ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា កំពុង​កែ​តម្រូវ​ងាក​ទៅ​ រក​អតិថិជន​ជា​អ្នក​មាន ​ប្រាក់​ចំណូល​មធ្យម

/ អ្នកទស្សនា៖ 192

ខណៈ​ការ​ផ្គត់ផ្គង់​បន្ត​កើន​ឡើង​​ ហើយ​អតិថិជន​​កំពុង​រង់ចាំ​មើល​ពី​ស្ថានភាព​នៅ​កម្ពុជា អ្នក​វិនិយោគ​ជា​ច្រើន​បាន​ចាប់​ផ្តើម​កែ​តម្រូវ​ការ​អភិវឌ្ឍរ​បស់​ខ្លួន ដោយ​ងាក​មក​កែ​តម្រូវ​ទីផ្សារ​ដែល​សំដៅ​ដល់​ការ​ផ្គត់ផ្គង់​ដើម្បី​ឆ្លើយតប​ អ្នក​មាន​ប្រាក់​ចំណូល​មធ្យម និង​ក្រោម​មធ្យម។

លោក ជា កុក​ហុង អនុប្រធាន​នាយកដ្ឋាន​ម៉ាក្រូ​សេដ្ឋកិច្ច និង​សារពើពន្ធ នៃ​ក្រសួង​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ពុធ​ថា យោង​តាម​ការសិក្សា​ជាមួយ​ក្រុមហ៊ុន​ធំៗ​ចំនួន​ ៧ បាន​រក​ឃើញ​ថា ការ​លក់​បុរី​បាន​ធ្លាក់​ចុះ​ប្រមាណ ៣០​ភាគរយ និង​ការលក់​ខុន​ដូ​ធ្លាក់​ចុះ​ ៥០ ​ភាគរយ ធៀប​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន ដោយ​សារ​ក្រុម​ហ៊ុន​នានា​បាន​រក​ឃើញ​ថា អ្នកទិញ​ ឬ​អ្នក​ចាប់​អារម្មណ៍​ទាក់ទង​នឹង​បុរី​បាន​ធ្លាក់​ចុះ​ពី​ ៦០ ​នាក់​មក​ត្រឹម​ ៣០ ​នាក់។

លោក​បន្តថា និន្នាការ​នេះ ដោយសារ​បញ្ហា​នយោបាយ និង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ក៏​ជា​ផ្នែក​មួយ​រង​ផល​ប៉ះពាល់​ដល់​វិស័យ​នេះ​ផងដែរ​។នៅពេល​សួរថា តើ​ការ​សិក្សា​លើ​ក្រុមហ៊ុន​មួយ​ចំនួន​តូច​នេះ​អាច​ជឿជាក់​បាន​ឬទេ លោក កុក​ហុង បាន​ថ្លែង​ថា ការ​សិក្សា​របស់​ក្រុមហ៊ុន Night Frank ក្រុមហ៊ុន​ប៊ុណ្ណា និង​ក្រុមហ៊ុន​ដទៃ​ទៀត​ក៏​បាន​រក​ឃើញ​និន្នាការ​ស្រដៀង​គ្នា​នេះ​ដែរ ទើប​នាំ​ឲ្យ​មាន​ការ​សន្និដ្ឋាន​បែប​នេះ ហើយ​ក្រសួង​មិន​ទាន់​មាន​ទិន្នន័យ​ទាំងមូល​ក្នុង​វិស័យ​នេះ ដើម្បី​ធ្វើការ​វិភាគ​នៅ​ឡើយទេ។

លោក​បាន​ថ្លែងបន្ត​ ដោយ​និយាយ​​សម្រាល​ស្ថានការណ៍​នេះ​ថា​ ៖ «​តម្រូវ​ការ​មើល​ទៅ​ឃើញ​ថយ​ចុះ ដោយសារ​អ្នក​លក់​មាន​ច្រើន​ដែល​ពីមុន​មាន​អ្នក​លក់​ម្នាក់ អាច​លក់​ផ្ទះ​បុរី​បាន ១០០ ​ផ្ទះ តែ​ពេលនេះ​អ្នកលក់​កើន​ឡើង​ដល់​ ៤ ​ទៅ​ ៥ នាក់ ហើយ​ពួកគេ​លក់​ផ្ទះ​បាន​ ៣០ ​ទៅ​ ៤០ ​ល្វែង»។លោក​បន្តថា ​៖ «​ពេលនេះ​អ្នក​ទិញ​មួយ​ចំនួន​កំពុង​រង់ចាំ​មើល ហើយ​អ្នក​ផ្គត់ផ្គង់​ភាគ​ច្រើន​បាន​ពន្យារ​ពេល​គម្រោង​របស់​ពួក​គេ ហើយ​ពួកគេ​កាត់​បន្ថយ​សកម្មភាព​វិនិយោគ​របស់​ពួកគេ»។

លោក កុក​ហុង បាន​បន្តថា ហានិភ័យ​នៃ​ការផ្គត់ផ្គង់​លើស ត្រូវ​បាន​កាត់​បន្ថយ ដោយសារ​ទីផ្សារ​ស្ថិតក្នុង​ដំណាក់​កាល​ទាំង​បរិមាណ និង​តម្លៃ​ហើយ​ក៏​មាន​ការ​​រំពឹង​ទុក​​ពី​កំណើន​អ្នក​មាន​ប្រាក់​ចំណូល​ មធ្យម នឹង​បន្ត​គាំទ្រ​វិស័យ​អចលនទ្រព្យ​សម្រាប់​រយៈពេល​មធ្យម​នៅ​ពេល​ខាង​មុខ​ដែរ ​។

ទោះ​ជា​​យ៉ាងណា​ការសិក្សា​របស់​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​រក​ឃើញ​ផង​ដែរ​ថា ការ​ថយ​ចុះ​សកម្មភាព​អចលនទ្រព្យ និង​វិធានការ​របស់​ធនាគារ​ជាតិ ដូចជា​ការ​ដំឡើង​អនុបាត​សន្ទនីយ​ភាព និង​ការ​ដំឡើង​ទុន​អប្បបរមា នឹង​ធ្វើ​ឲ្យ​កំណើន​ឥណទាន​ថមថយ​សម្រាប់​រយៈពេល​មធ្យម​ខាង​មុខ។ សូចនាករ​បានបង្ហាញ​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​វិស័យ​ធនាគារ នៅ​មាន​កម្រិត​ខ្ពស់​ជាង​កម្រិត​តម្រូវការ​អប្បបរមា។

លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា រដ្ឋាភិបាល​កំពុង​រៀប​ចំ​គោល​នយោបាយ​លំនៅឋាន​សម្រាប់​ប្រជាពលរដ្ឋ​ដែល​អាច​ មាន​លទ្ធភាព​ទិញ​បាន (afford housing) ដែល​ជា​សក្តានុពល​ជំរុញ​ឲ្យ​​​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​មធ្យម​អាច​មាន​ លទ្ធភាព​ទិញ​​បាន​និង​ធ្វើ​ឲ្យ​វិស័យ​នេះ​មាន​ស្ថិរ-ភាព។លោក​បន្តថា តម្រូវ​ការ​អចលនទ្រព្យ​ថមថយ ខណៈ​តម្រូវ​ការ​នៅ​រយៈពេល​ពីរ​ទៅ​បី​ឆ្នាំ​ខាង​មុខ​កើន​ឡើង ដូច្នេះ​រវាង​ការ​ផ្គត់ផ្គង់ និង​តម្រូវ​ការ​ជួប​គ្នា ដែល​វា​នឹង​​កាត់​បន្ថយ​ហានិភ័យ​នៅ​ក្នុង​វិស័យ​នេះ។

លោក​បន្តថា​ ៖ «​តម្លៃ​អចលនទ្រព្យ​ថយចុះ ខណៈ​ឥណទាន​ពី​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ​ថមថយ ដូច្នេះ​ហានិភ័យ​នៃ​ការ​ជាប់​គាំង​នៅក្នុង​វិស័យ​នេះ​ត្រូវ​បាន​កាត់​ បន្ថយ»។

លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​ទទួល​ស្គាល់​ថា ការ​លក់​ផ្ទះ​នៅ​តាម​បុរី​នានា​ពិត​ជា​បាន​ធ្លាក់​ចុះ ប៉ុន្តែ​លោក​មិន​អាច​សន្និដ្ឋាន​ថា ​ការ​ធ្លាក់​ចុះ​ស្ថិត​ក្នុង​​កម្រិត​ប៉ុណ្ណា​នោះ​ទេ។ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Hutton CPL បាន​ថ្លែង​ថា ការ​លក់​ខុន​ដូ​ ឬ​បុរី​នានា​មិន​ធ្លាក់​ចុះ​នោះទេ ឲ្យ​តែ​គម្រោង​អភិវឌ្ឍន៍​នោះ​មាន​គុណ​ភាព ហើយ​អ្នក​អភិវឌ្ឍន៍​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បញ្ចប់​គម្រោង​ របស់​ពួកគេ​តាម​ផែនការ​។

លោក​បាន​ជំរុញ​ឲ្យ​​អ្នក​ផ្សព្វផ្សាយ​និយាយ​ល្អៗ​ពី​វិស័យ​នេះ ដោយ​លោក​លើក​ឡើង​ថា ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​កម្ពុជា​ចំណាយ​ពេល​ជាង​ ៣០ ​ឆ្នាំ ទើប​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ធំៗ​មក​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា។លោក​បន្តថា​ ៖ «​ទីក្រុង​ភ្នំពេញ កន្លែង​ណា​ក៏​មាន​ការ​សាងសង់​អគារ​​ខ្ពស់ៗ ប៉ុន្តែ​បើ​ធៀប​ប្រទេស​ជិត​ខាង​កម្ពុជា ចំនួន​អគារ​កប់​ពពក​នៅ​កម្ពុជា មិន​ស្មើ​នឹង​ផ្លូវ​មួយ​នៅ​ប្រទេស​គេ​ផង ដូច្នេះ​វា​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ»។

អគ្គនាយក​ក្រុមហ៊ុន FURI Real Estate លោក លី សែន​លាភ បាន​ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​ថា ការ​លក់​ខុន​ដូ​មិនបាន​ធ្លាក់ចុះ​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​របស់​លោក​នៅ​តែ​លក់​ដាច់ ហើយ​លក់​ដាច់​ច្រើន​ជាង​ឆ្នាំមុន​ទៀត​ផង ឲ្យ​តែ​គម្រោង​ខុន​ដូ​នោះ​ស្ថិត​នៅ​ទីតាំង​ល្អ មាន​ការ​ឌីហ្សាញ​អគារ​​ទាក់​ទាញ មាន​ការ​បំពាក់​សម្ភារៈ​បរិក្ខារ​ប្រើ​ប្រាស់​គ្រប់គ្រាន់ និង​មានការ​គ្រប់​គ្រង​ច្បាស់លាស់​ប្រកប​ដោយ​គុណភាព​៕

ប្រភព៖ postkhmer

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *