ប្រលង​ឌីប្លូម​​បញ្ចប់​ដោយ​ ស្ងប់​ស្ងាត់ ឯ​បេក្ខជន​សង្ឃឹម​ជាប់​ច្រើន​ (មានវីដេអូ)

/ អ្នកទស្សនា៖ 160

ដំណើរ​​ការ​នៃ​ការ​ប្រលង​សញ្ញបត្រ​​មធ្យម​សិក្សា​បឋម​ភូមិ​ រយៈ​ពេល​ពីរ​ថ្ងៃ​​ គឺ​ថ្ងៃ​ទី​៨​ដល់​ថ្ងៃ​ទី​៩​សីហា​ម្សិល​មិញ​នេះ បាន​បញ្ចប់​ទៅ​ដោយ​រលូន​ និង​របៀប​រៀប​រយ​ល្អ។ ដោយ​ឡែក ​​ការ​ប្រលង​​ឌីប្លូម​ (ថ្នាក់​ទី​៩) ទូទាំង​ប្រទេស​ឆ្នាំ​នេះ បេក្ខជន​​​​​មាន​ក្ដី​សង្ឃឹម​ច្រើន​​លើ​ការ​ប្រលង​របស់​ពួក​គេ។

ភាពស្ងប់ស្ងាត់-03
ទិដ្ឋភាព​មុខ​វិទ្យាល័យ​ឥន្ទ្រទេវី ពេល​ប្រលង​កាល​ពី​ម្សិលមិញ

​ទៅ​ស្ដាប់​​យុវជន​ពីរ​នាក់ ដែល​ជា​បេក្ខជន​ប្រលង​​នៅ​អនុវិទ្យាល័យ​​ចតុមុខ​ គឺ​យុវតី ចៅ សុធី​រាជ​ននី​នាថ និង​យុវជន​ កុសល​ ហ្វីហ្គោ បាន​​ប្រាប់​ថា​ នៅ​​ក្នុង​ការ​ប្រលង​ ពួក​គេ​បាន​ធ្វើ​ពេញ​ៗ គ្រប់​មុខ​វិជ្ជា​ទាំង​អស់​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​​សប្បាយ​ចិត្ត​និង​សង្ឃឹម​ច្រើន​ ដោយ​គិត​ជា​ភាគ​រយ​ គឺ​៨០​ដល់​៩០​ភាគ​រយ។

“ខ្ញុំ​សង្ឃឹម​៨០ (ភាគ​រយ) “នេះ​ជា​ការ​លើក​ឡើង​របស់​យុវជន ហ្វីហ្គោ។ រី​ឯ​​កញ្ញា​សុធី​រាជ​ននី​នាថ​បាន​ប្រាប់​ថា៖ “…ខ្ញុំ​សង្ឃឹម​ប្រហែល​ជា​៩០…ខ្ទង់​៩០​ដែរ ព្រោះ​ថា​ខ្ញុំ​មាន​ទំនុក​ចិត្ត​ក្នុង​ខ្លួន​ឯង​ ហើយ​ខ្ញុំ​​ចាប់​ផ្ដើម​រៀន​ត្រៀម​ប្រលង​ហ្នឹង​តាំង​ពី​ថ្ងៃ​ទី​​១៩ ខែ​៧ ចឹង​ទៅ​ខ្ញុំ​រៀន​បាន​ច្រើន​ដែរ។ ខ្ញុំ​គិត​ថា​ខ្ញុំ​ធ្វើ​បាន​ល្អ​ “។

ងាក​ទៅ​ស្ដាប់​យុវជន​ពីរ​នាក់​ទៀត ដែល​បាន​ប្រលង​នៅ​​អនុវិទ្យាល័យ​ចតុ​មុខ​ដែរ​នោះ គឺ​​យុវសិស្ស​ សាក់​ ជេដ្ឋាពុធកញ្ញានាគ និង​យុវជន​ ជួន សុចិត្រា បាន​ប្រាប់​ថា​​មាន​មុខ​វិជ្ជា​ខ្លះ​ៗ​​ពិបាក​​​សម្រាប់​ពួក​គេ​ដូច​ជា ផែនដី​វិទ្យា​ រូបវិទ្យា​ គីមី​វិទ្យា​ជា​ដើម​ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ពួក​គេ​​ជឿ​ជាក់​និង​សង្ឃឹម​ច្រើន​លើ​ការ​ប្រលង​របស់​ពួក​គេ។យុវសិស្ស​ សាក់​ ជេដ្ឋាពុធកញ្ញានាគ៖ ” ខ្ញុំ​សង្ឃឹម​៧០​ភាគ​រយ” ។ ចំណែក​យុវជន​ ជួន សុចិត្រា ប្រាប់​ថា៖ ​”សង្ឃឹម​ច្រើន​៧០​(ភាគ​រយ)ដែរ “។

គួរ​រំលឹក​ផង​ដែរ ការ​ប្រឡង​​សញ្ញាបត្រ​មធ្យម​សិក្សា​បឋមសិក្សា​ប្រព្រឹត្ត​ទៅ ២​ថ្ងៃ គឺ​ថ្ងៃ​ទី៨ និង​ថ្ងៃ​ទី៩ ខែ​សីហា ​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​១៥៤ ៥៤២នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៦៣០មណ្ឌល​ទូទាំង​ប្រទេស ។ មុខ​វិជ្ជា​ប្រឡង​មាន​ចំនួន ១០មុខវិជ្ជា ត្រូវជា ១១ វិញ្ញាសា រួមមាន ១.តែង​សេចក្ដី ២.គីមីវិទ្យា ៣.ផែនដី និង​បរិស្ថានវិទ្យា ៤.រូបវិទ្យា ៥.ភូមិវិទ្យា ៦.សីលធម៌-ពលរដ្ឋវិជ្ជា ៧.គណិតវិទ្យា ៨.ការ​សរសេរ​តាមអាន ៩. ជីវវិទ្យា ១០.ប្រវត្តិវិទ្យា និង ១១.ភាសាបរទេស៕

 

អត្ថបទ​៖ មាន រតនា
ប្រភព៖ sabay

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *