ស្វែង​យល់​អំពី​ជំងឺ ​ឫសដូងបាត​គឺជា​បញ្ហា​ ផ្នែក​ក្រសាល់គូទ

/ អ្នកទស្សនា៖ 481

១-​អ្វី​ទៅ​ជា​ជំងឺ​ឫសដូងបាត ?៖ឫសដូងបាត គឺជា​ជំងឺ​ដែល​កើតឡើង​ដោយសារ​ការ​រីក​ប៉ោង​នៃ​សរសៃឈាម ដែល​មាននៅ​ជុំវិញ​ក្រសាល់គូទ ។ គេ​សង្កេត​ឃើញ​ថា ជំងឺ​ឫសដូងបាត​ជា​មូលហេតុ​ចម្បង​ទី​១ ដែល​នាំ​ឲ្យ​អ្នកជំងឺ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ចំពោះ​បញ្ហា​ផ្នែក​ក្រសាល់​គូថ ។ ជំងឺ​ឫសដូងបាត​នេះ​មិន​អាច​វិវត្តន៍​ទៅ​ជា​ជំងឺមហារីក​បាន​ទេ ។

២-​តើ​ជំងឺ​ឫសដូងបាត​មាន​ប៉ុន្មាន​ប្រភេទ ?៖ជំងឺ​ឫសដូងបាត​មាន​២​ប្រភេទ​គឺ​៖

-​ឫសដូងបាត​ក្នុង​: ជា​ជំងឺ​ដែល​កើតឡើង​លើ​សរសៃឈាម​ឫសដូងបាត​ខាងក្នុង​រន្ធ​គូថ

-​ឫសដូងបាត​ក្រៅ​: ជា​ជំងឺ​ដែល​កើតឡើង​លើ​សរសៃឈាម​ឫសដូងបាត​នៅ​ខាងក្រៅ​រន្ធ​គូថ

៣-​តើ​កត្តា​អ្វីខ្លះ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​ឫសដូងបាត ?៖មាន​កត្តា​ជា​ច្រើន​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​នេះ​កើតឡើង​ដែល​មាន​ដូច​ជា​៖

-​បញ្ហា​នៃ​ការ​បន្ទោបង់​លាមក​: ការ​ទល់លាមក​ជា​ញឹកញាប់ ឬ​ការ​រាក​ខ្លាំង

-​ស្ត្រី​មានគភ៌ និង​ស្ត្រី​ក្រោយ​សម្រាល

-​បញ្ហា​សាច់ដុំ​នៅ​អាង​ត្រគាក ឬ​ទាច​ទឹក ដែល​ធ្វើ​ឲ្យ​មាន​សំពាធ​ខ្លាំង​ទៅ​លើ​សរសៃឈាម​ឫសដូង

៤-​តើ​ជំងឺ​ឫសដូងបាត​មាន​រោគ​សញ្ញា​អ្វីខ្លះ ? ៖អ្នកជំងឺ​អាច​មាន​រោគ​សញ្ញា​ដូច​ជា បន្ទោបង់​លាមក​មាន​ឈាម លៀន​ឫសដូង​ចេញ​មក​ក្រៅ ការ​ឈឺចាប់​នៅ​ក្រសាល់​គូថ ។

ក​-​ចំពោះ​ឫសដូងបាត​ខាងក្នុង​មាន​រោគ​សញ្ញា​ជា​៤​ដំណាក់កាល​៖

-​ដំណាក់កាល​ទី​១: អ្នកជំងឺ​បន្ទោបង់​លាមក​មាន​ឈាមក្រហម​ស្រស់

-​ដំណាក់កាល​ទី​២: ពេល​បន្ទោបង់ អ្នកជំងឺ​មាន​អារម្មណ៍​ថា​មាន​អ្វី​លៀន​ចេញ​មក​ក្រៅ តែ​ចូល​វិញ​ដោយ​ខ្លួនឯង

-​ដំណាក់កាល​ទី​៣: ពេល​បន្ទោបង់ អ្នកជំងឺ​មាន​អារម្មណ៍​ថា​មាន​អ្វី​លៀន​ចេញ​មក​ក្រៅ តែ​ចូល​វិញ​ដោយ​យកដៃ​ជួយ​រុញ​បញ្ចូល

-​ដំណាក់កាល​ទី​៤: អ្នកជំងឺ​មាន​អារម្មណ៍​ថា​មាន​អ្វី​លៀន​ចេញ​មក​ក្រៅ ដោយ​មិន​ចូល​វិញ​ទេ ទោះបី​រុញ​ក៏​ដោយ ។

ខ​-​ចំពោះ​ឫសដូងបាត​ក្រៅ​៖ អ្នកជំងឺ​មាន​អារម្មណ៍​ថា មាន​ដុំ​មួយ​ឬ​ច្រើន​នៅ​ក្រសាល់​គូថ ដែល​ដុំ​នោះ​មានការ​ឈឺចាប់​ខ្លាំង ហើយ​អាច​មាន​ឈាម​នៅ​ពេល​ដែល​ដុំ​នោះ​បែក ។ ចំពោះ​រោគ​សញ្ញា​នេះ យើង​ត្រូវ​ប្រយ័ត្ន​ជាមួយនឹង​ជំងឺ​បូស​នៅ​ជុំវិញ​រន្ធ​គូថ ។

សម្គាល់​៖ ការ​បន្ទោបង់​លាមក​មាន​ឈាម មិនមែន​សុទ្ធតែ​បណ្តាល​មក​ពី​ជំងឺ​ឫសដូងបាត​ទេ គឺ​អាច​មាន​បញ្ហា​នៅ​ពោះវៀនធំ​ដូច​ជា មហារីក​ពោះវៀនធំ ឬ​ដំបៅ​នៅ​ពោះវៀនធំ ដូចនេះ​អ្នកជំងឺ​ត្រូវ​មក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ដើម្បី​ ធ្វើការ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ។

៥-​តើ​មាន​វិធី​អ្វីខ្លះ​ដើម្បី​ព្យាបាល​ជំងឺ​ឫសដូងបាត ?

ក​-​ចំពោះ​បញ្ហា​ឫសដូងបាត​ខាងក្រៅ​៖ អ្នកជំងឺ​អាច​ត្រូវ​បាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​គ្រាប់​បំបាត់​ហើម និង​បំបាត់​ការ​ឈឺចាប់​រួម​ទាំង​ថ្នាំ​បន្ទន់​លាមក ក្នុង​ពេល​ជាមួយ​គ្នា​នោះ​អ្នកជំងឺ​អាច​ប្រើ​ក្រែ​ម (Crème) សម្រាប់​លាប​លើ​ដុំ​នោះ​។ ពេល​ខ្លះ​គ្រូពេទ្យ​អាច​ធ្វើការ​កាត់​យក​កំណក​ឈាម​នៃ​ឫសដូង​ក្រៅ​នោះ​ចេញ បើសិនជា​ដុំ​ឫសដូងបាត​ក្រៅ​មិន​ហើម​ខ្លាំង ហើយ​មាន​តែ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​បាន​ធូរស្បើយ​ពី​ការ​ឈឺចាប់​ភ្លាម​ៗ ។

ខ​-​ចំពោះ​បញ្ហា​ឫសដូងបាត​ក្នុង​៖ ការ​ព្យាបាល​ចម្បង គឺ​ការ​ព្យាបាល​ទៅ​លើ​បញ្ហា​បន្ទោបង់​លាមក​មាន​ដូច​ជា​ការ​ទល់លាមក​ឬ​ការ​ រាក ។ មាន​ឧបករណ៍​៣​យ៉ាង ដែល​អាច​ព្យាបាល​ជំងឺ​ឫសដូងបាត​មាន​ដូច​ជា​៖

-​ការ​ដុត​កំ​ដៅ​(Infrarouge photocoagulation)

-​ការ​ចាក់​(Sclérothérapie)

-​ការ​ចង (Ligature)

ការ​ព្យាបាល​ដោយ​ឧបករណ៍ អាច​អាស្រ័យ​ទៅ​លើ​ដំណាក់កាល​របស់​រោគ​សញ្ញា​ឫសដូងបាត​៖ ដំណាក់កាល​ទី​១: អាច​ព្យាបាល​ដោយ​ការ​ដុត​កំ​ដៅ​ឬ​ការ​ចាក់​, ដំណាក់កាល​ទី​២ និង​ទី​៣: អាច​ព្យាបាល​ដោយ​ការ​ចង​, ចំពោះ​ការ​វះកាត់​ឫសដូងបាត គឺ​ធ្វើ​ឡើង​ចំពោះ​ឫសដូងបាត​នៅ​កម្រិត​ទី​៤ ឬ​ឫសដូងបាត​ដែល​បរាជ័យ​ក្នុង​ការ​ព្យាបាល​ដោយ​ឧបករណ៍​ទាំង​៣​ខាងលើ ។

៦-​តើ​មាន​វិធី​អ្វីខ្លះ​ដែល​អាច​បង្ការ​ជំងឺ​ឫសដូងបាត ?៖កត្តា​មួយ​ចំនួន​ដែល​អាច​ការពារ​ជំងឺ​ឫសដូងបាត​មាន​ដូច​ជា​៖

-​អ្នកជំងឺ​ត្រូវ​ពិសា​បន្លែ និង​ពិសា​ទឹក​ឲ្យ​បាន​ច្រើន

-​លំ​ហាត់ប្រាណ​ជា​ប្រចាំ

-​មិន​ត្រូវ​បន្ទោបង់​លាមក​ដោយ​ប្រើ​រយៈពេល​យូរ

-​មិន​ត្រូវ​ប្រឹង​ខ្លាំង​ពេល​បន្ទោបង់

*​បញ្ជាក់ ៖ ជំងឺ​ឫសដូងបាត មិនមែន​ជា​ជំងឺ​កាច​សាហាវ​ទេ វា​គ្រាន់តែ​រំខាន​ដល់​អ្នកជំងឺ ប៉ុន្តែ​អ្នកជំងឺ​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ឲ្យ​បាន​ ត្រឹមត្រូវ ដើម្បី​បញ្ជាក់​ថា​ពិតជា​ជំងឺ​ឫសដូងបាត​មែន ហើយ​ការ​ព្យាបាល​ទៀត​សោត​ត្រូវ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ក្រោយ​ព្យាបាល ដូច​ជា​ការ​ព្យាបាល​ដោយ​ការ​ចាក់ បើសិនជា​ព្យាបាល​មិន​ត្រឹមត្រូវ​ទេ​អ្នកជំងឺ​អាច​មាន​ដំបៅ​នៅ​រន្ធ​គូថ ឬ​អាច​ត្បៀត​ក្រសាល់​គូថ​ដែល​ជា​បញ្ហា​ធ្ងន់ធ្ងរ​។ «​ព្យាបាល​ទាន់​ពេលវេលា ដោយ​គ្រូពេទ្យ​ជំនាញ នាំ​មក​នូវ​ការ​សះស្បើយ​ឆាប់រហ័ស​»៕

ប្រភព៖ everyday

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *