ ដើម្បី​ជួយ​គ្រប់គ្រង​បន្ត​លើ​គម្រោង​អភិវឌ្ឍន៍​របស់​លោក​នីមួយៗ​៕

hongkong honglong12

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *